ជាតិ
ពីនេះ ពីនោះ
តើអ្នកស្គាល់ លំដាប់ និងអម្បូរ របស់ត្រីអ្វីខ្លះ? 30, Jul 2022 , 8:00 pm
![ត្រីដួងចាន់ ឬពុលរលក (Megalops cyprinoides) ។ រូបភាព៖ IFReDI/FiA](https://image.thmeythmey.com/pictures/2022/07/30/thumb2/screenshot_2022-07-30_151923.jpg)
ត្រីដួងចាន់ ឬពុលរលក (Megalops cyprinoides) ។ រូបភាព៖ IFReDI/FiA
×![]()
ដោយ៖ មច្ឆាខ្មែរ
នៅក្នុងប្រទេសកម្ពុជា មានប្រភេទត្រីរស់នៅក្នុងទឹកប្រៃ (សមុទ្រ) ត្រីរស់នៅក្នុងទឹកភ្លាវ (ទឹកប្រៃលាយទឹកសាប) និងត្រីរស់នៅក្នុងទឹកសាប (ទន្លេមេគង្គ ឬបឹងទន្លេសាប) ផងដែរ។ ត្រីទាំងនោះ ក៏មានបែងចែកជាប្រភេទត្រីឥតស្រកា និងត្រីមានស្រកាផងដែរ។ ដើម្បីងាយសម្គាល់ប្រភេទត្រី អ្នកស្រាវជ្រាវបានបែងចែកត្រីជា «លំដាប់ Order» (សម្រាប់សម្គាល់លក្ខណៈរូបរាង ទ្រង់ទ្រាយ សណ្ឋាន) និង «អម្បូរ Family» (សម្រាប់សម្គាល់ ពួក ក្រុម និងប្រភេទ)។
ត្រីការ៉ាវ (Elops hawaiensis)។ រូបភាព៖ IFReDI/FiA
ខាងក្រោមនេះ គឺជាប្រភេទត្រីស្ថិតនៅក្នុងលំដាប់ ORDER: ELOPIFORMES ដែលត្រូវបានដកស្រង់ចេញពីសៀវភៅ៖ «មគ្គុទ្ទេសក៍ស្តីពី ប្រភេទត្រីរស់នៅក្នុងដែនទឹកសាបនៃប្រទេសកម្ពុជា»។ លំដាប់ (ORDER: EPILOFORMES) មានពីរអម្បូរ (Family) គឺ Elooidae និង Megalopidae។ នៅក្នុងអម្បូរ Elooidae មានពួកមួយឈ្មោះ Elops ត្រូវបានអ្នកស្រាវជ្រាវរកឃើញមានរស់នៅក្នុងតំបន់ទឹកភ្លាវ ក្នុងប្រទេសកម្ពុជា។ ឧទាហរណ៍ «ត្រីការ៉ាវ» ដែលមានឈ្មោះវិទ្យាសាស្ត្រ (Elops hawaiensis) ដែលមានលក្ខណៈសម្គាល់ដូចជា ពេលនៅជាកូនត្រីតូចៗ ខ្លួនរបស់វាសម្បុរថ្លា។ ពេលធំពេញវ័យ ដងខ្លួនរបស់វា មានរៀងទ្រវែងស្ដើង សម្បុរប្រាក់ មានស្រកាល្អិតៗ។ នៅចន្លោះឆ្អឹងថ្គាម មានដុំសាច់សំប៉ែតធំមួយ។ វាមានប្រវែងដងខ្លួនទូទៅ តូចជាង ៥០ ស.ម ហើយពួកវារស់នៅក្នុងតំបន់ទឹកភ្លាវ។
ចំណែកនៅក្នុងអម្បូរ Megalopidae មានពួកមួយឈ្មោះ Megalops ត្រូវបានអ្នកស្រាវជ្រាវរកឃើញមានរស់នៅក្នុងតំបន់ទឹកភ្លាវភាគខាងលិច ក្នុងប្រទេសកម្ពុជា។ ឧទាហរណ៍ «ត្រីដួងចាន់ ឬពុលរលក» ដែលមានឈ្មោះវិទ្យាសាស្ត្រ (Megalops cyprinoides) ដែលមានលក្ខណៈសម្គាល់ដូចជា មានលក្ខណៈ កន្ទុយរបស់វាឆែក នៅជាប់នឹងព្រុយទ្រនុងខ្នង មានព្រុយមួយលយវែងទៅក្រោយ មានដុំសាច់សំប៉ែតធំមួយនៅចន្លោះឆ្អឹងថ្គាម និងមានប្រវែងដងខ្លួនទូទៅតូចជាង ៣០ ស.ម៕
© រក្សាសិទ្ធិដោយ thmeythmey.com