កីឡាអន្តរជាតិ
អន្តរជាតិ
FA ស៊ើបអង្កេតក្រោយមានការបោះកាំជ្រួចភ្លើង និងគ្រាប់បែកផ្សែងចូលទីលាន
02, Aug 2022 , 8:29 am        
រូបភាព
សហព័ន្ធបាល់ទាត់អង់គ្លេស (FA) ថ្ងៃទី៣១ ខែកក្កដា បានបើកការស៊ើបអង្កេត លើបញ្ហាដែលមានអ្នកទស្សនាគប់កាំជ្រូចភ្លើង ឬ Flares ចូលទីលានអំឡុងការប្រកួតពានរង្វាន់ Community Shield រវាង Liverpool និង Manchester City។
 
Liverpool ក្លាយជាម្ចាស់ពាន FA Community Shield ដែលជាពានមុនបើករដូវកាលថ្មីនៃ Premier League ២០២២-២២ ក្រោយឈ្នះក្រុមម្ចាស់ជើងឯកលីគកំពូលអង់គ្លេស Man City ៣-១ ថ្ងៃទី៣១ ខែកក្កដា។ ជ័យជម្នះ ៣គ្រាប់របស់ក្រុមរហ័សនាមហង្សក្រហមធ្វើបានដោយកីឡាករ Trent Alexander-Arnold, Mohamed Salah និង Darwin Nunez ។ចំណែក១គ្រាប់របស់ Man City ធ្វើបានដោយកីឡាករ Julian Alvarez។
 
​កាលពីរដូវកាលមុនហេតុការណ៍នៃការចោលកាំជ្រូចភ្លើង ឬគ្រាប់បែកផ្សែងនេះ បានកើតឡើងជារឿយៗនៅ Premier League ។ ក្នុងនោះក៏មានបញ្ហាការរត់ចូលអុកឡុងក្នុងទីលាន ដែលអាចបង្កជាការព្រោះថ្នាក់ផ្សេង។ ស្ថាប័នគ្រប់គ្រងបាល់ទាត់នានា នៅអង់គ្លេសក្នុងពេលថ្មីៗ ប្រកាសប្រឆាំងរាល់ទង្វើទាំងនេះ។
 
អំឡុងជំនួបនាកីឡដ្ឋាន King Power របស់ក្រុម Leicester City រវាងម្ចាស់ជើងឯក Premier League ទល់ FA Cup រដូវកាលចាស់ បានបង្កភាពភ្ញាក់ផ្អើលជាថ្មីម្តងទៀត ដោយមានអ្នកគាំទ្រមួយក្រុម ដែលទំនងជាអ្នកគាំទ្រ ​Liverpool បានគប់កាំជ្រូចភ្លើង និងគ្រាប់បែកផ្សែងចូលទីលានប្រកួត អំឡុងអបអរលទ្ធផលក្រុម។
 
«យើងបានដឹងឧប្បត្តិហេតុដែលមានភ្លើងឆេះនៅតំបន់ដែលអ្នកគាំទ្រឈរទស្សនា ក្នុងនោះការប្រើប្រាស់កាំជ្រូចភ្លើង និងគ្រាប់បែកផ្សែងក្នុងកីឡដ្ឋានប្រកួត គឺជាបញ្ហាមួយដែលអាចបង្កគ្រោះថ្នាក់ និងខុសច្បាប់ និងផលប៉ះពាល់ធ្ងន់ធ្ងរ។ យើងកំពុងតែបើកការស៊ើបអង្កេតស្វែងរកមុខជនបង្ក ហើយក្លិបនិងមន្ត្រីប៉ូលីសបានផ្តល់អត្តសញ្ញាណឱ្យបានដឹងខ្លះហើយ យើងរំពឹងថាក្លិបក៏នឹងជួយស៊ើបអង្កេតនៅរាល់ទង្វើទាំងនេះ និងជួយអនុម័តច្បាប់ហាមឃាត់រឿងទាំងនេះ។»។ FA បានលើកឡើងបែបនេះ។
 
កាលពីសប្តាហ៍មុន FA រួមជាមួយ Premier League និង Football League បានរួមគ្នាប្រកាសថានឹងដាក់ទណ្ឌកម្ម ចំពោះជនណាដែលបង្កអសន្តិសុខក្នុងទីលាន ដោយការរត់ចូលអុកឡុកទីលាន ការប្រើគ្រាប់បែកផ្សែង ឬកាំជ្រូចភ្លើង ដោយក្លិបទាំងអស់នឹងត្រូវហាមឃាត់ស្វ័យប្រវត្តិជាក់ស្តែង៕
 

Tag:
 FA
  Community Shield
© រក្សាសិទ្ធិដោយ thmeythmey.com