ជាតិ
ITC ចុះសិក្សាពីស្ថាបត្យកម្ម និងបុរាណវត្ថុនៅតំបន់ប្រាសាទសំបូរព្រៃគុក
30, Jul 2022 , 4:40 pm        
រូបភាព
ក្រុមការងារចុះសិក្សាពីថ្មបាយគ្រៀម និងបំណែកបាយអរ នៅប្រាសាទសំបូរព្រៃគុក (រូបភាពពីអាជ្ញាធរជាតិសំបូរព្រៃគុក)
ក្រុមការងារចុះសិក្សាពីថ្មបាយគ្រៀម និងបំណែកបាយអរ នៅប្រាសាទសំបូរព្រៃគុក (រូបភាពពីអាជ្ញាធរជាតិសំបូរព្រៃគុក)
ដោយ៖ ហេង ស្រីលីន

ភ្នំពេញ៖ អាជ្ញាធរជាតិសំបូរព្រៃគុក សហការជាមួយមហាវិទ្យាល័យធនធានរ៉ែ និងភូគព្ភសាស្ត្រ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC)  បានចុះសិក្សាបែបវិទ្យាសាស្រ្តលើសម្ភារៈស្ថាបត្យកម្ម និងបុរាណវត្ថុនៅជុំវិញតំបន់ប្រាសាទសំបូរព្រៃគុក។ ការសិក្សាស្រាវជ្រាវនេះ​ ធ្វើឡើងដើម្បីពង្រឹងធនធានមនុស្ស នៃការអភិរក្សសំណង់ស្ថាបត្យកម្មបុរាណ។

ការសិក្សានេះ ត្រូវបានអនុវត្តនៅតាមប្រាសាទ និងរុករកពីប្រភេទនៃទីតាំងថ្ម និងវត្ថុធាតុដើម សម្រាប់ផលិតឥដ្ឋនាសម័យបុរាណ។ សម្ភារៈស្ថាបត្យកម្ម និងបុរាណវត្ថុ ដែលយកមកវិភាគនោះមានដូចជា លើឥដ្ឋ ថ្មភក់ ថ្មបាយក្រៀម ថ្មស៊ីស ថ្មកំបោរ និងបំណែកបាយអរ នៃក្រុមប្រាសាទយាយព័ន្ធ។ ក្រុមប្រាសាទតោ ក្រុមប្រាសាទសំបូរ ក្រុមប្រាសាទរបងរមាស ប្រាសាទខ្នាចទោល និងការដ្ឋានយកថ្មបាយក្រៀមសម័យបុរាណ។ 
 
ស្ថិតក្នុងការសិក្សានេះដដែល ក្រុមការងារបានប្រើប្រាស់ឧបករណ៍ចំនួន២ប្រភេទដើម្បីវិភាគ។ ឧបករណ៍ទី១ត្រូវបានប្រើប្រាស់ដោយ Magnetic Suscebility KT-10 Meter ដែលជាឧបករណ៍វិភាគម៉ាញ៉េទិចរបស់ថ្ម និងឧបករណ៍ទី២គឺ Hand-held X-ray Fluorescence ជាឧបករណ៍វិភាគប្រើកាំរស្មីអ៊ិចរ៉េហ្លុយអរេសិន សម្រាប់វិភាគធាតុផ្សំផ្សេងៗដូចជា ភាគរយស៊ីលីកា ដែក អាលុយមីញ៉ូមជាដើម។ 
 
គួរបញ្ជាក់ថា ការសិក្សាស្រាវជ្រាវនេះ មានរយៈ៤ថ្ងៃ ដោយមានកិច្ចសហការអាជ្ញាធរជាតិសំបូរព្រៃគុក នាយកដ្ឋានបុរាណវិទ្យា និងអភិរក្ស។ ក្នុងនោះក៏មានលោកបណ្ឌិត យស់ ផានី តំណាងមហាវិទ្យាល័យធនធានរ៉ែ និងភូគព្ភសាស្ត្រនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រួមទាំងអ្នកស្រាវជ្រាវមួយចំនួនទៀតផងដែរ៕
 

Tag:
 ប្រាសាទសំបូរព្រៃគុក
© រក្សាសិទ្ធិដោយ thmeythmey.com