អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មេដឹកនាំសិង្ហបុរី៖ សិង្ហបុរីនឹងលុបចោលច្បាប់ដាក់ទោសបុរសស្រលាញ់បុរស
22, Aug 2022 , 2:15 pm        
រូបភាព
នាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង នៅថ្ងៃទី២១ ខែសីហា បានប្រកាសថា សិង្ហបុរីនឹងលុប​ច្បាប់​ប្រឆាំងបុរសស្រលាញ់បុរសដ៏ចាស់គំរិស ដែលបន្សល់ទុកតាំងពីសម័យអាណានិគម​អង់គ្លេស។ ទោះ​ជាយ៉ាងនេះក្ដី រដ្ឋាភិបាលសិង្ហបុរីនៅតែបន្តគាំទ្រឱ្យមានការរៀបការរវាង​បុរសនិងស្ត្រីដដែល។

 
នៅក្នុងសុន្ទរកថាប្រចាំឆ្នាំ ប្រមុខរដ្ឋាភិបាលសិង្ហបុរី លី សៀនឡុង បាន​ប្រកាសថា សិង្ហបុរី​នឹង​រំលាយ​ច្បាប់ប្រឆាំងបុរសដែលស្រលាញ់បុរសដូចគ្នា ដែលវានឹងបើកផ្លូវឱ្យបុរស​ដែលមានទំនាក់ទំនងផ្លូវភេទ​ជាមួយបុរសមិនមានទោសទណ្ឌឡើយ។ រដ្ឋាភិបាលសិង្ហបុរីពិចារ​ណាលុបច្បាប់នេះ ដោយមើល​ឃើញ​ថាបច្ចុប្បន្នសង្គមសិង្ហបុរី ជាពិសេសមនុស្សជំនាន់ថ្មី​នៅក្នុង​ប្រទេស ទទួលយក​មនុស្សស្រលាញ់​ភេទ​ដូចគ្នាកាន់តែច្រើន ប៉ុន្តែលោកមិនបញ្ជាក់ពេលវេលាជាក់លាក់ដើម្បីលុបចោលការកំណត់នេះ​ឡើយ។ 
 
កន្លងមក បញ្ញត្តិចែងដាក់ទោសបុរសស្រលាញ់បុរស មានកំណត់ក្នុង​មាត្រា៣៧៧A នៃក្រម​ព្រហ្មទណ្ឌសិង្ហបុរីដែល​ជាមរតកពីសម័យអាណានិគមអង់គ្លេស។ ច្បាប់នេះដាក់ទោស​ឱ្យជាប់​ពន្ធនាគាររយៈ​ពេល​២ឆ្នាំលើអ្នកល្មើស។ ប៉ុន្តែការអនុវត្តច្បាប់នេះ ក៏កម្រមានដែរក្នុងប្រទេសនេះ។ 
 
«រដ្ឋាភិបាលសិង្ហបុរីនឹងលុបចោលមាត្រា ៣៧៧A ហើយបុរសរួមភេទជាមួយបុរសនឹង​មិនមាន​ទោស​ទេ។ ខ្ញុំ​ជឿ​ថា ​ការរំលាយច្បាប់នេះជា​រឿង​ត្រឹមត្រូវ​ ហើយវាជា​អ្វី​ដែល​ប្រជាជន​សិង្ហបុរី​ភាគ​ច្រើន​ទទួល​យកបាននា​ពេលឥឡូវ​នេះ»។ លោក លី បានអះអាងបែបនេះក្នុង​សន្ទរកថាដដែល រួចបន្ថែមថា វានឹង​ធ្វើឱ្យច្បាប់តាមទាន់​សង្គម​បច្ចុប្បន្ន ហើយលោក​សង្ឃឹម​ថា​វានឹង​ធ្វើឱ្យអ្នកស្រលាញ់ភេទ​ដូចគ្នានៅ​សិង្ហបុរីមិនសូវមានសម្ពាធទៀតឡើយ។
 
យ៉ាងណាមិញ ប្រមុខរដ្ឋាភិបាលសិង្ហបុរី នៅតែគាំទ្រការរៀបការដែលត្រឹមត្រូវបំផុតតាម​ច្បាប់ធម្មជាតិ​គឺរវាងបុរស និងស្ត្រី។ លោក លី ​បាន​សង្កត់​ធ្ងន់​ថា មានតែការរៀប​ការ​រវាង​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់តែ​ប៉ុណ្ណោះ​ដែលត្រូវ​បាន​ទទួល​ស្គាល់​ក្រោមច្បាប់ក្នុង​​សិង្ហបុរី។ 
 
ចលនាទាមទារឱ្យលុបចោលច្បាប់ចម្រូងចម្រាសនេះ មានយូរណាស់មកហើយ។ ការស្នើរំលាយ​ច្បាប់​បុរសស្រលាញ់ភេទដូចគ្នាពីរដង ក៏មិនបាន​សម្រេចទៅទៀត។ ការស្នើលើកទី១ ធ្វើឡើងកាលពីឆ្នាំ ២០១៤ តែ​តុលាការបានច្រាន​ចោល។ បន្ទាប់មក តុលាការបានច្រានចោលសំណើជាលើកទី២ កាលពីខែកុម្ភៈដើមឆ្នាំ​២០២១។ 
 
គួរបញ្ជាក់ថា ឥណ្ឌា​ក៏​មាន​មរតក​ច្បាប់ប្រឆាំងបុរសស្រលាញ់ភេទដូចគ្នា ​ដែលសល់​ពីអាណានិ​គម​អង់គ្លេសដូច​សិង្ហបុរី​​ដែរ ហើយប្រទេសនេះបាន​លុប​ចោល​កាលពី​ឆ្នាំ​២០១៨។ បន្ទាប់​មក នៅឆ្នាំ២០១៩ ​តៃវ៉ាន់ បានអនុញ្ញាតឱ្យ​​អ្នក​ស្រលាញ់ភេទគ្នារៀបការដោយស្របច្បាប់​ផងដែរ៕
 

Tag:
 សិង្ហបុរី
© រក្សាសិទ្ធិដោយ thmeythmey.com