អន្តរជាតិ
នាយករដ្ឋមន្រ្តីអេស្ប៉ាញ ជំរុញឱ្យប្រជាជនឈប់ពាក់ក្រវាត់ក ដើម្បីសន្សំប្រភពថាមពល
31, Jul 2022 , 8:30 am        
រូបភាព
លោក Pedro Sanchez នាយករដ្ឋមន្រ្តីអេស្ប៉ាញ។ រូបភាព៖ AFP
លោក Pedro Sanchez នាយករដ្ឋមន្រ្តីអេស្ប៉ាញ។ រូបភាព៖ AFP
នាយករដ្ឋមន្រ្តីអេស្ប៉ាញ លោក Pedro Sanchez នៅថ្ងៃទី២៩ ខែកក្កដា បានជំរុញឱ្យសាធារណជន និងនិយោជិក ឈប់ពាក់ក្រវាត់ករទៅធ្វើការ ដើម្បីជាផ្នែកមួយនៃកិច្ចខិតខំសន្សំប្រភពថាមពល ស្របពេលកម្តៅនៅអឺរ៉ុប កំពុងកើនឡើងខ្ពស់។ 
 
នៅថ្ងៃទី២៩ ខែកក្កដា កម្តៅនៅក្រុងម៉ាឌ្រីដមានចំនួន ៣៦អង្សាសេ ខណៈក្រុង Seville មានកម្តៅ ៣៩អង្សាសេ។ មិនតែប៉ុណ្ណោះ រដ្ឋផ្សេងទៀតនៅអឺរ៉ុប ក៏មានកម្តៅកើនខ្ពស់ផង។ ទាក់ទិននឹងបញ្ហានេះ នាយករដ្ឋមន្រ្តីអេស្ប៉ាញ លោក Pedro Sanchez បានអំពាវនាវឱ្យរដ្ឋមន្រ្តី មន្រ្តីសាធារណ និយោជិកនៅកន្លែងធ្វើការឯកជន ឈប់ពាក់ក្រវាត់ក ដើម្បីកាត់បន្ថយភាពក្តៅស្អុះ និងជួយសន្សំការប្រើប្រាស់ប្រភពថាមពល ខណៈពេលអឺរ៉ុបប្រឈមបញ្ហាប្រភពថាមពលខ្លាំង បន្ទាប់ពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង។ 
 
ក្នុងសន្និសីទសារព័ត៌មានមួយនាម៉ាឌ្រីដ នៅថ្ងៃទី២៩ ខែកក្កដា លោក Sanchez បានបញ្ជាក់ថា​ លោកមិនបានពាក់ក្រវាត់កមកឡើយ ហើយលោកចង់ឱ្យមន្រ្តី និងនិយោជិកផ្សេងទៀតធ្វើបែបនេះ។ 
 
«នេះមានន័យថា យើងទាំងអស់គ្នាអាចជួយសន្សំប្រភពថាមពល»។ នាយករដ្ឋមន្រ្តីអេស្ប៉ាញបានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា ការធ្វើបែបនេះ ធ្វើឱ្យប្រជាជននៅតែមានភាពត្រជាក់ និងចំណាយប្រភពថាមពលតិច។ មិនតែប៉ុណ្ណោះ ប្រមុខរដ្ឋាភិបាលអេស្ប៉ាញរូបនេះ បានបន្ថែមថា រដ្ឋាភិបាលរបស់លោកគ្រោងដាក់ចេញចំណាត់ការ ដើម្បីជួយសន្យំសំចៃប្រភពថាមពលសម្រាប់រដូវត្រជាក់ខាងមុខ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ BBC។ 
 
ពេលនេះ រដ្ឋាភិបាលរបស់លោក Sanchez កំពុងរៀបរៀងក្រឹត្យមួយ ដើម្បីជួយសន្សំប្រភពថាមពល ដែលកំពុងខ្វះខាត។ ក្រឹត្យមួយ ត្រូវបានរំពឹងថា នឹងអនុម័តនៅថ្ងៃទី១ ខែសីហាខាងមុខ៕ 
 

Tag:
 អេស្ប៉ាញ
  ថាមពល
© រក្សាសិទ្ធិដោយ thmeythmey.com