គ្រឹះស្ថានសិក្សារបស់ អ្នកឧកញ៉ា គួច ម៉េងលី រួមមានមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាខេត្តតាកែវ នៅថ្ងៃទី០៧ សីហា បានរៀបចំព្រឹត្តិការណ៍ «រត់ដើម្បីសប្បុរសធម៌» ក្នុងបុព្វហេតុកៀរគរថវិកាចូលរួមសកម្មភាពសប្បុរសធម៌នៅក្នុងខេត្តតាកែវ។
លោក រឿង សុភាព អនុប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានមានប្រសាសន៍ថា សកម្មភាពនេះ គឺផ្តល់ឱកាសដ៏មានអត្ថន័យបំផុតសម្រាប់អ្នកចូលរួមទាំងអស់ ពីព្រោះពួកគេបានរួមចំណែកគាំទ្រដល់សកម្មភាពសប្បុរសធម៌ក្នុងខេត្តតាកែវ ។ទន្ទឹមនឹងនេះដែរ អ្នកចូលរួមក៏នឹងទទួលបាននូវបទពិសោធន៍ដ៏រីករាយ និងអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានជាមួយក្រុមគ្រួសារ និងមិត្តភក្តិជាទីស្រឡាញ់។
![](https://image.thmeythmey.com/pictures/2022/08/08/1.jpg)
លោកបញ្ជាក់ថា ចំពោះកម្មវិធីរត់ប្រណាំងនេះ សម្រាប់គោលដៅរត់ប្រណាំងយើងនឹងចេញដំណើរនៅពីមុខអគារមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាខេត្តតាកែវ តាមផ្លូវជាតិលេខ២ រួចបត់ស្តាំតាមផ្លូវលេខ៣១ បន្តទៅផ្លូវក្រវាត់ក្រុង ហើយបត់ឆ្វេងទៅតាមផ្លូវជាតិលេខ២វិញ ដោយឆ្លងកាត់វិមានឯករាជ្យ ក្រុងដូនកែវ ហើយនឹងត្រូវបញ្ចប់ទីនៅពីមុខអគារមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាខេត្តតាកែវ ដែលមានរយៈចម្ងាយ៣.៩ គីឡូម៉ែត្រ។ ក្នុងនោះ អ្នកចូលរួមត្រូវចំណាយថវិកាក្នុងការចុះឈ្មោះចូលរួម ខណៈប្រជាពលរដ្ឋរស់នៅខេត្តតាកែវ មិនតម្រូវឱ្យបង់ថវិកានោះទេ។
![](https://image.thmeythmey.com/pictures/2022/08/08/2.jpg)
លោក រឿង សុភាព បានឱ្យដឹងថា «ការចំណាយថវិកាក្នុងសកម្មភាពនេះ គឺជាការចូលរួមចំណែកជួយដល់អ្នកខ្វះខាតតាមទីជនបទ ក៏ដូចជាទិញសម្ភារសិក្សាជូនកុមារខ្វះខាតផងដែរ ព្រោះថវិកាដែលប្រមូលបានយើងនឹងប្រគល់ជូនមូលនិធិ ម៉េងលី ជេ. គួច ដើម្បីចូលរួមចំណែកក្នុងការងារសង្គម និងសប្បុរសធម៌ ជាពិសេសដើម្បីសុខភាពយើងទាំងអស់គ្នា។»
លោកបានបន្ថែមថា ជ័យលាភីនៃការរត់ប្រណាំងចំណាត់ថ្នាក់លេខ១ នឹងទទួលបានមេដាយមាស១គ្រឿង និងវត្ថុអនុស្សាវរីយ៍។ ដោយឡែក ចំណាត់ថ្នាក់លេខ២ មេដាយប្រាក់១គ្រឿង និងវត្ថុអនុស្សាវរីយ៍ និងចំណាត់ថ្នាក់លេខ៣ មេដាយសំរឹទ្ធិ១គ្រឿង និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត។
![](https://image.thmeythmey.com/pictures/2022/08/08/3.jpg)
លោកអនុប្រធានសាលាសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍នេះមានគោលបំណងលើកកម្ពស់សុខភាពផ្តល់ភាពសប្បាយរីករាយដល់អ្នកចូលរួម ហើយអ្វីដែលកាន់តែពិសេសទៀតនោះ គឺដើម្បីបុព្វហេតុសប្បុរសធម៌ ហើយក៏សូមអរគុណដល់អាជ្ញាធរដែនដីដែលបានគាំទ្រ និងសហការក្នុងការរៀបចំកម្មវិធីឱ្យដំណើរការទៅបានយ៉ាងរលូនផងដែរ។
គួរបញ្ជាក់ថា កម្មវិធីសប្បុរសធម៌ ត្រូវបានបង្កើតឡើងដើម្បីចូលរួមចំណែកក្នុងការជំរុញលើកកម្ពស់វប្បធម៌ចែករំលែកក្នុងសង្គម ក៏ដូចជាផ្សារភ្ជាប់ការសិក្សារបស់សិស្សានុសិស្សទៅនឹងសហគមន៍។ រាល់ពេលមានការរៀបចំកម្មវិធី សាលារៀន អន្ដរទ្វីប អាមេរិកាំង តែងតែរៀបចំឱ្យសិស្សានុសិស្សមានសកម្មភាពស្ម័គ្រចិត្ដរួមគ្នាស្វែងរកនូវជំនួយសប្បុរសធម៌ ការកៀរគរនូវថវិកាសប្បុរសធម៌ពីសប្បុរសជននានាតាមរយៈការដាក់លក់នូវវត្ថុអនុស្សាវរីយ៍ និងនំចំណីផ្សេងៗ និងស្វាគមន៍ទទួលនូវជំនួយសម្ភារសប្បុរសធម៌ ដើម្បីយកទៅចែកជូនដល់កុមារកំព្រា ជនទុរគត ជនពិការ ជនក្រីក្រ ចាស់ជរា ទីវត្ដអារាម និងសាលារៀន ដែលមានភាពខ្វះខាតនៅតាមទីជនបទឆ្ងាយៗ ក្នុងគោលបំណងជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងការរួមចំណែកវប្បធម៌ចែករំលែកជាមួយរាជរដ្ឋាភិបាល៕
![](https://image.thmeythmey.com/pictures/2022/08/08/4.jpg)
![](https://image.thmeythmey.com/pictures/2022/08/08/5.jpg)
![](https://image.thmeythmey.com/pictures/2022/08/08/6.jpg)
![](https://image.thmeythmey.com/pictures/2022/08/08/7.jpg)
![](https://image.thmeythmey.com/pictures/2022/08/08/8.jpg)
![](https://image.thmeythmey.com/pictures/2022/08/08/9.jpg)
(អត្ថបទពាណិជ្ជកម្ម)