អន្តរជាតិ
ប្រធានាធិបតីអ៊ុយក្រែន ជំរុញឱ្យជម្លៀសប្រជាជនចេញពីតំបន់ដូណេត្ស ដែលរុស្ស៊ីវាយប្រហារខ្លាំង
31, Jul 2022 , 11:53 am        
រូបភាព
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបភាព៖ AFP
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបភាព៖ AFP
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី៣០ ខែកក្កដា បានបញ្ជាឱ្យជម្លៀសប្រជាជនស៊ីវិលចេញពីតំបន់ដូណេត្ស ដែលស្ថិតនៅភាគខាងកើតអ៊ុយក្រែន។ តំបន់មួយនេះ កំពុងស្ថិតក្រោមការវាយប្រហារខ្លាំងពីរុស្ស៊ី ដើម្បីសម្រេចគោលដៅរបស់ខ្លួន ដែលបានដាក់ចេញកន្លងមក។
 
បន្ទាប់ពីគ្រប់គ្រងតំបន់លូហានពេញទី កម្លាំងទ័ពរុស្ស៊ីបានបន្តវាយប្រហារនៅតំបន់ដូណេត្សបន្តទៀត ដើម្បីសម្រេចគោលដៅ ដែលបានដាក់ចេញកន្លងមក ក្រោមហេតុផលការពារប្រជាជនខ្លួន និងរំដោះតំបន់ដុនបាសចេញពីការគ្រប់គ្រងរបស់ពួកណាហ្ស៊ី។ ដោយរុស្ស៊ីវាយប្រហារខ្លាំងក្នុងតំបន់ដូណេត្ស អភិបាលតំបន់មួយនេះ បានអះអាងថា ប្រជាជនចំនួនស៊ីវិល ៦នាក់ ត្រូវបានសម្លាប់ និងរបួសចំនួន ១៥នាក់ នៅក្នុងថ្ងៃទី៣០ ខែកក្កដា។ 
 
ដោយប្រជាជនស៊ីវិលបន្តបាត់បង់ជីវិត មេដឹកនាំអ៊ុយក្រែនអំពាវនាវឱ្យប្រជាជនចេញពីតំបន់មួយនេះ ដើម្បីសុវត្ថិភាព និងបង្ការការសម្លាប់ពីសំណាក់រុស្ស៊ី។ 
 
«ប្រជាជនស៊ីវិលកាន់តែច្រើនចាកចេញពីតំបន់ដូណេត្សក្នុងពេលនេះ ប្រជាជនកាន់តែតិច អាចត្រូវបានកម្លាំងទ័ពរុស្ស៊ីសម្លាប់»។ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានសង្កត់ធ្ងន់បែបនេះនៅក្នុងវីដេអូ ដែលបង្ហោះលើបណ្តាញសង្គម នៅយប់ថ្ងៃទី៣០ ខែកក្កដា ដោយបន្តថា ប្រជាជន នៅក្នុងតំបន់ដូណេត្ស ដែលចាកចេញពីផ្ទះសម្បែងនឹងទទួលបានសំណង។ 
 
បើតាមលោក ហ្សេលេនស្គី អ៊ុយក្រែននឹងជួយប្រជាជនខ្លួន ដែលខុសពីរុស្ស៊ី ហើយរដ្ឋាភិបាលក្រុងកៀវ នឹងធ្វើគ្រប់បែបយ៉ាង ដើម្បីការពារអាយុជីវិតប្រជាជន និងរឹតត្បិតការវាយប្រហារពីសំណាក់ក្រុមភរវកម្មរុស្ស៊ី។ 
 
មេដឹកនាំអ៊ុយក្រែនរូបនេះ បានបន្ថែមថា ប្រជាជនអ៊ុយក្រែនជាច្រើននាក់ ស្ថិតនៅក្នុងតំបន់ប្រយុទ្ធយ៉ាងខ្លាំង ហើយខ្លះបានបដិសេធចេញពីតំបន់នោះ។ ក្នុងនេះន័យនេះ លោក ហ្សេលេនស្គី បានជំរុញប្រជាជននៅទីនោះ ជួយបញ្ចុះបញ្ចូលប្រជាជន ដែលមិនព្រមចាកចេញ ឱ្យគេចខ្លួនសិន ដើម្បីសុវត្ថិភាព ព្រោះកម្លាំងទ័ពរុស្ស៊ី កំពុងតែផ្តោតលើការវាយប្រហារ។ 
 
ទន្ទឹមនេះ តាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក ដោយស្រង់សម្តីរបស់ឧបនាយករដ្ឋមន្រ្តី Iryna Vereshchuk ការជម្លៀសប្រជាជនចេញពីតំបន់ដូណេត្ស ត្រូវតែធ្វើឱ្យបានមុនរដូវរងាចាប់ផ្តើម ដោយសារតែការផ្គត់ផ្គង់ហ្គាស ក្នុងតំបន់ត្រូវបានបំផ្លាញហើយ។ 
 
គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ការិយាល័យស្នងការជាន់ខ្ពស់ទទួលបន្ទុកសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (OHCHR) បានអះអាងថា ប្រជាជនស៊ីវិលជាង ៥ពាន់នាក់ ត្រូវបានសម្លាប់ ខណៈប្រជាជនស៊ីវិលជាង ៧ពាន់នាក់រងរបួស៕ 
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com