អន្តរជាតិ
ការសិក្សា៖ រលកកំដៅដ៏គ្រោះថ្នាក់ ទំនងកើតមាននៅតំបន់ត្រូពិចជារៀងរាល់ថ្ងៃនៅត្រឹមឆ្នាំ២១០០
27, Aug 2022 , 8:30 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
 
ដោយ៖ ហ៊ួយ ស៊ីវលី 
 
ក្រុមអ្នកស្រាវជ្រាវព្រមានពីការកើនឡើងកម្តៅដ៏គ្រោះថ្នាក់នៅក្នុងប្រទេសតំបន់ត្រូពិចនៅត្រឹមឆ្នាំ២១០០​ ទោះបីមនុស្សជាតិអាចសម្រេចបានតាមគោលដៅអាកាសធាតុក៏ដោយ។ នេះបើតាមការសិក្សាមួយចេញនៅថ្ងៃទី២៥ ខែសីហា។
 
ការសិក្សាមួយចេញផ្សាយនៅក្នុងទស្សនាវដ្តីទំនាក់ទំនងផែនដីនិងបរិស្ថាននៅថ្ងៃទី២៥ ខែសីហាព្រមានថា មនុស្សរាប់លាននាក់ដែលរស់នៅទូទាំងតំបន់ត្រូពិច នឹងទទួលរងសីតុណ្ហភាពដ៏គ្រោះថ្នាក់ស្ទើររាល់ថ្ងៃនៅត្រឹមចុងសតវត្សនេះ។ 
 
នៅក្នុងការសិក្សានេះ អ្នកស្រាវជ្រាវ Lucas Vargas Zeppetello និងសហការីផ្សេងទៀតប្រើប្រវត្តិទិន្នន័យអាកាសធាតុកន្លងមក ហើយដាក់បញ្ចូលទិន្នន័យទាំងនោះជាមួយនឹងការព្យាករណ៍កំណើនប្រជាជន សេដ្ឋកិច្ច និងការបំភាយឧស្ម័នកាបូននិកនាពេលអនាគត ដើម្បីបង្កើតរូបមន្តផ្អែកលើប្រូបាប៊ីលីតេមួយសម្រាប់ប៉ាន់ស្មានការកើនឡើងសីតុណ្ហភាពសកល។ 
 
ជាលទ្ធផលក្នុងការសិក្សា អ្នកស្រាវជ្រាវប៉ាន់ស្មានថា ការកំណត់កំណើនកម្តៅផែនដីជាមធ្យម១,៥អង្សានៅត្រឹមឆ្នាំ២១០០ មានឱកាសសម្រេចបានត្រឹមតែ០,១ភាគរយប៉ុណ្ណោះ ខណៈកំណើនកម្តៅផែនដីត្រូវបានព្យាករណ៍ថា ទំនងកើនឡើងដល់១,៨អង្សាសេនៅក្នុងឆ្នាំ២០៥០។ លើសពីនេះ អ្នកស្រាវជ្រាវរកឃើញថា នៅត្រឹមឆ្នាំ២១០០ ការកើនឡើងសីតុណ្ហភាពជាមធ្យមក្នុងពិភពលោកដែលទំនងកើតមានបំផុតមានដល់ទៅ៣អង្សាឯណោះ​។ លោក Zeppetello ហៅស្ថានភាពនេះជាសុបិន្តអាក្រក់សម្រាប់មនុស្សគ្រប់រូប។ 
 
កន្លងមក ប្រទេសនានា ដាក់គោលដៅនៅក្នុងកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ដោយកំណត់សីតុណ្ហភាពកើនឡើងតិចជាង២អង្សា។ ប៉ុន្តែនៅក្នុងសេណារីយ៉ូដែលពិភពលោកខកខានសម្រេចបានគោលដៅអាកាសធាតុទាំងនេះ មនុស្សនៅទូទាំងតំបន់ត្រូពិចទទួលរងសីតុណ្ហភាពដ៏គ្រោះថ្នាក់នៅត្រឹមចុងសតវត្សនេះ ដោយកម្រិតសន្ទស្សន៍កម្ដៅ «គ្រោះថ្នាក់ខ្លាំង» ប្រហែលជាអាចកើតមានលើសពី១៥ថ្ងៃជារៀងរាល់ឆ្នាំ។ នេះបើតាមការសិក្សាដដែល។
 
សីតុណ្ហភាព៣៩,៤អង្សា ត្រូវបានចាត់ទុកជាកម្រិតសន្ទស្សន៍កម្ដៅ «គ្រោះថ្នាក់» ហើយសីតុណ្ហភាពលើសពី៥១អង្សាសេត្រូវបានចាត់ទុកថាជាកម្រិត«គ្រោះថ្នាក់បំផុត» និងមិនមានសុវត្ថិភាពសម្រាប់មនុស្សទាំងស្រុង។
 
«នៅក្នុងសេណារីយ៉ូដ៏អាក្រក់បំផុត ដែលការបំភាយឧស្ម័ននៅតែមិនបានត្រួតពិនិត្យ សីតុណ្ហភាពក្តៅខ្លាំងអាចអូសបន្លាយដល់ទៅពីរខែជារៀងរាល់ឆ្នាំនៅក្នុងតំបន់ត្រូពិច»។ លោក Zeppetello បញ្ជាក់បែបនេះ ប៉ុន្តែ​លោកក៏ឆ្លៀតបកស្រាយថា​​ ក៏វា​អាស្រ័យ​ទៅ​មនុស្សជាតិអាចកាត់បន្ថយការបំភាយឧស្ម័នបានលឿនប៉ុណ្ណា។ 
 
អ្នកស្រាវជ្រាវក្នុងការសិក្សានេះបន្ថែមថា នៅក្នុងគ្រប់សេណារីយ៉ូដែលទំនងនឹងកើតឡើង ជំងឺដែលអាចកើតមានពីរលកកម្តៅនេះ នឹងមានការកើនឡើងយ៉ាងខ្លាំង ជាពិសេសក្នុងចំណោមមនុស្សចាស់ ជនងាយរងគ្រោះ និងអ្នកដែលធ្វើការនៅខាងក្រៅ៕
 

Tag:
 បម្រែបម្រួលអាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com