ជាតិ
យុវជនសកម្ម សេវាល្អ
កោះកុង៖ វិទ្យាល័យបូទុមសាគរ កំពុងខ្វះគ្រូឯកទេស ស្របពេលសិស្សកើនឡើង
04, Sep 2022 , 11:59 am        
រូបភាព
ដោយ៖ វុត អិត (យុវជនឃុំអណ្ដូងទឹក)
 
ស្រុកបូទុមសាគរ, កោះកុង៖ ស្របពេលចំនួនសិស្សមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ នាយកវិទ្យាល័យបូទុមសាគរ បានលើកឡើងពីបញ្ហាខ្វះគ្រូជំនាញក្នុងការតម្រង់ទិសសិស្សឱ្យចំគោលដៅ។ បច្ចុប្បន្ន វិទ្យាល័យបូទុមសារគរ មានគ្រូបង្រៀនចំនួន២៨នាក់ រីឯសិស្សកើនឡើងជិត៥០០នាក់។   
 
ស្ថិតក្នុងទីរួមស្រុកបូទុមសាគរ វិទ្យាល័យបូទុមសាគរ បានក្លាយជាផ្នែកមួយបណ្ដុះបណ្ដាលធនធានមនុស្សទាំងក្នុងស្រុក និងតំបន់ដាច់ស្រយាល។ ដោយឡែក គ្រូបង្រៀន ត្រូវបានឱ្យដឹងថាកំពុងខ្វះខាត ដោយសារការប្ដូរចេញក្នុងចំនួនច្រើន។ 
 
លោក អឿ សុទ្ធី នាយកវិទ្យាល័យបូទុមសាគរ បានលើកឡើងថា វិទ្យាល័យរបស់ពុំទាន់មានគ្រូជំនាញគ្រប់គ្រាន់នោះទេ ក្នុងនោះរួមមាន ឯកទេសគណិត រូប គីមី និងជីវៈ។ នេះជាការលំបាកមួយរបស់សាលា ដែលទាមទារឱ្យមានដំណោះស្រាយ ធ្វើយ៉ាងណាពង្រឹងគុណភាពអប់រំបន្ថែមទៀត។ 

លោក អឿ សុទ្ធី នាយកវិទ្យាល័យបូទុមសាគរ 
 
លោក រៀបរាបដូច្នេះថា៖«ពេលខ្លះមានមុខវិជ្ជារូប គីមី យើងឱ្យគ្រូមិនឯកទេសជួយបង្រៀនជំនួស អ៊ីចឹងវាពិបាកដែរ ដោយសារមិនចំឯកទេស។ យើងមានគ្រូជំនាញខ្លះដែរ តែវាមិនទាន់គ្រប់គ្រាន់ មានន័យថា យើងប្រើគាត់លើសកម្រិតរបស់គាត់។ ឧទាហរណ៍ថា កម្រិតថ្នាក់ទី១០ទៅ មានគ្រូជំនាញម្នាក់ ត្រូវកាន់១២បន្ទប់ អ៊ីចឹងកាលយើងប្រើប្រាស់ទៅវាអត់គ្រប់»។  
 
បន្ថែមពីនេះ នាយកសាលារូបនេះ បានត្អូញត្អែថា គ្រូបង្រៀនខ្លះ បានសុំប្ដូរចេញជាបន្តបន្ទាប់ ក្រោមមូលហេតុឆ្ងាយពីស្រុកកំណើត ប្រពន្ធកូន និងបញ្ហាជីវភាពជាដើម។ ស្របពេល សំណើទៅកាន់ក្រសួងអប់រំ ដើម្បីសុំគ្រូជំនួស ហាក់មានភាពយឺតយ៉ាវ។ វិទ្យាល័យបូទុមសាគរមានសិស្សចំនួន៤៩៥នាក់ កើនឡើងប្រមាណ ៤០ភាគរយ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ 
 
លោក អឿ សទ្ធី ប្រាប់ដូច្នេះថា៖«ចំណុចប្រឈមមួយទៀត ត្រង់ថា គ្រូខ្លះ គាត់បង្រៀនច្រើនឆ្នាំ ហើយគាត់សុំដូរទៅវិញ។ អ៊ីចឹង ការសុំប្ដូរផ្លាសពីកន្លែងមួយទៅកន្លែងមួយ យើងមានការលំបាកណាស់។ ព្រោះថា ថ្នាក់លើគាត់ថា ទាល់តែមានថ្នូរចូលមក ទើបគាត់ដូរឱ្យ អ៊ីចឹង ខ្ញុំបានសុំឱ្យគ្រូទាំងនោះ ទ្រាំបង្រៀនសិនទៅ។ ការដែលដូរហ្នឹង ទី១គាត់សុំប្ដូរទៅតាមសាលាជិតផ្ទះ បានជុំគ្រួសាររបស់គាត់វិញ»។


 
ជុំវិញព័ន្ធបញ្ហានេះ លោក ស្នើឱ្យក្រសួងអប់រំ យុវជន និងកីឡា ចុះមកតាមដានពិនិត្យស្ថានភាពសាលាឱ្យញឹកញាប់ ជាពិសេសពន្លឿនសំណើសុំគ្រូឱ្យបានឆាប់រហ័ស៕ 
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្មសេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 

Tag:
 អប់រំ
  សិស្ស
  វិទ្យាល័យបូទុមសាគរ
© រក្សាសិទ្ធិដោយ thmeythmey.com