អន្តរជាតិ
លោកប្លីងខិន៖ អាម៉េរិកនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ក្នុងលក្ខខណ្ឌការពារខ្លួន និងសម្ព័ន្ធមិត្តប៉ុណ្ណោះ
02, Aug 2022 , 10:30 am        
រូបភាព
លោក អាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក។ រូបភាព៖ AFP
លោក អាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក។ រូបភាព៖ AFP
រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោកអាន់តូនី ប្លីងខិន នៅថ្ងៃទី១ ខែសីហា បានលើកឡើងថា អាម៉េរិក នឹងមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរឡើយ លុះត្រាវាចាំបាច់ក្នុងការការពារខ្លួន និងសម្ព័ន្ធមិត្តប៉ុណ្ណោះ។ បើតាមប្រមុខការទូតរូបនេះ អាម៉េរិកនឹងពិចារណាក្នុងការប្រើប្រាស់អាវុធដ៏ខ្លាំងមួយនេះ ក្នុងកាលៈទេសៈដ៏តឹងតែងប៉ុណ្ណោះ ។
 
សន្និសីទពិនិត្យឡើងវិញលើសន្ធិសញ្ញាមិនរីកសាយនុយក្លេអ៊ែរលើកទី១០ ត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ខែសីហា ដល់ថ្ងៃទី២៦ ខែសីហា ដើម្បីពិនិត្យលើដំណើរការអនុវត្តសន្ធិសញ្ញាមួយនេះ។ ក្នុងវេទិកា ដែលធ្វើឡើងនៅស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ ក្នុងក្រុងញូវយ៉កនេះ លោកអាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក បានលើកឡើងយ៉ាងច្បាស់ថា អាម៉េរិក នឹងមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរឡើយ លុះត្រាតែមានការវាយប្រហារលើខ្លួន និងសម្ព័ន្ធមិត្ត។ 
 
«តួនាទីមូលដ្ឋានរបស់អាវុធនុយក្លែអ៊ែរអាម៉េរិក គឺប្រឆាំងការវាយប្រហារនុយក្លេអ៊ែរលើអាម៉េរិក សម្ព័ន្ធមិត្ត និងដៃគូរបស់យើង»។ ប្រមុខការទូតអាម៉េរិក បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងប្រើវាក្នុងកាលៈទេសៈចាំបាច់ប៉ុណ្ណោះ ដើម្បីការពារផលប្រយោជន៍សំខាន់របស់អាម៉េរិក និងសម្ព័ន្ធមិត្ត។ 
 
ការលើកឡើងរបស់រដ្ឋមន្រ្តីការបរទេសអាម៉េរិក ធ្វើឡើងស្របពេល ពិភពលោកស្ថិតក្នុងភាពស្មុគស្មាញយ៉ាងខ្លាំង ដោយសារតែសង្រ្គាមនៅអ៊ុយក្រែន រួមទាំងភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ ខណៈមានការបារម្ភថា​ កូរ៉េខាងជើងអាចសាកល្បងនុយក្លេអ៊ែរលើកទី៧។ 
 
ទន្ទឹមនេះ លោកប្លីងខិន បានបង្ហាញក្តីសង្ឃឹមថា វានឹងមានដំណើរការដ៏ប្រសើរមួយសម្រាប់ការអនុវត្តសសរស្តម្ភទាំង៣ នៃសន្ធិសញ្ញាមិនរីកសាយនុយក្លេអ៊ែរដូចជា មិនរីកសាយអាវុធនុយក្លេអ៊ែរ, ការកាត់បន្ថយអាវុធនុយក្លេអ៊ែរ និងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរប្រកបដោយសន្តិភាព។ 
 
ក្នុងសន្និសីទសារព័ត៌មានដាច់ដោយឡែកមួយទៀត លោកប្លីងខិន បានកត់សម្គាល់ថា ពេលនេះ វាជាពេសដ៏សំខាន់សម្រាប់សន្ធិសញ្ញាមិនរីកសាយនុយក្លេអ៊ែរ។ ត្រង់ចំណុចនេះ រដ្ឋមន្រ្តីការបរទេសអាម៉េរិក បានចង្អុលដាក់កូរ៉េខាងជើង អ៊ីរ៉ង់ និងរុស្ស៊ីថា បានបង្កការគំរាមកំហែង។ 
 
សូមបញ្ជាក់ថា តាមទិន្នន័យរបស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិទីក្រុងស្តុកខុល (SIPRI) អាវុធនុយក្លេអ៊ែរនៅលើពិភពលោកមានចំនួនសរុប ១២៧០៥គ្រាប់ ក្នុងឆ្នាំ២០២២ ដោយរុស្ស៊ីមានចំនួនសរុប ៥៩៧៧គ្រាប់ និងតាមពីក្រោយដោយអាម៉េរិកចំនួន ៥៤២៨គ្រាប់៕ 
 

Tag:
 អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com