ជាតិ
គម្រោងថវិកា៦០ម៉ឺនដុល្លារ នឹងផ្ដល់ឱ្យសហគមន៍ដែនជម្រកសត្វព្រៃកែវសីមា ដើម្បីការពារព្រៃឈើ
30, Jul 2022 , 3:10 pm        
រូបភាព
រូបភាពពីក្រសួងបរិស្ថាន
រូបភាពពីក្រសួងបរិស្ថាន
ដោយ៖ ញឹក សំអូន

មណ្ឌលគិរី៖ សហគមន៍ដែនជម្រកសត្វព្រៃកែវសីមា នឹងទទួលបានថវិកា៦០ម៉ឺនដុល្លារអាម៉េរិកទៀតពីគម្រោងរេដបូក​ ដើម្បីអភិវឌ្ឍ និងការពារព្រៃឈើនៅក្នុងតំបន់នេះឱ្យបានគង់វង្ស។ បើតាមអ្នកស្រី ឆាយ គឹមហៀក ប្រធានផ្នែកសហគមន៍ររេដបូកកែវសីមានៃអង្គការសង្គមអភិរក្សសត្វព្រៃ(WCS) គម្រោងថវិកានេះ នឹងត្រូវបានចុះកិច្ចព្រមពៀង នាអំឡុងខែកញ្ញា ឆ្នាំ២០២២។


អ្នកស្រី ឆាយ គឹមហៀក ប្រធានផ្នែកសហគមន៍ររេដបូកកែវសីមា នៃអង្គការWCS បានឱ្យដឹងថា នៅឆ្នាំ២០២២ សហគមន៍ដែនជម្រកសត្វព្រៃកែវសីមា នឹងទទួលថវិកាដែលវិភាជន៍ពីការលក់កាបូនធម្មជាតិបានចំនួន ៦០ម៉ឺនដុល្លារអាមេ៉រិក។ ចំនួនថវិកានេះ មានការកើនឡើង ៣ដង បើធៀបនឹងឆ្នាំ២០២១ ដែលមានតែ ២០ម៉ឺនដុល្លារ។
 
ថវិកាដែលបានពីការលក់កាបូនធម្មជាតិនេះ នឹងត្រូវយកទៅបែងចែកតាមភូមិចំនួន ២០ ដែលបានចូលជាសមាជិករបស់គម្រោងរេបូកកែវសីមា ដោយនឹងទទួលបានថវិកាតិច ឬច្រើន ទៅតាមលំដាប់ពិន្ទុរបស់ខ្លួន ក្នុងការចូលរួមកិច្ចការពារធនធានធម្មជាតិ។ អ្នកស្រី គឹមហៀក លើកឡើងបែបនេះ នៅមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។

 
 
ប្រធានផ្នែកសហគមន៍ររេដបូកកែវសីមា នៃអង្គការ WCS រូបនេះបន្តនិយាយដូច្នេះ៖ « ឆ្នាំ២០២២នេះ គម្រោងនឹងទម្លាក់លុយ ៦០ម៉ឺនដុល្លារទៅសហគមន៍ ដែលបានមកពីការវិភាជន៍នៃការលក់កាបូនធម្មជាតិ ។ ប៉ុន្តែត្រូវធ្វើកិច្ចព្រមព្រៀងតាមភូមិនីមួយៗ ដោយភូមិខ្លះទទួលបាន ១,៣ម៉ឺនដុល្លារ និងភូមិខ្លះបាន ៥ម៉ឺនដុល្លារ ទៅតាមលំដាប់ពិន្ទុរបស់ពួកគាត់»។
 
ឧស្ម័នកាបូនឌីអុកស៊ីត បានបំភាយដោយឧស្សាហកម្មរោងចក្រ សហគ្រាស យានយន្ត និងបំភាយតាមវិធីផ្សេងៗទៀតនៅក្នុងពិភពលោក។ អ្នកស្រី គឹមហៀក ពន្យល់ទៀតថា បើបណ្ដាប្រទេស ដែលមានក្រុមហ៊ុនបំភាយឧស្ម័នកាបូនឌីអុកស៊ីត នៅក្នុងបរិយាកាសច្រើនហួសកំណត់ គឺត្រូវទិញកាបូនធម្មជាតិពីបណ្ដាប្រទេស ដែលរក្សាបាននៅព្រៃឈើច្រើន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ 
 
