ជាតិ
សហគមន៍ទឹកជប់ខ្នារពោធិ៍ ខ្នះខ្នែងថែទាំកោងកាងទឹកសាបពេលជួបបញ្ហាអាកាសធាតុ
30, Jul 2022 , 7:00 pm        
រូបភាព
ដោយ:
សៀមរាប៖  ដើមកោងកាងទឹកសាបត្រូវការជាចាំបាច់ដីដែលមានសំណើម មានទឹកជប់ មានរសជូរដើម្បីអាចបន្ដជីវិតបានយូរអង្វែង។ កោងកាងទឹកដាប ត្រូវការការមើលថែនិងការផ្គត់ផ្គងទឹកជាចាំបាច់ ទោះរដូវប្រាំង ឬវស្សា។
 
 
ក្នុងខេត្តសៀមរាប មានសហគមន៍ចំនួន៣ ដែលដាំដុះដើមកោងកាងទឹកសាប។ សហគមន៍ទឹកជប់ខ្នារពោធិ៍ មានដើមកោងកាងចំនួន ៩៨ហិកតា។ សហគមន៍បុស្សធំ មានដើមកោងកាងចំនួន២៤ហិកតា និងនៅសហគមន៍ក្បាលទឹក មានកោងកាង ១១ហិកតា។  
 
លោក ភុំ សុវណ្ណលាត អនុប្រធានសហគមន៍ទឹកជប់ខ្នារពោធិ៍ខេត្តសៀមរាប បានប្រាប់សារព័ត៌មានThmeyThmey25 ថា ដើមកោងកាងទឹកសាប ត្រូវការចាំបាច់ដីដដែលមានទឹកជប់ មានរសជូរ និងមានសំណើមជាប្រចាំ។​ កោងកាងទឹកសាប ត្រូវការមើលថែច្រើនឆ្នាំទើបអាចដកហូតយកទៅប្រើប្រាស់បាន។
 
 
«កោងកាងទឹកសាបមិនត្រូវការទឹកច្រើនដូចជាកោងកាងទឹកប្រៃទេ។ កន្លែងវាចូលចិត្តដុះបំផុតគឺកន្លែងដែលមានទឹកជូរហូររិញៗមិនដាច់។រុក្ខជាតិប្រភេទនេះ ប្រសិនបើរស់នៅលើដីស្ងួត និងខ្សោះជាតិទឹក ភាគរយងាប់របស់វាខ្ពស់បំផុត»។ នេះជាការលើកឡើងរបស់​លោក សុវណ្ណលាត។ 
 
កោងកាងទឹកសាប​ត្រូវការការយកចិត្តទុកដាក់និងការមើលថែមិនចាញ់រុក្ខជាតិក្នុងស្រុកមួយចំនួនឡើយ។ លោកបញ្ជាក់បន្ថែមដូច្នេះ៖ « ដើមកោងកាងទឹកសាបនៅក្នុងសហមន៍ទឹកជប់ខ្នារពោធិ៍ក្រុមសមាជិកសហគមន៍តែងត្រួតពិនិត្យ និងបង្ហូរទឹកទៅតំបន់ខ្ពស់ៗជាប្រចាំ។ និយាយបែបនេះមិនមែនមានន័យថា យើងការពារបានគ្រប់ដើមទាំងអស់ឡើយ គ្រាន់តែភាគរយច្រើនអាចការពារបាន»។ 
 
នៅក្នុងសហគមន៍ទឹកជប់ខ្នារពោធិ៍ បានរៀបចំបង្ហូរទឹកពីស្រះដែលមានទឹកជប់ឱ្យហៀរចេញទៅទីតាំងផ្សេងៗ ដើម្បីឱ្យកោងកាងនៅតំបន់ខ្សោះទឹកមានលទ្ធភាពរស់បន្ត។ បញ្ហាគួរឱ្យព្រួយបារម្ភបំផុតនៅក្នុងសហគមន៍គឺផ្តោតលើការថែទាំព្រៃកោងកាងទឹកសាប នៅពេលអាកាសធាតុប្រែប្រួលខ្លាំងដល់ដំណាក់កាលគ្រប់គ្រងមិនបាន។ 
 
