ជាតិ
កម្ពុជា ក្លាយជាប្រធានក្រុមប្រឹក្សា PEMSEA ក្នុងការគ្រប់គ្រងបរិស្ថាននៅសមុទ្រអាស៊ីបូព៌ា
30, Jul 2022 , 11:54 am        
រូបភាព
និមិត្តសញ្ញា និងទិសដៅការងារ របស់អង្គការអន្តរជាតិភាពជាដៃគូ ក្នុងការគ្រប់គ្រងបរិស្ថាននៅសមុទ្រអាស៊ីបូព៌ា (PEMSEA)។ រូបភាពពីគេហទំព័រ PEMSEA។
និមិត្តសញ្ញា និងទិសដៅការងារ របស់អង្គការអន្តរជាតិភាពជាដៃគូ ក្នុងការគ្រប់គ្រងបរិស្ថាននៅសមុទ្រអាស៊ីបូព៌ា (PEMSEA)។ រូបភាពពីគេហទំព័រ PEMSEA។
ភ្នំពេញ៖ អង្គការអន្តរជាតិភាពជាដៃគូ ក្នុងការគ្រប់គ្រងបរិស្ថាននៅសមុទ្រអាស៊ីបូព៌ា (PEMSEA) បានសម្រេចឯកភាពជ្រើសរើស លោក វ៉ាន់ មុនីនាថ អគ្គនាយកគោលនយោបាយនិងយុទ្ធសាស្រ្ត នៃក្រសួងបរិស្ថាន ឱ្យកាន់តំណែង ជាប្រធានក្រុមប្រឹក្សាអង្គការ PEMSEA ។ តំណែងជាប្រធានក្រុមប្រឹក្សា អង្គការ PEMSEA មានរយៈពេល៣ឆ្នាំ (១អាណត្តិ) ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥។

លោក វ៉ាន់ មុនីនាថ បានចូលស្បថឡើងកាន់តំណែងប្រធានក្រុមប្រឹក្សាអង្គការ PEMSEA នៅថ្ងៃទី២៧កក្កដា ឆ្នាំ២០២២ តាមប្រព័ន្ធទំនាក់ទំនង ZOOM។ ក្នុងពិធីសច្ចានោះ ក៏មានការចូលរួមពីបណ្តារដ្ឋសមាជិក មិនមែនសមាជិក អង្គការដៃគូអន្តរជាតិ និងស្ថាប័នគ្រឹះស្ថានស្រាវជ្រាវពាក់ព័ន្ធ សរុបចំនួនជាង៥០នាក់ ក៏បានចូលរួមផងដែរ។ 
 
តាមរយៈការឡើងកាន់តំណែងនេះ លោក វ៉ាន់ មុនីនាថ សម្ដែងភាពរីករាយ ក្នុងការធ្វើការជាមួយក្រុមការងារ PEMSEA។ លោកក៏បានប្ដេជ្ញាខិតខំ អនុវត្តតួនាទី និងភារកិច្ចខ្លួន ដើម្បីបន្តបេសកកម្មថែរក្សាធនធានតំបន់ឆ្នេរ មហាសមុទ្រ សហគមន៍ និងសេដ្ឋកិច្ច ដែលស្ថិតនៅក្នុងតំបន់សមុទ្រអាស៊ីបូព៌ា ឱ្យមាននិរន្តរភាព និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។
 
លោកមានប្រសាសន៍បន្ថែមដូច្នេះ៖ «ជោគជ័យអាចសម្រេចទៅបានលុះត្រាតែមានកិច្ចសហប្រតិបត្តិការល្អ និងការប្តេជា្ញចិត្តរួមគ្នា ដើម្បីការពារ គ្រប់គ្រង និងស្តារឡើងវិញនូវធនធានសមុទ្រអាស៊ីបូព៌ា សម្រាប់ផលប្រយោជន៍សេដ្ឋកិច្ច សង្គម វប្បធម៌ និងបរិស្ថាន»។ 
 
លោក វ៉ាន់ មុនីនាថ នាពិធីចូលស្បថឡើងកាន់តំណែងប្រធានក្រុមប្រឹក្សាអង្គការ PEMSEA នៅថ្ងៃទី២៧កក្កដា ឆ្នាំ២០២២ និងអ្នកពាក់ព័ន្ធចូលរួមសរុបចំនួនជាង៥០នាក់។ រូបភាពក្រសួងបរិស្ថាន។ 
គួរជម្រាបផងដែរថា កាលពីឆ្នាំ២០២១កន្លងទៅ កម្ពុជា(ព្រះសីហនុ) បានក្លាយជាម្ចាស់ផ្ទះ ក្នងការរៀបចំ មហាសន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី៧ (PEMSEA)។ នាមហាសន្និបាតនោះ មានការចូលរួមពី ប្រទេស១១ ក្រោមប្រធានបទ«បង្កើតទសវត្សរ៍ថ្មីសម្រាប់សុខមាលភាពមហាសមុទ្រ មនុស្ស និងសេដ្ឋកិច្ច»៕ 
 

Tag:
 ក្រសួងបរិស្ថាន
  PEMSEA
© រក្សាសិទ្ធិដោយ thmeythmey.com