ជាតិ
លោក ប្រាក់ សុខុន៖ ខ្ញុំមិនបោះបង់ការប្រឹងប្រែងដើម្បីជួយមីយ៉ាន់ម៉ាកុំជួបវិនាសកម្មដូចកម្ពុជាឡើយ
06, Aug 2022 , 10:39 am        
រូបភាព
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសកម្ពុជា ដែលជាប្រេសិតពិសេសប្រធានអាស៊ាន ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៦ ខែសីហា។ រូបថត AFP
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសកម្ពុជា ដែលជាប្រេសិតពិសេសប្រធានអាស៊ាន ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៦ ខែសីហា។ រូបថត AFP
ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន អះអាងថា ក្នុងនាមជាប្រេសិតពិសេសប្រធានអាស៊ាន លោកមិនចង់ឃើញមីយ៉ាន់ម៉ាជួបបទពិសោធសង្រ្គាមដូចដែលកម្ពុជាធ្លាប់ជួបនោះឡើយ។ លោកអះអាងក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៦ ខែសីហា ថា ទោះមានការខកចិត្តនឹងទង្វើរបស់រដ្ឋាភិបាលយោធាដែលប្រហារជីវិតមនុស្ស៤នាក់ក្ដី លោកមិនបោះបង់ការប្រឹងប្រែងរបស់លោកឡើយ តែមីយ៉ាន់ម៉ាខ្លួនឯងក៏ត្រូវធ្វើសកម្មភាពតាមការឯកភាព៥ចំណុចផងដែរ។

 
កម្ពុជាឆ្លងកាត់សង្រ្គាមប្រមាណ៣ទសវត្សរ៍ទម្រាំបញ្ចប់នៅពេលឆ្លងចូលសហវត្សរ៍ថ្មី។ សង្រ្គាមស៊ីវិលក្នុងស្រុកនេះបង្កវិនាសកម្មឥតគណនា ការបែកបាក់ និងធ្វើឱ្យប្រទេសដើរថយក្រោយ។ រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាប្រេសិតពិសេសប្រធានអាស៊ានលើបញ្ហាមីយ៉ាន់ម៉ា លោក ប្រាក់ សុខុន អះអាងថា លោកមិនចង់ឱ្យមីយ៉ាន់ម៉ាជួបបទពិសោធដូចគ្នាឡើយ។
 
រដ្ឋមន្រ្តីការបរទេសកម្ពុជាអះអាងបែបនេះក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៦ ខែសីហា ក្រោយការបញ្ចប់កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ បញ្ហាមីយ៉ាន់ម៉ា ជារបៀបវារៈអាទិភាពមួយក្នុងកិច្ចប្រជុំដ៏ធំនេះព្រមគ្នានឹងបញ្ហាសមុទ្រចិនខាងត្បូង ភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ និងសង្រ្គាមនៅអ៊ុយក្រែនជាដើម។
 
បើតាមលោក ប្រាក់ សុខុន ការអនុវត្តតាមការឯកភាព៥ចំណុចមិនមានដំណើរការជឿនលឿន លើកលែងតែការផ្ដល់ជំនួយមនុស្សធម៌ដែលដើរទៅមុខលើសចំណុចផ្សេងៗ ស្របពេលដែលធ្វើទស្សនកិច្ច២លើកនៅមីយ៉ាន់ម៉ា។ រឿងដែលធ្វើឱ្យអាស៊ានខកចិត្តខ្លាំង គឺការប្រហារជីវិតមនុស្ស៤នាក់ពីសំណាក់រដ្ឋាភិបាលយោធា ដែលបង្ហាញពីឆន្ទៈរបស់យោធាកំពុងកាន់អំណាចក្នុងការមិនគោរពតាមអ្វីដែលព្រមព្រៀង។
 
«ទោះមានការខកចិត្តក្ដី ជាប្រេសិតពិសេស ខ្ញុំមិនបោះបង់ការប្រឹងប្រែងដើម្បីបន្តជួយមីយ៉ាន់ម៉ា ជួយប្រជាជនមីយ៉ាន់ម៉ាកុំឱ្យជួបវិនាសកម្មដូចកម្ពុជា។ យើងឆ្លងកាត់សង្រ្គាមស៊ីវិល និងទុក្ខសោកបីទសវត្សរ៍។ យើងដឹងអ្វីទៅជាសង្រ្គាមស៊ីវិល ហើយយើងចង់បញ្ចៀសសង្រ្គាមស៊ីវិលនៅមីយ៉ាន់ម៉ា។» ប្រមុខការទូតកម្ពុជាអះអាងបែបនេះ មុនបន្តថា អ្វីៗអាស្រ័យលើទីក្រុងណៃពិដោដើម្បីធ្វើសកម្មភាពបង្ហាញថា ភាពជឿនលឿនក្នុងការអនុវត្តការឯកភាព៥ចំណុចនឹងកើតមាន។
 
សូមបញ្ជាក់ថា ក្នុងសេចក្ដីថ្លែងការណ៍រួមក្រោយកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេសអាស៊ានមានការខកចិត្តយ៉ាងខ្លាំងចំពោះដំណើរការមានកម្រិត និងកង្វះការប្តេជ្ញារបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាក្នុងការអនុវត្តការឯកភាព៥ ចំណុចឱ្យបានឆាប់រហ័ស និងពេញលេញ។ រដ្ឋមន្រ្តីការបរទេសអាស៊ាន ផ្តល់អនុសាសន៍ឱ្យកិច្ចប្រជុំកំពូលអាស៊ានវាយតម្លៃពីការអនុវត្តរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា មុននឹងដាក់ចេញជំហានបន្ទាប់។
 
បើតាមសេចក្ដីថ្លែងការណ៍នេះ របបយោធាមីយ៉ាន់ម៉ាមានដល់ខែវិច្ឆិកាដែលជាជំនួបកំពូលមេដឹកនាំអាស៊ាន ដើម្បីធ្វើសកម្មភាពបង្ហាញពីឆន្ទៈរបស់ខ្លួន។ ត្រង់នេះ លោក ប្រាក់ សុខុន លើកឡើងថា បើមីយ៉ាន់ម៉ានៅតែប្រហារជីវិតទៀត អាស៊ាន នឹងពិចារណាពីជំហររបស់ខ្លួនមិនខាន៕
 

Tag:
 កម្ពុជា
  អាស៊ាន
  មីយ៉ាន់ម៉ា)
© រក្សាសិទ្ធិដោយ thmeythmey.com