ប្រទេសនីមួយៗតែងមាន អាហារដែលចាត់ទុកជាអត្តសញ្ញាណ ដើម្បីបង្ហាញពីវប្បធម៌ នៃគំនិតច្នៃប្រឌិតលើអាហារ អមដោយរសជាតិពិសេស និងការពេញនិយមរបស់ពលរដ្ឋភាគច្រើននៅក្នុងប្រទេស។ ជាមួយគ្នានេះ អាហារតំណាងឱ្យប្រទេសទាំងនោះ ក៏ជាផ្នែកមួយជួយទាក់ទាញទេសចរឱ្យទៅស្វែងរក និងភ្លក់រស់ជាតិអាហារទាំងនោះ។
ហហ្មុកត្រី ជាមុខម្ហូបមួយប្រភេទតំណាងឱ្យប្រទេសកម្ពុជា។ ម្ហូបប្រភេទនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរស្គាល់។ អាហារនេះ ភាគច្រើនប្រើសាច់ត្រី លាយជាមួយគ្រឿងបន្ថែមរសជាតិដែលផ្សំបញ្ចូលគ្នា មិនក្រោមប្រាំមុខឡើយ។ ស្លឹកស្លត ឬស្លឹកកន្ទួត ដើម្បីទ្រាប់ពីក្រោមមុនពេលចំហុយ ។ រសម្ហូបប្រភេទនេះ ប្រហែលទៅហ្នឹងសម្លខ្ទិះ ប៉ុន្ដែខុសត្រងហហ្មុកជាម្ហូបគោក ចំណែកឯសម្លខ្ទិះមានទឹកច្រើន។
![](https://image.thmeythmey.com/pictures/2022/08/14/a1.jpg)
អាម៉ុក រូបភាពពីDelicious food channel
តុមយ៉ាំ ជាម្ហូបប្រពៃណីតំណាងឱ្យប្រទេសថៃ។ រសម្ហូបប្រភេទនេះ មានហឹរ ជូរ។ គេអាចប្រើសាច់ត្រី សាច់មាន់ សាច់គោ ឬ គ្រឿងសមុទ្រក៏បាន។ នៅពេលចូលដល់ប្រទេសថៃ គេអាចរកម្ហូបប្រភេទនេះ ភ្លក់រសបានដោយងាយ ដោយសារអាហារប្រភេទមានលក់ស្ទើរគ្រប់កន្លែង មិនថាអាហារដ្ឋានតូច ឬធំនោះឡើយ។
![](https://image.thmeythmey.com/pictures/2022/08/14/a2.jpg)
តុំយ៉ាំ រូបភាពពី Khmer Food
ណាស៊ីឡេម៉ាក់ ឬបាយខ្ចប់បែបម៉ាឡេ (Nasi lemak Rice) ជាអាហារពេញនិយមរបស់ពលរដ្ឋនៅក្នុងប្រទេសម៉ាឡេស៊ី។ អាហារនេះ មានបាយអប់ជាមួយខ្ទិះដូង ដាក់សាច់មាន់ចៀន ឬគ្រឿងសមុទ្រ បន្លែស្រស់ ត្រីដូរីបំពង សណ្ដែកដីលីង និងមានស៊ុតស្ងោរ និងទឹកជ្រលក់បែបម៉ាឡេ។ តាមធម្មតា អាហារប្រភេទនេះ ត្រូវបានគេដាក់បញ្ចូលគ្នា នៅក្នុងចានមួយទាំងបន្លែ សាច់ និងទឹកជ្រលក់។ ជាមួយគ្នានេះ ពេលខ្ចប់គេត្រូវរកស្លឹកចេកកាច់ជាកន្ទោង។ ភោជនីដ្ឋានបែបម៉ាឡេខ្លះនៅក្នុងប្រទេសកម្ពុជា ក៏រៀបចំសម្រាប់ភ្ញៀវបែបនេះដែរ។
![](https://image.thmeythmey.com/pictures/2022/08/14/a3.jpg)
