អន្តរជាតិ
ប្រមុខUN៖ រដ្ឋជាច្រើនស្វះស្វែងរកសន្តិសុខក្លែងក្លាយ តាមរយៈការចំណាយលុយជាច្រើនលើអាវុធ
02, Aug 2022 , 8:29 pm        
រូបភាព
លោក  អង់តូនីញូ ហ្គូតេរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ។ រូបភាព៖ AFP
លោក អង់តូនីញូ ហ្គូតេរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ។ រូបភាព៖ AFP
លោក  អង់តូនីញូ ហ្គូតេរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី១ ខែសីហា បានថ្លែងថា ភាពតានតឹងភូមិសាស្រ្តនយោបាយ កំពុងឈានទៅរកកម្រិតដ៏ខ្ពស់មួយ ខណៈភាពមិនទុកចិត្ត បានជំនួសកិច្ចចរចា និងភាពបាក់បែកជំនួសការកាត់បន្ថយអាវុធ។ ជាមួយគ្នា លោក ហ្គូតេរ៉េស បានបន្តថា រដ្ឋជាច្រើន កំពុងស្វះស្វែងរកសន្តិសុខក្លែងក្លាយ តាមរយៈការស្តុក និងការចំណាយលុយជាច្រើនពាន់លានដុល្លារលើអាវុធ ដែលមិនគួរមានលើពិភពលោក។
 
សន្និសីទពិនិត្យឡើងវិញលើកទី១០ លើភាគីនៃសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ ត្រូវបានធ្វើឡើង ចាប់ពីថ្ងៃទី១ ខែសីហា ដល់ថ្ងៃទី២៦ ខែសីហា នៅស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ នាក្រុងញូវយ៉ក ក្នុងគោលបំណងត្រួតពិនិត្យលើការអនុវត្តរបស់រដ្ឋភាគីចំពោះអាវុធនុយក្លេអ៊ែរ។ ក្នុងសុន្ទរកថាបើកវេទិកា លោក  អង់តូនីញូ ហ្គូតេរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ បានលើកឡើងពីបញ្ហាប្រឈមជាច្រើនសម្រាប់សន្តិភាព និងសន្តិសុខសកល ក្នុងនោះមានដូចជា ជម្លោះ បម្រែបម្រួលអាកាសធាតុ វិសមភាព ការបំពានសិទ្ធិមនុស្ស ជំងឺឆ្លងសកល រួមទាំងអាវុធនុយក្លេអ៊ែរជាដើម។
 
នៅចំពោះមុខមន្រ្តី និងថ្នាក់ដឹកនាំមកពីបណ្តាប្រទេសផ្សេង លោក ហ្គូតេរ៉េស បានកត់សម្គាល់ថា សន្និសីទនេះ ធ្វើឡើងស្របពេលហានិភ័យនៃការប្រើប្រាស់នុយក្លេអ៊ែរ មិនធ្លាប់មាន ចាប់តាំងពីជំនាន់ភាពតានតឹងក្នុងសង្គ្រាមត្រជាក់​កើនឡើងខ្ពស់។ 
 
«ភាពតានតឹងភូមិសាស្រ្តនយោបាយ កំពុងឈានទៅកម្រិតថ្មីមួយ។ ការប្រកួតប្រជែង កំពុងមានប្រៀបជាងកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួល។ ភាពមិនទុកចិត្ត បានជំនួសកិច្ចចរចា និងភាពបាក់បែកជំនួសការកាត់បន្ថយអាវុធ»។ ប្រមុខអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា រដ្ឋជាច្រើន បានស្វះស្វែងរកសន្តិសុខទាំងខុស តាមរយៈការស្តុកអាវុធ និងចំណាយលុយជាច្រើនពាន់លានដុល្លារលើអាវុធ ដែលមិនគួរមានលើពិភពលោក។ 
 
តាមទិន្នន័យរបស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិទីក្រុងស្តុកខុល (SIPRI) អាវុធនុយក្លេអ៊ែរនៅលើពិភពលោក មានជាង ១ម៉ឺនគ្រាប់ ដោយរុស្ស៊ីមានច្រើនជាងគេ និងបន្ទាប់មកអាម៉េរិក។ 
 
ទាក់ទិននឹងបញ្ហានេះ លោក ហ្គូតេរ៉េស បានព្រមានថា នៅពេលហានិភ័យនៃការរីកសាយកើនខ្ពស់ ចំណាត់ការទប់ស្កាត់ នឹងមានភាពទន់ខ្សោយ ហើយមនុស្សជាតិ ខ្វះតែមួយជំហានប៉ុណ្ណោះ ពីការសម្លាប់រង្គាលដោយសារអាវុធនុយក្លេអ៊ែរ។ 
 
ទាក់ទិននឹងបញ្ហាខាងលើ ប្រមុខUN បានចាត់ទុកសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ គឺសំខាន់ណាស់ ខណៈវេទិកាពិនិត្យលើការអនុវត្ត បានផ្តល់ឱកាសឱ្យមនុស្សជាតិលើមាគ៌ាមួយឆ្ពោះទៅរកភាពគ្មានអាវុធនុយក្លេអ៊ែរលើពិភពលោក។ មិនតែប៉ុណ្ណោះ លោក ហ្គូតេរ៉េស ក៏ជំរុញឱ្យប្រទេសជាច្រើន ធ្វើការឱ្យបានខ្លាំង ដើម្បីសម្រេចគោលដៅក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរផង។ 
 
សូមបញ្ជាក់ថា សន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ ជាសន្ធិសញ្ញាអន្តរជាតិមួយ ដែលមានគោលបំណងទប់ស្កាត់ការរីកសាយអាវុធនុយក្លេអ៊ែរ, បច្ចេកវិទ្យាអាវុធនុយក្លេអ៊ែរ, លើកតម្កើងកិច្ចសហប្រតិបត្តិការ ក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរប្រកបដោយសន្តិភាព រួមទាំងដាក់ចេញគោលដៅ ក្នុងការកាត់បន្ថយអាវុធនុយក្លេអ៊ែរ៕ 
 

Tag:
 UN
  នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com