ជាតិ
លោក ក្រុស សារ៉ាត់៖ ក្មេងៗមួយចំនួនចេញពីចម្ការលោក ខឹម វាសនា មានជំងឺរមាស់ដៃ 04, Sep 2022 , 5:59 pm
![ក្មេងៗដែលចេញពីចម្ការលោក ខឹម វាសនា មានបញ្ហារមាស់ដៃ និងទទួលការព្យាបាលពីគ្រូពេទ្យ។ រូបភាព៖ គ្រុស សារ៉ាត់។](https://image.thmeythmey.com/pictures/2022/09/04/thumb2/fronttt_.jpg)
ក្មេងៗដែលចេញពីចម្ការលោក ខឹម វាសនា មានបញ្ហារមាស់ដៃ និងទទួលការព្យាបាលពីគ្រូពេទ្យ។ រូបភាព៖ គ្រុស សារ៉ាត់។
×![]()
សៀមរាប៖ ក្មេងៗមួយចំនួនមានជំងឺសើស្បែក រមាស់ដៃ និងមនុស្សចាស់មួយចំនួនទៀតមានសុខភាពទ្រុឌទ្រោម ពេលចេញពីចម្ការលោក ខឹម វាសនា ប្រធានគណបក្សLDP ។ នេះបើតាមលោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប។
ប្រជាជន ដែលបានប្រមូលផ្ដុំគ្នានៅចម្ការលោក ខឹម វាសនា ប្រធានគណបក្សLDP បានចេញពីចម្ការជាបន្តបន្ទាប់។ ជាមួយគ្នានោះក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តសៀមរាប ដែលប្រចាំការនៅទីនោះ សង្កេតឃើញថា ក្មេងៗមួយចំនួនមានបញ្ហាសើស្បែក ដោយនៅលើដៃរបស់ពួកគេមានរមាស់ និងអ្នកខ្លះមានពោងខ្ទុះទៀតផង។
យ៉ាងណាមិញ បើតាមលោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប ការមានជំងឺសើស្បែកនេះកើតឡើង ព្រោះកត្តាខ្វះអនាម័យ ហើយឆ្លងពីម្នាក់ទៅម្នាក់ទៀត។ ប៉ុន្តែអាណាព្យាបាលមួយចំនួន មិនអនុញ្ញាតឱ្យក្រុមគ្រូពេទ្យ ពិនិត្យកូនរបស់ពួកគេឡើយ។
![](https://image.thmeythmey.com/pictures/2022/09/04/ss.jpg)
រូបភាព៖ គ្រុស សារ៉ាត់ ប្រធានមន្ទីសុខាភិបាលខេត្តសៀមរាប។
«មួយចំនួនមិនឱ្យក្រុមពេទ្យជួយពិនិត្យព្យាបាល ទោះជាតាមហៅឱ្យចូលមកពិនិត្យ គាត់ហាមម្តាយកូនគាត់ មិនឱ្យចូលកន្លែងពេទ្យ»។ នេះជាការបញ្ជាក់របស់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប ដោយបន្ថែមថា បើសិនពលរដ្ឋនៅបន្តរស់នៅក្នុងចម្ការនោះ ដោយមិនមានអនាម័យ និងមិនមានអាហារបរិភោគត្រឹមត្រូវនឹង អាចធ្វើឱ្យពួកគេឆ្លងជំងឺសើស្បែក និងសុខភាពផ្សេងៗទៀត។
សូមជម្រាបថា កាលពីថ្ងៃទី៣សីហា រដ្ឋបាលខេត្តសៀមរាប បានជួបចចារជាមួយ ខឹម វាសនា ប្រធានគណបក្សLDP ជុំវិញការរំសាយការជួបជុំត្រឹមថ្ងៃទី៥សីហា។ គិតមកទល់ពេលនេះប្រជាជននៅក្នុងចម្ការលោក ខឹំម វាសនា ប្រមាណ ៤ពាន់នាក់។ គួរបញ្ជាក់ថាពលរដ្ឋដែលប្រមូលផ្ដុំគ្នាជួបជុំនៅចម្ការលោក ខឹម វាសនា ព្រោះ ពួកគេទាំងនោះ នៅតែជឿលើការបំផុសបំផុលរបស់លោក ខឹម វាសនា តាមពាក្យទំនាយថា «បាងកករលំ ភ្នំពេញរលាយ ព្រៃនគរខ្ចាត់ខ្ចាយ សម្បូរសប្បាយអង្គរវត្ត»៕
© រក្សាសិទ្ធិដោយ thmeythmey.com