បាយណាស៊ីឡេម៉ាក់ រូបភាពដោយ istockphoto
បាយមាន់ស្ងោរ (Hainan Chicken Rice ) ជាអាហារប្រពៃណីពិសេសរបស់ប្រជាជននៅសិង្ហបុរី។ បាយប្រភេទនេះ បញ្ចូលគ្រឿងរសជាតិផ្សំដូចជាខ្លាញ់មាន់ ប៊័រ ខ្ញី និងគ្រឿងបន្ថែមរសមួយចំនួនផ្សេងទៀត ដើម្បីបង្កើនរសជាតិបាយឆ្ងាញជាងធម្មតា។ អាហារនេះប្រភេទនេះ រួមមានបាយ សាច់មាន់ស្ងោរ ទឹកស៊ុប បន្លែ រួមជាមួយទឹកជ្រលក់មួយមុខឬពីមុនបន្ថែម។
![](https://image.thmeythmey.com/pictures/2022/08/14/a4.jpg)
បាយមាន់ស្ងោរបែបសិង្ហបុរី រូបភាពដោយKitchen Story
អាដូបូ (Adobo) ជាម្ហូបប្រពៃណីប្រចាំប្រទេសហ្វីលីពីន។ អាហារប្រភេទនេះត្រូវបានចម្អិនដោយប្រើសាច់មាន់ ឬសាច់ជ្រូក។ បើមើលពីរូបរាងខាងក្រៅប្រហែលហ្នឹងសម្លខសាច់ជ្រូក ឬខសាច់មាន់នៅក្នុងប្រទេសកម្ពុជាដែរ។ គ្រឿងផ្សំពិសេសរបស់អាដូបូ គឺទឹកខ្មេះ និងទឹកស៊ីអ៊ីវ។ គេចម្អិនវា ដោយការរម្ងាស់សាច់មាន់ ឬសាច់ជ្រូករហូតដាច់ទឹក ប្រហែលកន្លះម៉ោងទើបអាចយកមកបរិភោគបាន។
![](https://image.thmeythmey.com/pictures/2022/08/14/a5.jpg)
អាដូបូ រូបភាពដោយ Simply Delicious
ណាស៊ី ផាដាង (Nasi padang ) ជាបាយឆាលាយសាច់មួយប្រភេទដែលត្រូវបានប្រជាជននៅក្នុងប្រទេសឥណ្ឌូណេស៊ីពេញនិយមបរិភោគ។ គ្រឿងផ្សំបាយប្រភេទនេះ រួមមានខ្ទឹមស ខ្ទឹមក្រហម លីងជាមួយសាច់មាន់ និងស៊ុតទា និងបន្ថែមទឹកជ្រលក់ផ្អែមធ្វើពីទឹកស៊ីអីវរម្ងាស់ជាមួយស្ករត្នោត។ គេយកបាយស ឆាបញ្ចូលគ្នាឱ្យសព្វសាច់ រួចប្រើគ្រឿងទេសបន្ថែមរស និងពណ៌បន្តិច ជាការស្រេច។ គេអាចបន្ថែមស៊ុតចៀនសាបមួយ ឬស្លឹកខ្ទឹមខ្លះៗពីលើបាយ ដើម្បីបង្កើនភាពទាក់ទាញ។
![](https://image.thmeythmey.com/pictures/2022/08/14/a6.jpg)
បាយឆា បែប ឥណ្ឌូណេស៊ីរូបភាពពីគេហទំព័រ Cambodia Recipe