 
« ប៉ុន្មានឆ្នាំមុនយើងបានប្រទះអាកាសធាតុក្តៅចម្លែក។ វាបន្ទាន់ៗពេកគិតអ្វីមិនចេញ ធ្វើអ្វីមិនទាន់ក៏បណ្ដាលឱ្យផ្នែកខ្លះនៃព្រៃកោងកាងរបស់យើងដាច់ទឹក និងដួលងាប់ខ្លះៗ។យើងសង្គ្រោះមិនទាន់ពេល។ណាមួយកាលនោះ យើងគ្មានបច្ចេកទេសនិងឧបករណ៍គ្រប់គ្រាន់សម្រាប់ការងារនេះ។ ប៉ុន្ដែបន្ទាប់ពីមានមេរៀនលើកទីមួយគ្រប់គ្នាចាប់ផ្ដើមគិតពីវិធីសាស្រ្តសង្គ្រោះវាតាមលទ្ធភាព»។ នេះជាការលើកឡើងរបស់លោក សុវណ្ណលាត។ 
 
សូមបញ្ជាក់ថាបច្ចុប្បន្ននេះសហគមន៍ទឹកជប់ខ្នារពោធិ៍កំពុងប្រើវិធីសាស្រ្តបង្ហូរទឹកជប់ពីស្រះទៅផ្នែកខ្លះនៃផ្ទៃដី ខ្ពស់និងស្ងួត។ ក្រៅពីនេះ សហគមន៍ កំពុងសម្អាតផ្នែកខាងក្រោមនៃព្រៃកោងកាងដើម្បីការពារ និងបង្ការជាមុននូវបញ្ហាភ្លើងឆេះព្រៃនៅរដូវប្រាំងផងដែរ។
 
 
ទន្ទឹមនេះ សហគមន៍មានគម្រោងសម្អាតរុក្ខជាតិតូចៗខ្លះដើម្បីលើកសោភ័ណភាពព្រៃ និងជំរុញឱ្យកោងកាងលូតលាស់កាន់តែលឿន។ គោលបំណងនៃការសម្អាតនោះក៏ដើម្បីសម្រួលដល់អ្នកទស្សនា និងបម្រើដល់សេវាទេសចរណ៍នៅក្នុងសហគមន៍ឱ្យកាន់ប្រសើរជាងមុនផង។ ទន្ទឹមនឹងការងារថែទាំដើមកោងកាងទឹកសាបសហគមន៍កំពុងធ្វើស្ពានឈើចម្ងាយជាង១គីឡូម៉ែត្រ ដើម្បីការធ្វើដំណើររបស់ទេសចរដែលបានទៅកម្សាន្ត។ 
 
អនុប្រធានសហគមន៍រូបនេះ បានបញ្ជាក់ដូច្នេះ៖ «បច្ចុប្បន្នសហគមន៍កំពុងធ្វើស្ពានដើម្បីអាចសម្រួលដល់ការទស្សនារបស់ភ្ញៀវ។ គាត់ចង់ដើរ ឬ​ជិះកង់ក៏បាន។បើមិនចង់ដើរ ឬជិះកង់ភ្ញៀងអាចសម្រាកនៅក្នុងរោងនីមួយៗដែលធ្វើនៅជាប់ស្ពានក្នុងព្រៃកោងកាងក៏បាន។ ពិសេសជាងនេះ នៅទឹកជប់ខ្នារពោធិ៍មានប៉មកម្ពស់ជាង១០ម៉ែត្រ ទុកសម្រាប់ភ្ញៀងទស្សនាព្រៃកោងកាងពីលើ»៕ 
 


 

Tag:
 កោងកាងទឹកសាប
© រក្សាសិទ្ធិដោយ thmeythmey.com