ជាតិ
សង្គមជាតិ
លោក ជេត ជាលី លើកទឹកចិត្តយុវជនឱ្យបង្កើតគំនិតថ្មីៗ ដោយកុំនៅស្ងៀម ហើយចាំតែរិះគន់ 21, Aug 2022 , 3:19 pm
![លោក ជេត ជាលី សាកលវិទ្យាធិការRUPP កំពុងថ្លែងក្នុងពិធីសន្និសីទចែករំលែកពីបច្ចេកវិទ្យាសម្រាប់ធុរកិច្ចថ្មីលើកទី៣ នៅថ្ងៃទី២០សីហា ឆ្នាំ២០២២។ រូបថត៖ អ៊ូ សុខមាន](https://image.thmeythmey.com/pictures/2022/08/21/thumb2/up.jpg)
លោក ជេត ជាលី សាកលវិទ្យាធិការRUPP កំពុងថ្លែងក្នុងពិធីសន្និសីទចែករំលែកពីបច្ចេកវិទ្យាសម្រាប់ធុរកិច្ចថ្មីលើកទី៣ នៅថ្ងៃទី២០សីហា ឆ្នាំ២០២២។ រូបថត៖ អ៊ូ សុខមាន
×![]()
សង្គមមួយរីកចម្រើនខ្លាំង ជាសង្គមដែលមានធនធានមនុស្សខ្លាំង ពោលគឺជាធនធានមនុស្សដែលមានការអប់រំខ្ពស់ មានការគិតស៊ីជម្រៅ មានគំនិតច្នៃប្រឌិតខ្ពស់ និងមានភាពជាពលរដ្ឋល្អ ជាដើម ។ នេះជាការយល់ឃើញរបស់លោក ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលចាត់ទុកយុវជន ជាធនធានមនុស្សយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ។ លោក លើកទឹកចិត្តយុវជន ឱ្យបន្តបង្កើតនូវគំនិតថ្មីៗ ដោយកុំនៅស្ងៀម ហើយចាំតែរិះគន់។
ការសិក្សាស្រាវជ្រាវរកឃើញនូវអ្វីដែលថ្មី សម្រាប់យុវជន គឺមិនមែនជារឿងឥតប្រយោជន៍ទេ ឱ្យតែផលិតផលថ្មីនោះ បម្រើដល់ប្រយោជន៍ដល់សង្គមមនុស្ស សេដ្ឋកិច្ច និងប្រទេសជាតិ។ លោក ជេត ជាលី ថ្លែងបែបនេះ ក្នុងពិធីសន្និសីទចែករំលែកពីបច្ចេកវិទ្យាសម្រាប់ធុរកិច្ចថ្មីលើកទី៣ ក្នុងបរិវេណនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) នាថ្ងៃទី២០សីហា ឆ្នាំ២០២២។
ជាមួយគ្នានេះ លោក បានលើកទឹកចិត្តដល់យុវជនគ្រប់រូប ឱ្យបន្តការរៀនសូត្រ និងស្វែងរកនូវគំនិតថ្មីៗ សម្រាប់ជាឧត្តមប្រយោជន៍ក្នុងការអភិវឌ្ឍខ្លួនឯង និងសង្គមជាតិ។ សាកលវិទ្យាធិការ RUPP រូបនេះ សង្កត់ធ្ងន់ដូច្នេះ៖ «ប្អូនៗយុវជនយើង សូមកុំនៅស្ងៀម សូមកុំចាំតែគេផ្តល់អ្វីឱ្យទាំងអស់! ត្រូវស្វែងរកខ្លួនឯង ត្រូវច្នៃប្រឌិត និងបង្កើតគំនិតថ្មីៗបន្តទៀត។ កុំនៅស្ងៀម ហើយចាំតែរិះគន់។ ពិភពលោកនេះ គឺជាការប្រណាំងប្រជែង! បើយើងប្រណាំងប្រជែងចាញ់មិត្តភក្តិយើង ចាញ់ប្រទេសជិតខាងយើង ចាញ់អ្នកដទៃក្នុងពិភពលោកនេះ គឺយើងនឹងបន្តចាញ់»។
![](https://image.thmeythmey.com/pictures/2022/08/21/j__2_.jpg)
លោក ស្រ៊ុន សុវិឡា នាយកនៃ NICC កំពុងផ្តល់បទសម្ភាសឱ្យក្រុមអ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី២០សីហា ឆ្នាំ២០២២។ រូបថត៖ អ៊ូ សុខមាន