អាមប៊ូយ៉ាត់( AMBUYAT) ជាម្ហូបប្រភេទនេះត្រូវបានគេចាត់ទុកថា ជាម្ហូបដែលឆ្ងាញ់បំផុតនៅក្នុងប្រទេសព្រុយណេ ហើយភាគច្រើនគេតែងបរិភោគក្នុងពេលជួបក្រុមគ្រួសារ ឬមិត្តភ័ក្តិជាក្រុមៗ។ អាហារប្រភេទនេះ គេយកម្សៅមួយប្រភេទមានឈ្មោះថា AMBULONG ទៅលាយជាមួយទឹកក្តៅរួចបន្តកូរឱ្យឆ្អិនស្មើសាច់ រហូតដល់ស្អិតជាប់គ្នា ទើបអាចបរិភោគបាន។ គេបរិភោគអាមប៊ូយ៉ាត់ ជាមួយម្ហូបប្រពៃណីពីរបីមុខបន្ថែម ក្នុងនោះអាចមានត្រី និងសម្លទឹក និងគ្រឿងជ្រលក់ផ្សេងទៀត រួមជាមួយបន្លែផងដែរ។
![](https://image.thmeythmey.com/pictures/2022/08/14/a7.jpg)
អាប៉ូយ៉ាត់ រូបភាពពីគេទំព័រ recipes
ហ្វឺ (Pho) ជាអាហារប្រពៃណីរបស់ពលរដ្ឋវៀតណាម។ វាកើតចេញពីការច្នៃប្រឌិត និងបានក្លាយជាទីពេញនិយមរបស់ពលរដ្ឋក្នុងប្រទេសនេះផងដែរ។ រសរបស់ហ្វឺសាបៗ និងត្រូវដាក់ជាមួយទឹកជ្រលក់ ដើម្បីបង្កើតរសជាតិតាមចំណូលចិត្តរបស់អ្នកបរិភោគ។ អាហារប្រភេទនេះ គេអាចថែមបន្លែបៃតងស្រស់ ជាមួយជីបន្លា ឬ និងជីនាងវងបាន។ បច្ចុប្បន្នអាហារប្រភេទនេះ ត្រូវបានសាយភាពមកដល់កម្ពុជាផងដែរ។
![](https://image.thmeythmey.com/pictures/2022/08/14/a8.jpg)
ហ្វឺ រូបភាពពីគេហទំព័រ De Bokor
ឡាបសាច់គោ ជាម្ហូបតំណាងឱ្យប្រទេសឡាវ។ អាហារប្រភេទនេះ ប្រជាជននៅក្នុងប្រទេសឡាវនិយមបរិភោគជាមួយស្រាបៀរមួយប្រភេទដែលផលិតនៅក្នុងស្រុក។ រសជាតិម្ហូបប្រភេទនេះ ប្រហែលហ្នឹងភ្លាត្រីរបស់ពលរដ្ឋរស់នៅក្នុងខេត្តស្ទឹងត្រែង ក្នុងប្រទេសកម្ពុជា ប៉ុន្ដែរសរបស់វាដិតជាងភ្លាត្រីបន្តិច។ ឡាបសាច់គោនេះអាចបរិភោគជាមួយបន្លែបៃតងក៏បាន។
![](https://image.thmeythmey.com/pictures/2022/08/14/a9.jpg)
ឡាបសាច់គោ រូបភាពពីគេហទំព័រ មេផ្ទះ (Housewife)
ម៉ូហ៊ីនហ្កា ( Mohinga) ជាស៊ុបមួយប្រភេទពេញនិយមសម្រាប់ពលរដ្ឋមីយ៉ាន់ម៉ា។ ស៊ុបប្រភេទនេះ ត្រូវបានគេធ្វើពីម្សៅអង្គរផលិតចេញជាសរសៃមី បើធៀបទៅប្រហែលហ្នឹងសរសៃនំបញ្ចុកខ្មែរដែរ។ ម៉ូ ហ៊ីនហ្កា គឺជាស៊ុបមីមួយប្រភេទដែលមានក្លិនប្រហើរត្រី អាចបរិភោគជំនួយអាហារពេលព្រឹកបាន៕
![](https://image.thmeythmey.com/pictures/2022/08/14/a10.jpg)
ម៉ូហ៊ីនហ្កា រូបភាពដោយគេហទំព័រ reamstime