ជាតិ
លោក សុខ ទូច៖ ៥ឆ្នាំកន្លងមកនេះ ខ្ញុំស្ទើរគ្មានពេលសម្រាប់ខ្លួនឯង ដើម្បីឲ្យស្ថាប័នមានដំណើរការ
29, Jul 2022 , 5:54 pm        
រូបភាព
ដោយ: ថ្មីៗ
លោក សុខ ទូច នាថ្ងៃទី២៩ ខែកក្កដា នេះ បានបង្ហោះសាររំលឹកខួប៥ឆ្នាំ ក្នុងនាមលោកជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា។ លោកទទួលបានការតែងតាំងកាលពីថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០១៧ តាមរយៈព្រះរាជក្រឹត្យ ដែលចុះហត្ថលេខាដោយសម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី។
 
«ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ខ្ញុំបាទ ទទួលបានគ្រប់រសជាតិ គឺស្ទើរតែគ្មានពេលវេលាសម្រាប់ខ្លួនឯង គឺដើម្បីឱ្យស្ថាប័នមានដំណើរការ»។ នេះជាការលើកឡើងរបស់លោក សុខ ទូច នៅលើហ្វេសប៊ុកផ្លូវការរបស់ខ្លួន។ 
 
ជាមួយនឹងសំណេររបស់ខ្លួន បណ្ឌិត សុខ ទូច បានភ្ជាប់រូបថតអនុស្សាវរីយ៍ផ្សេងៗជាង៣០សន្លឹក។ លោកបានសរសេរបន្ថែមលើសំណើររបស់ខ្លួនថា ឋានៈ តួនាទី ដែលលោកទទួលបានមិនមែនជាលាភសក្ការៈឬជាគ្រឿងលម្អនោះឡើយ តែវាជាអម្រែក។
 
លោក សុខ ទូច បានឡើងតំណែងពីអនុប្រធានទៅជាប្រធានរាជបណ្ឌិត្យសភាកម្ពុជាផ្លូវការកាលពីខែសីហា ឆ្នាំ២០១៧ បន្តពីលោកស្រី ខ្លូត ធីតា។ ក្នុងតំណែងនេះ លោក សុខ ទូច ដែលមានគោរមងារជាបណ្ឌិតសភាចារ្យ ទទួលបានឋានៈស្មើរដ្ឋមន្ត្រី៕
 
 

Tag:
 សុខ ទូច
© រក្សាសិទ្ធិដោយ thmeythmey.com