ជុំវិញនៃការបង្កើតគំនិតថ្មីៗរបស់យុវជនក្នុងការដោះស្រាយបញ្ហាសង្គមនានា ពិសេសការដោះស្រាយ បញ្ហាដោយប្រើប្រាស់នូវបច្ចេកវិទ្យា មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា (NICC) នឹងជួយគាំទ្រគំនិតនោះឱ្យក្លាយជាអាជីវកម្មដែលមានទម្រង់ជាធុរកិច្ចថ្មី(Startup) ឬ អាជីវកម្មខ្នាតតូច(Small Business)។ ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាន លោក ស្រ៊ុន សុវិឡា នាយកនៃ NICC បាននិយាយដូច្នេះ៖ «យើងជួយបំពេញបន្ថែមចំពោះការបណ្តុះបណ្តាលជំនាញកម្រិតខ្ពស់ ទៅកាន់យុវជន និង និស្សិតរបស់យើង ឱ្យត្រូវជាមួយនឹងអ្វីដែលក្រុមហ៊ុនបច្ចេកវិទ្យាត្រូវការ»។
ជាង៧ខែមកនេះ នៃឆ្នាំ២០២២ NICC បានអនុវត្តគម្រោង ជួយបង្រៀននិស្សិតឱ្យមានគំនិតក្នុងការបង្កើតអាជីវកម្មថ្មី បានជាង១០០នាក់ហើយ។ ក្រៅពីនេះ NICC ក៏ជួយបង្កើតនូវផលិតផលគម្រូថ្មីរបស់និស្សិតបាន៤ក្រុម ផងដែរ។ លោក ស្រ៊ុន សុវិឡា បានបញ្ជាក់ថា៖ « យើងបន្តជ្រើសរើសនិស្សិត៧ក្រុមទៀត ហើយយើងនឹងជួយបង្កើតផលិតផលគម្រូ និងជួយជំរុញគាត់ ដើម្បីពង្រីកនូវទីផ្សាររបស់ពួកគាត់»។
បើតាមនាយកនៃNICC នៅចុងឆ្នាំ២០២២ NICC នឹងបញ្ជូនអ្នកធុរកិច្ចថ្មី ទៅចូលរួមតាំងពិពិរណ៍ International Forum Startup នៅប្រទេសកូរ៉េខាងត្បូង ដើម្បីស្វែងយល់អំពីធុរកិច្ចថ្មីៗ នៅបណ្តាប្រទេសនានាក្នុងពិភពលោក។
![](https://image.thmeythmey.com/pictures/2022/08/21/j__1_.jpg)
លោក Kim Jun Su នាយករងនៃKOICA ប្រចាំកម្ពុជា។ រូបថត៖ អ៊ូ សុខមាន
ជាមួយគ្នានេះ លោក Kim Jun Su នាយករងនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំនៅកម្ពុជា បានលើកឡើងថា KOICA នឹងជួយRUPP និងNICC ក្នុងការរៀបចំកម្មវិធីប្រកួតប្រជែងStartup និងការបណ្តុះឌីជីថល Startup ជាដើម។ សម្រាប់សន្និសីទចែករំលែកពីបច្ចេកវិទ្យាសម្រាប់ធុរកិច្ចថ្មីនៅបរិវេណនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាថ្ងៃទី២០សីហា ឆ្នាំ២០២២ គឺជាលើកទីបីហើយដែល KOICA ចូលរួមរៀបចំឡើង ដោយលើកទីមួយធ្វើតាមអនឡាញ និងលើកទីពីរ ធ្វើនៅFactory Phnom Penh ៕
![](https://image.thmeythmey.com/pictures/2022/08/21/img_0794.jpg)
(រាប់ពីឆ្វេង) លោក វ៉ា សុវណ្ណតារា នាយករងនៃNICC, លោក ស្រ៊ុន សុវិឡា នាយកនៃ NICC, លោក ជេត ជាលី សាកលវិទ្យាធិការRUPP និង លោក Kim Jun Su នាយករងនៃKOICA ប្រចាំកម្ពុជា។ រូបថត៖ អ៊ូ សុខមាន
Tag:
អប់រំ
លោក ជេត ជាលី
RUPP
© រក្សាសិទ្ធិដោយ thmeythmey.com