ជាតិ
អាស៊ាន
វិបត្តិមីយ៉ាន់ម៉ា សមុទ្រចិនខាងត្បូង និងបេក្ខភាពទីម័រ ជារបៀបវារៈសំខាន់ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន
03, Aug 2022 , 7:55 am        
រូបភាព
លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលជាអ្នកនាំពាក្យកិច្ចប្រជុំ
លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលជាអ្នកនាំពាក្យកិច្ចប្រជុំ
បញ្ហាក្នុងតំបន់មានមីយ៉ាន់ម៉ា សមុទ្រចិនខាងត្បូង និងបេក្ខភាពទីម័រខាងកើត ជារបៀបវារៈសំខាន់ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ ដែលធ្វើឡើងនៅថ្ងៃទី៣ ខែសីហា។ លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រាប់អ្នកសារព័ត៌មានបែបនេះក្នុងការផ្ដល់ព័ត៌មានខ្លី។
 
ជាលើកទីដំបូងចាប់ពីឆ្នាំ២០២០ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន អាចរៀបចំឡើងដោយមានការចូលរួមដោយផ្ទាល់ពីសំណាក់ប្រមុខការទូតរដ្ឋសមាជិកអាស៊ានចំនួន៩ នៅរាជធានីភ្នំពេញ។ យ៉ាងណាមិញ កៅអីមីយ៉ាន់ម៉ា បន្តទំនេរដដែល ដោយរដ្ឋាភិបាលយោធាមិនបានបញ្ជូនតំណាងមិនមែននយោបាយឱ្យចូលរួមតាមការអញ្ជើញរបស់កម្ពុជាឡើយ។ 
 
លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលជាអ្នកនាំពាក្យកិច្ចប្រជុំ ប្រាប់អ្នកសារព័ត៌មានថា នៅថ្ងៃទី៣ ខែសីហា រដ្ឋមន្រ្តីការបរទេសអាស៊ាន នឹងជជែកពីបញ្ហាសំខាន់ទាំងក្នុងតំបន់ និងពិភពលោក។ បើតាមលោក គង់ ភោគ បណ្ដារដ្ឋមន្រ្តីការបរទេសអាស៊ាន និងអគ្គលេខាធិការអាស៊ាន ត្រូវចូលរួមជំនួបជាច្រើននៅថ្ងៃទី៣ ខែសីហា ដោយមានជំនួបពេញអង្គ ការសំណេះសំណាលជាមួយមេដឹកនាំកម្ពុជា និងការចុះហត្ថលេខាលើលិខិតូបករណ៍ចូលជាសមាជិកសនិ្ធសញ្ញាមិត្តភាពនៅអាស៊ីអាគ្នេយ៍។
 
សម្រាប់បញ្ហាតំបន់ លោក គង់ ភោគ និយាយថា រដ្ឋមន្រ្តីការបរទេសអាស៊ាន នឹងពិភាក្សាពីការកសាងសហគមន៍អាស៊ាន និងការវិវឌ្ឍនានា ការងើបឡើងវិញសេដ្ឋកិច្ចនៅក្រោយវិបត្តិជំងឺកូវីដ-១៩ បញ្ហាសមុទ្រចិនខាងត្បូង វិបត្តិមីយ៉ាន់ម៉ា និងបេក្ខភាពរបស់ទីម័រខាងកើត។
 
ជុំវិញបញ្ហសាកល រដ្ឋលេខាធិការរូបនេះ អះអាងថា ការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ ក៏ជារបៀបវារៈសំខាន់ដែរ។ ការអះអាងនេះ ធ្វើឡើងស្របពេលដែលភាពតានតឹងរវាងមហាអំណាចអាម៉េរិក និងចិនកំពុងតានតឹងលើបញ្ហាតៃវ៉ាន់ ដោយសារទស្សនកិច្ចប្រធានសភាអាម៉េរិក ណាន់ស៊ី ផេឡូស៊ី នៅដែនកោះនេះ។ លោក គង់ ភោគ អះអាងថា កម្ពុជានៅតែគោរពគោលនយោបាយចិនតែមួយ។
 
រដ្ឋមន្ត្រីការបរទេសអាស៊ាន រំពឹងថា នឹងចេញសេចក្ដីថ្លែងការណ៍រួមនៅក្រោយបញ្ចប់កិច្ចប្រជុំផងដែរ។ នេះបើតាមលោក គង់ ភោគ ។ កាលពីឆ្នាំ២០១២ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅកម្ពុជា មិនអាចចេញសេចក្ដីថ្លែងការណ៍រួមឡើយ។
  
សូមបញ្ជាក់ថា ក្រៅពីកិច្ចប្រជុំរដ្ឋមន្រ្តីការបរទសអាស៊ាន កិច្ចប្រជុំជាច្រើនទៀតក៏ត្រូវរៀបចំដែរដូចជាកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបូក, និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយដៃគូ កិច្ចប្រជុំវេទិកាតំបន់អាស៊ាន និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ីបូព៌ា។ កិច្ចប្រជុំនៅបញ្ចប់នៅថ្ងៃចុងសប្ដាហ៍នេះ។
 
តំណាងមកពីប្រទេសប្រមាណ៣៧ នឹងមានវត្តមានក្នុងកិច្ចប្រជុំនេះ។ រដ្ឋមន្ត្រីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន, រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី រដ្ឋមន្រ្តីការបរទេសរុស្ស៊ី ស៊ែហ្គេយ៍ ឡាវរ៉ូវ និងប្រមុខការទូតកូរ៉េខាងត្បូង ឥណ្ឌា ជប៉ុន ព្រមទាំងអូស្ត្រាលី ក៏មានវត្តមានសម្រាប់កិច្ចប្រជុំពាក់ព័ន្ធផងដែរ។ រដ្ឋមន្រ្តីការបរទេសនៃប្រទេសមួយចំនួនទៀត ក៏ត្រូវបានអញ្ជើញជាភ្ញៀវរបស់ប្រធានអាស៊ាន។
 
ជាមួយគ្នា រដ្ឋមន្រ្តីដែលអវត្តមាន គឺប្រមុខការទូតហ្វីលីពីន Enrique Manalo ដែលឆ្លងជំងឺកូវីដ-១៩ ឯកូរ៉េខាងជើង ចាត់តាំងអគ្គរដ្ឋទូតប្រចាំទីក្រុងភ្នំពេញ Jang Yun Gon ចូលរួមជំនួបវេទិកាតំបន់អាស៊ាន ជំនួសរដ្ឋមន្រ្តីការបរទេស Choe Son-hui ។ វេទិកាតំបន់អាស៊ាន ជាជំនួបសន្តិសុខពហុភាគីមួយគត់ដែលកូរ៉េខាងជើងមានវត្តមាន និងជាតុចរចាដែលមានវត្តមានកូរ៉េទាំងពីរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com