បើតាមអ្នកស្រី គឹមហៀក អង្គការមានយន្តការថ្មីៗមួយចំនួននៅឆ្នាំ២០២២ ក្នុងមានការពិនិត្យមើលអត្រានៃការបាត់បង់ព្រៃឈើច្រើនជាងគេ នឹងបានពិន្ទុតិច, ភូមិណាដែលចុះល្បាតញឹកញាប់ និងរាយការណ៍ពីបទល្មើសព្រៃឈើច្រើន នឹងបានពិន្ទុច្រើន, ការអភិវឌ្ឍសហគមន៍ ការបញ្ជូនកូនឱ្យចូលសិក្សា និងមានការចូលរួមសកម្មភាពនានា ដើម្បីការពារធនធានធម្មជាតិជាដើម។

អ្នកស្រី ឆាយ គឹមហៀក ប្រធានផ្នែកសហគមន៍ររេដបូកកែវសីមា នៃអង្គការ WCS។ រូបភាព៖ ញឹក សំអូន

ជាមួយគ្នានេះ អ្នកស្រី ឆាយ គឹមហៀក ក៏បានរំពឹងថា ថវិកាដែលបានមកពីការលក់ឥណទានកាបូនធម្មជាតិ នឹងវិភាជន៍នៅក្នុងសហគមន៍នេះ អាចកើនដល់ ១លានដុល្លារ នៅឆ្នាំ២០២៣។ តែក៏ត្រូវមានការចូលរួម និងការខិតខំប្រឹងប្រែងពីសហគមន៍ក្នុងការពារធម្មជាតិផងដែរ។
 
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា គម្រោងរេដបូក នៅដែនជម្រកសត្វព្រៃកែវសីមា បានផ្តល់ផលប្រយោជន៍ទៅដល់ភូមិចំនួន២០ ដោយភូមិនីមួយៗ នឹងទទួលថវិកាយ៉ាងតិចជាង ១ម៉ឺនដុល្លារឡើងទៅក្នុងមួយឆ្នាំៗ តាមលំដាប់ពិន្ទុរបស់ពួកគេ។ 
 
លោក ភក្ត្រា បន្តថា៖ «គម្រោងរេដបូក ជួយកាត់បន្ថយការបាត់បង់ព្រៃឈើ, កាត់បន្ថយការបាត់បង់ជីវៈចម្រុះ, អភិវឌ្ឍជីវភាពរបស់សហគមន៍មូលដ្ឋាន តាមរយៈការប្រើប្រាស់ថវិកាបែងចែកផលប្រយោជន៍គម្រោងរេដបូក សម្រាប់បំពេញបន្ថែមទៅក្នុងថវិកានៃផែនការវិនិយោគឃុំ»។ 
 
ចាប់តាំងពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្ន កម្ពុជាទទួលបានថវិកាចំនួន ១១,៦លានដុល្លារ ពីការលក់ឥណទានកាបូនធម្មជាតិ ឱ្យក្រុមហ៊ុនអន្តរជាតិធំៗ មួយចំនួនដូចជា Disney Kering Intuit, Shall និងក្រុមហ៊ុន Gucci។ លោក នេត្រ ភក្ត្រា លើកឡើងបែបនេះ បន្តថា កម្ពុជា កំពុងសិក្សា អនុវត្តគម្រោងឥណទានកាបូនសាកល្បង នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ខេត្តស្ទឹងត្រែង ជាមួយក្រុមហ៊ុនជប៉ុន «Mitsui»។
 
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ​បញ្ជាក់ថា ការអនុវត្តគម្រោងរេដបូកនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា គឺផ្តោតសំខាន់លើការពង្រឹងការអនុវត្តច្បាប់ ,ការចូលរួមរបស់ប្រជាសហគមន៍ ដើម្បីការពារ និងអភិរក្សធនធានធម្មជាតិ, ការបង្កើនជីវភាពប្រជាសហគមន៍តាមរយៈការធ្វើកសិកម្ម និងទេសចរណ៍ធម្មជាតិ ,ការកំណត់តំបន់គ្រប់គ្រង ,ការតាមដាន និងស្រាវជ្រាវជីវៈចម្រុះជាដើម។ ការអនុវត្តគម្រោងរេដបូកនេះ ចាប់តាំងពីឆ្នាំ ២០១៦ ដែលមានទំហំ ១៦៦,៩៨៣ហិកតា៕
 

Tag:
 កាបូន
  មណ្ឌលគិរី
© រក្សាសិទ្ធិដោយ thmeythmey.com