ជាតិ
អ្នកស្រី ឆៃ ស្រីរ័ត្ន សម្រាលបានកូនស្រីភ្លោះ៣នាក់ ខណៈកំពុងជួបការខ្វះខាត
05, Aug 2022 , 6:59 pm        
រូបភាព
កូនភ្លោះស្រី៣នាក់ បានចាប់កំណើតនៅក្នុងគ្រួសារ ស្ថិតនៅក្នុងភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ម្ដាយគ្មានទឹកដោះឱ្យកូនបៅ ហើយជីវភាពគ្រួសារ មានភាពលំបាក។ នេះបើតាមការចុះផ្សាយលើគេហទំព័រនាយកដ្ឋានផ្សព្វផ្សាយអប់រំនៃក្រសួងមហាផ្ទៃ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២នេះ។

បើតាមប្រភពដដែល ឪពុករបស់កូនភ្លោះស្រីទាំង៣នាក់ មានឈ្មោះ ចាន់ សុភាព ដោយសព្វថ្ងៃជាបុគ្គលិករបស់ក្រុមហ៊ុនឯកជនមួយកន្លែង និងម្តាយឈ្មោះ ឆៃ ស្រីរ័ត្ន។ ពួកគាត់ មានកូន៤នាក់ គឺកូនទី១ ប្រុស សព្វថ្ងៃមានអាយុជាង២ឆ្នាំ ចំណែកកូនស្រីភ្លោះទាំង៣នាក់ ទី១ មានឈ្មោះ ឡាង សុដាលី, ទី២ ឡាង សុដាលីន និងទី៣ ឈ្មោះ ឡាង សុដាលីស ដែលទើបប្រសូត។ 
 
«ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែយ៉ាប់ទៅៗ ម្តាយទឹកដោះក៏គ្មាន ឯទឹកដោះគោក៏គ្មានលុយទិញឱ្យកូនបៅ។ គ្រួសារពឹងផ្អែកទៅលើប្តីរកចំណូលតែម្នាក់ឯង ហើយផ្ទះក៏គ្មាននៅ សព្វថ្ងៃរស់នៅបន្ទប់របស់ក្រុមហ៊ុន»។ នេះបើតាមគេហទំព័រនាយកដ្ឋានផ្សព្វផ្សាយអប់រំ។
 
ប្រភពខាងលើ បន្តថា កូនស្រីភ្លោះទាំង៣នាក់ គឺកើតនៅថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០២២ ដោយការវះកាត់នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប៕
 
 

Tag:
 កូនភ្លោះ ៣នាក់
  ខេត្តបន្ទាយមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com