ជាតិ
លោកស្រី ឆាយ ស៊ីវលីន ស្នើរដ្ឋាភិបាលទម្លាក់កម្ចីដល់សហគមន៍ទូកទេសចរណ៍
29, Jul 2022 , 9:59 pm        
រូបភាព
រូបភាពលោកស្រី ឆាយ ស៊ីវលីន ប្រធានសមគមទេសចរណ៍កម្ពុជា ។ រូបភាពពីហ្វេសប៊ុកលោកស្រី
រូបភាពលោកស្រី ឆាយ ស៊ីវលីន ប្រធានសមគមទេសចរណ៍កម្ពុជា ។ រូបភាពពីហ្វេសប៊ុកលោកស្រី
ដោយ:
ភ្នំពេញ៖ ការជិះទូកនៅតំបន់ទន្លេសាប​ ជាផលិតផលទេសចរណ៍សំខាន់មួយ ទាក់ចិត្តភ្ញៀវជាតិ និងអន្តរជាតិ។​ប៉ុន្តែទូកចាស់ និងសម្ភារៈចាស់បានរំខានអារម្មណ៍ភ្ញៀវទាំងនោះ។


លោកស្រី ឆាយ ស៊ីវលីនប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) ស្នើរដ្ឋាភិបាលទម្លាក់កម្ចីដល់សហគមន៍ទូកទេសចរណ៍ ដើម្បីឱ្យពួកគេអាចផ្ដល់សេវាកម្មដែលមានផាសុកភាព។ការជិះទូកនៅបឹងទន្លេសាបឬតំបន់ព្រៃលិចទឹក ជាសកម្មភាពទេសចរណ៍មួយដែលមានភាពទាក់ទាញយ៉ាងខ្លាំង ទេសចរអាចមើលឃើញជីវភាពរស់នៅរបស់ប្រជាជននៅជាប់បឹងទន្លេសាបហើយបន្តដំណើរបន្តិចទៀតអ្នកទេសចរនឹងឃើញព្រៃលិចទឹក និងសម្រស់ផ្ទៃទឹកដាច់កន្ទុយភ្នែក។ប៉ុន្តែមុននឹងបានទៅដល់ទេសចរត្រូវទ្រាំនឹងសំឡេងម៉ាស៊ីនទូកដែលលាន់ឮរំពង។ចំណែកកន្លែងអង្គុយ ក៏មិនសូវមានផាសុកភាព ព្រោះកៅអីទាំងនោះមាន​សភាពចាស់ៗ។ 
 
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា(CATA) បានឮពាក្យរិះគន់ពីទេសចរយ៉ាងញឹកញយជុំវិញសេវាកម្មទូកទេសចរណ៍។ ទេសចរជាតិ និងអន្តរជាតិទាំងនោះញញើតនឹងការពាក់អាវពោងដែលចាស់។សំឡេងម៉ាស៊ីនទូកមិនអាចឱ្យពួកគេស្ដាប់ការរៀបរាប់របស់មគ្គទេសក៍ទេសចរ។
 
កម្លាំងម៉ាស៊ីនបានបាចទឹកដាក់ពួកគេផងដែរ។បញ្ហាទាំងនោះបានធ្វើឱ្យទេសចរមួយចំនួនជិនណាយក្នុងការប្រើប្រាស់សេវាទូកទេសចរណ៍។បើតាមលោកស្រី ឆាយ ស៊ីវលីនសហគមន៍ទូកទេសចរណ៍ ឬអ្នករកស៊ីដឹកទេសចរដោយទូក​ មិនមានលទ្ធភាពផ្លាស់ប្ដូរសម្ភារៈល្អៗសម្រាប់ផ្ដល់សេវាកម្មដែលមានផាសុកភាពដល់ភ្ញៀវទេសចរនោះទេ។ពួកគេបានបាត់ចំណូលជាង២ឆ្នាំដោយសារជំងឺកូវីដ-១៩ហើយសេវាកម្មទូកទេសចរណ៍ក៏មិនមានតម្លៃថ្លៃនោះដែរ។
  

រូបភាពពី ហ្វេសប៊ុកលោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា

ជុំវិញបញ្ហានេះ ប្រធានCATA ស្នើរដ្ឋាភិបាលគិតគូរផ្ដល់ប្រាក់កម្ចីដល់សហគមន៍ទូកទេសចរណ៍ទាំងនោះជាពិសេសក្នុងខេត្តសៀមរាប។ «រដ្ឋគួរបែកចែកកម្ចីឬទម្លាក់ថវិកាបន្ថែមឱ្យទៅសហគមន៍ទូកទេសចរណ៍សម្រាប់ឱ្យគាត់បែងចែកទៅតាមទូកនីមួយៗ។បើដាក់ពាក្យកម្ចីទៅឯកជន គេពិបាកព្រោះទំហំកម្ចីតូច។ ខ្ញុំធ្លាប់ទៅស្រុកគេទូកចាស់ៗគេដូរចេញអស់ហើយ។ កម្ចីត្រឹមទូកមួយ ១ពាន់ដុល្លារពួកគាត់អាចដូរសម្ភារៈល្អៗបានហើយ»។នេះជាការបញ្ជាក់របស់អ្នកជំនាញទេសចរណ៍រូបនេះ។

ការផ្ដល់សេវាកម្មទូកទេសចរណ៍ល្អនឹងរួមចំណែកទាក់ទាញភ្ញៀវអន្តរជាតិឱ្យចំណាយពេលវេលានិងថវិកាច្រើនក្នុងប្រទេសកម្ពុជា។លើសពីនេះទេសចរជាតិកាន់តែច្រើននឹងបានឃើញសម្រស់តំបន់ទេសចរណ៍ក្នុងស្រុក ជាជាងចំណាយថវិកាដើរកម្សាន្តនៅបរទេស។ 
 
សូមជម្រាបដែរថារដ្ឋាភិបាលកម្ពុជាសម្រេចអនុវត្តកម្ចី សហហិរញ្ញាប្បទានទឹកប្រាក់១៥០លានដុល្លារសម្រាប់ស្ដារវិស័យទេសចរណ៍។ កម្ចីនេះផ្ដោតលើ សេវាស្នាក់នៅអាហារដ្ឋាន​​ និងអ្នកផ្គត់ផ្គង់ផលិតផលទេសចរណ៍។ ប៉ុន្តែលោកស្រី ឆាយ ស៊ីវលីន ថាទំហំកម្ចីនេះនៅតិចតួចដែលពិបាកនឹងចែកទៅកាន់សហគមន៍ទូកទេសចរណ៍៕
 
 
 
 

Tag:
 ThmeyThmey25
  ទូកទេសចរណ៍
  ឆាយ ស៊ីវលីន
© រក្សាសិទ្ធិដោយ thmeythmey.com