អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាម៉េរិក បារម្ភពីទំនាក់ទំនងដ៏ស្អិតល្មួតរបស់ចិននិងរុស្ស៊ី ក្រោយលោក ស៊ី ជួបលោក ពូទីន
16, Sep 2022 , 10:29 pm        
រូបភាព
ជំនួបមេដឹកនាំរុស្ស៊ី និងចិននៅអ៊ូសបេគីស្ថាន។ រូបថត Xinhua
ជំនួបមេដឹកនាំរុស្ស៊ី និងចិននៅអ៊ូសបេគីស្ថាន។ រូបថត Xinhua
ដោយ:
អាម៉េរិក ព្រួយបារម្ភពីការពង្រឹងទំនាក់ទំនងរវាងចិន និងរុស្ស៊ី បន្ទាប់ពីមេដឹកនាំប្រទេសពីរនេះបានជួបគ្នាដោយផ្ទាល់នៅអ៊ូសបេគីស្ថាន។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក លោក Ned Price នៅថ្ងៃទី១៥ ខែកញ្ញា។
 
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន និងសមភាគីចិន ស៊ី ជិនភីង នៅថ្ងៃទី១៥ ខែកញ្ញាបានជជែកគ្នាទល់មុខដំបូងនាក្រៅកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃនាអ៊ូសបេគីស្ថាន។ ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងកាន់តែមាំទាំថែមទៀតតាមរយៈជំនួបនេះ ពីព្រោះភាគីទាំងពីរតែងគាំទ្រជំហរគ្នាទៅមកជុំវិញបញ្ហាអ៊ុយក្រែន និងតៃវ៉ាន់ ក៏ដូចជារួមគ្នាប្រឆាំងពិភពលោកឯកប៉ូលរបស់លោកខាងលិចផងដែរ។ 
 
ទាក់ទងជំនួបទ្វេភាគីរបស់មេដឹកនាំមហាអំណាចចិន និងរុស្ស៊ី អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក លោក Ned Price លើកឡើងថា អាម៉េរិកតែងបង្ហាញក្តីបារម្ភជាសាធារណជុំវិញទំនាក់ទំនងប្រទេសពីរនេះពីព្រោះវាបានអភិវឌ្ឍស៊ីជម្រៅជាច្រើនឆ្នាំមកហើយ មិនមែនត្រឹមប៉ុន្មានថ្ងៃ សប្តាហ៍ ឬខែនេះទេ។ 
 
«​ជាការពិតណាស់ យើងបានឃើញទំនាក់ទំនង (ចិននិងរុស្ស៊ី) កាន់តែស្អិតល្មួត។ យើងបានបញ្ជាក់យ៉ាងច្បាស់ពីការព្រួយបារម្ភរបស់យើងលើការពង្រឹងទំនាក់ទំនងនេះ ក៏ដូចជាការណ៍ដែលប្រទេសជុំវិញពិភពលោកគួរបារម្ភពីទំនាក់ទំនងនេះដែរ»។ លោក Price ថ្លែងបែបនេះអំឡុងសន្និសីទកាសែតខ្លីមួយនាថ្ងៃទី១៥ ខែកញ្ញា។ 
 
យ៉ាងណាមិញ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកបញ្ជាក់ថា លោកមិនភ្ញាក់ផ្អើលទេដែលប្រទេសទាំងពីរនេះរួមដៃចូលគ្នា ពីព្រោះប្រធានាធិបតីរុស្ស៊ី កំពុងបែរទៅរកប្រទេសដូចជាកូរ៉េខាងជើង និងអ៊ីរ៉ង់ជាដើមដើម្បីជំនួសលោកខាងលិច។ ម្យ៉ាង ចិន និងរុស្ស៊ីមានចក្ខុវិស័យ​សម្រាប់ពិភពលោកដូចគ្នាផងដែរ។ 
 
ទាក់ទងនឹងកិច្ចប្រជុំទ្វេភាគីរបស់មេដឹកនាំចិន និងរុស្ស៊ីវិញ លោកពូទីន ឆ្លៀតសរសើរមេដឹកនាំចិនដែលបានរក្សាជំហរកណ្តាលលើបញ្ហាអ៊ុយក្រែន ប៉ុន្តែមេដឹកនាំរុស្ស៊ីរូបនេះក៏បានបង្ហើបថាចិនបារម្ភពីស្ថានភាពនៅអ៊ុយក្រែនដែរ។ លោក Price និយាយថា រឿងនេះពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់ ពីព្រោះរុស្ស៊ីផ្ទាល់ជាអ្នកហាមាត់ខ្លួនឯង ខណៈចិនកំពុងព្យាយាមគេចវេសការរិះគន់ពីអន្តរជាតិជុំវិញការឆ្លើយតបលើបញ្ហាអ៊ុយក្រែន៕
 
 
 
 

Tag:
 អាម៉េរិក
  ចិន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com