អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រុស្សី នឹងសាងសង់បំពង់បង្ហូរឧស្ម័នទៅចិនជំនួសបំពង់បង្ហូរ Nord Stream 2​ ដែលជាប់គាំង
16, Sep 2022 , 9:29 pm        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ៖ ហ៊ួយ ស៊ីវលី 
 
រដ្ឋមន្ត្រីថាមពលរុស្សី Alexander Novak នៅថ្ងៃទី១៥ ខែកញ្ញា ប្រកាសថា បំពង់បង្ហូរឧស្ម័ន Nord Stream 2 ទៅកាន់អឺរ៉ុបនឹងត្រូវជំនួសដោយបំពង់បង្ហូរថ្មី Force Siberia 2 ទៅកាន់ចិន។ Nord Stream 2 ដែលសាងសង់រួចរាល់ មិនទាន់ធ្វើប្រតិបត្តិការឡើយដោយសារសង្រ្គាមនៅអ៊ុយក្រែន។
 
សង្គ្រាមរុស្សីអ៊ុយក្រែនជះឥទ្ធិពលយ៉ាងខ្លាំងលើនយោបាយ សេដ្ឋកិច្ច និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជននៅក្នុងពិភពលោក។ ឧស្ម័នធម្មជាតិក៏បានលេចឡើងជាបញ្ហាមួយ ជាពិសេសចំពោះប្រជាជននៅក្នុងសហភាពអឺរ៉ុបដែលពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលពីរុស្សី។ បំពង់បង្ហូរ Nord Stream 2 ដែលផ្គត់ផ្គង់ឧស្ម័នទៅអឺរ៉ុបបានសាងសង់រួចរាល់តាំងពីខែកញ្ញា ឆ្នាំ២០២១មក ប៉ុន្តែវាមិនទាន់ត្រូវបានដាក់ឱ្យដំណើរការទេដោយសារតែសង្គ្រាមអ៊ុយក្រែនផ្ទុះឡើង។ 
 
ទាក់ទងនឹងបំពង់បង្ហូរហ្គាស Nord Stream​ 2 នេះ រដ្ឋមន្ត្រីថាមពលរបស់រុស្សី Alexander Novak និយាយតាមទូរទស្សន៍រដ្ឋនៅថ្ងៃទី១៥ ខែកញ្ញា ថា បំពង់បង្ហូរហ្គាសទៅអាស៊ីនឹងអាចជំនួសបំពង់បង្ហូរហ្គាសទៅអឺរ៉ុប ដែលវាជាផ្នែកមួយនៅក្នុងយុទ្ធសាស្ត្រថាមពលរបស់រុស្ស៊ី។ 
 
«រុស្ស៊ី និងចិននឹងចុះហត្ថលេខាជាមួយគ្នាក្នុងពេលឆាប់ៗនេះលើកិច្ចព្រមព្រៀងស្តីពីការចែកចាយហ្គាសចំនួន៥០ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំតាមរយៈបំពង់បង្ហូរហ្គាស Force Siberia 2»។ លោក Novak និយាយបែបនេះអំឡុងដំណើរទស្សនកិច្ចនៅអ៊ូសបេគីស្ថាន។
 
បរិមាណនៃការចែកចាយហ្គាសនេះស្ទើរស្មើនឹងបរិមាណអតិបរមារបស់បំពង់បង្ហូរហ្គាស Nord Stream 1 ដែលមាន៥៥ពាន់លានម៉ែត្រគូប។ បំពង់បង្ហូរហ្គាស Force Siberia 2 នេះនឹងហូរទៅចិនកាត់ម៉ុងហ្គោលី ហើយត្រូវបានរំពឹងថានឹងចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ២០២៤។ 
 
បើតាមរដ្ឋមន្រ្តីរុស្ស៊ី ការនាំចេញហ្គាសរបស់រុស្ស៊ីទៅកាន់សហភាពអឺរ៉ុបនឹងធ្លាក់ចុះប្រហែល៥០ពាន់លានម៉ែត្រគូបនៅក្នុងឆ្នាំ២០២២ ហើយវត្តមាននៃបំពង់បង្ហូរ Force Siberia 2 នឹងត្រូវជំនួសគម្រោងបំពង់បង្ហូរ Nord Stream 2 ដែលគម្រោងនេះត្រូវបានផ្អាកដោយអាល្លឺម៉ង់។
 
ជាមួយគ្នានេះ រុស្សី និងចិនក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីសាងសង់ផ្លូវឆ្លងកាត់ថ្មីមួយពីទីក្រុង Vladivostok នៅភាគខាងកើតរបស់រុស្ស៊ីទៅកាន់ភាគខាងជើងរបស់ចិន ដោយអាចដឹកហ្គាសបន្ថែមចំនួន១០ពាន់លានម៉ែត្រគូបផងដែរ។ 
 
គម្រោង Nord Stream ជាបំពង់បង្ហូរហ្គាសធម្មជាតិរបស់រុស្សីទៅអឺរ៉ុប ដែលហូរកាត់ក្រោមសមុទ្របាល់ទិកពីរុស្សីទៅអាល្លឺម៉ង់។ បំពង់បង្ហូរ Nord Stream 1 ហូរពីទីក្រុង Vyborg នៅភាគពាយ័ព្យរុស្សី និងបំពង់ Nord Stream 2 ហូរពីស្ថានីយ៍រថភ្លើង Ust-Luga នៅភាគពាយ័ព្យរុស្សីនៅជិតអេស្តូនី។ ការសាងសង់បំពង់បង្ហូរហ្គាស Nord Stream 2 បានបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២១៕
 

Tag:
 រុស្ស៊ី
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com