សៀមរាប៖ សិក្ខាកាមចំនួន ៤៧៥នាក់ បានបញ្ចប់វគ្គបណ្ដុះបណ្ដាលទី១ ពង្រឹងជំនាញលើវិស័យទេសចរណ៍ដែលមានស្រាប់នៅក្នុងវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍។
សិក្ខាកាមចំនួន ៣៥០នាក់ ក្នុងវិស័យបដិសណ្ឋារកិច្ចចំនួន៨ផ្នែក រួមមាន ការិយាល័យជួរមុខ គេហកិច្ច ផ្នែកលក់និងទីផ្សារអនឡាញ និងឌីជីថល វិស្វកម្ម ជាងទឹកភ្លើង និងម៉ាស៊ីនត្រជាក់ សេវាម្ហូបអាហារ និងភេសជ្ជៈ ធនធានមនុស្ស ផ្ទះបាយ ចម្អិនអាហារ ស្ប៉ានិងម៉ាស្សា បានបញ្ចប់វគ្គពង្រឹងជំនាញឡើងវិញ ដែលរៀបចំឡើងដោយសមាគមទេសចរណ៍កម្ពុជា។ បន្ថែមពីនោះ ក៏មានសិក្ខាកាម ១២៥នាក់ទៀតផ្នែកមគ្គុទ្ទេសក៍ទេសចរណ៍ ក៏បញ្ចប់វគ្គពង្រឹងជំនាញទេសចរណ៍នេះដែរ។
![](https://image.thmeythmey.com/pictures/2022/09/17/tes__2_.jpg)
ប្រធានសមាគមទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន លើកឡើងថា ការរំឭកជំនាញឡើងវិញពីបុគ្គលិកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ពិតជាសំខាន់ណាស់ ក្នុងការស្ដារវិស័យទេសចរណ៍ និងការត្រៀមទទួលទេសចរឡើងវិញ។ លោកស្រីពន្យល់ថា សេវាកម្មវិស័យទេសចរណ៍ ត្រូវប្រាកដថា មិនបានធ្លាក់ចុះឡើយ ដើម្បីឱ្យភ្ញៀវមានភាពពេញចិត្ត ដូចអ្វីដែលពួកគេធ្លាប់ទទួលបានមុនវិបត្តិជំងឺកូវីដ១៩។
លោកស្រីប្រធានសមាគមបានផ្ដាំផ្ញើទៅសិក្ខាកាមទាំងអស់ ទោះបីចប់វគ្គបណ្ដុះបណ្ដាលក៏ពិតមែន តែត្រូវអនុវត្តន៍ជំនាញរបស់ខ្លួនជាប្រចាំ ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងខេត្តសៀមរាបឱ្យកាន់តែប្រសើរនាពេលអនាគត និងទាក់ទាញទេសចរ។ លោកស្រីពន្យល់ថា ខេត្តសៀមរាបត្រូវការធនធានមនុស្សជាច្រើន ដើម្បីនាំភាពល្បីល្បាញមកវិញ និងមិនមែនសម្រាប់តែអង្គរវត្តទេ គឺល្បីល្បាញគ្រប់ផ្នែកទាំងអស់ ដូចជាភាពរាក់ទាក់ និងស្នាមញញឹម។
![](https://image.thmeythmey.com/pictures/2022/09/17/tes__3_.jpg)
ប្រធានសមាគមរូបនេះមានក្ដីរំពឹងថា វិស័យទេសចរណ៍នឹងត្រឡប់មកវិញនាពេលឆាប់ៗ និងស្នើឱ្យបុគ្គលិកទេសចរណ៍ទាំងអស់មានភាពរឹងមាំ និងជឿជាក់សម្រាប់ភាពជោគជ័យទាំងអស់គ្នា ដោយមិនត្រូវអស់សង្ឃឹម ឬរាថយឡើយ។
កញ្ញា ទេព សុគន្ធនីកា បុគ្គលិកផ្នែកការិយាល័យជួរមុខនៅសណ្ឋាគារខ្នាតធំមួយកន្លែង និយាយថា វាជាឱកាសមួយដ៏ល្អសម្រាប់ខ្លួន ដើម្បីរំឭកការងារដែលធ្លាប់ធ្វើកាលពី២ឆ្នាំមុន។ សុគន្ធនីកា បានសម្រាកពីការងារ២ឆ្នាំមកហើយ ដោយសារសណ្ឋាគារបានបិទទ្វារមួយរយៈដោយសារបញ្ហាជំងឺកូវីដ១៩។
«គេបង្រៀនពីរបៀប Chick-in Chick-out ការជួយភ្ញៀវ ពេលមានបញ្ហាតើត្រូវដោះស្រាយបែបណាជាដើម»។ នេះជាការលើកឡើងរបស់ សុគន្ធនីកា ក្រោយទទួលវិញ្ញាបនបត្របញ្ជាក់ការសិក្សារយៈពេល២០ថ្ងៃ ជាមួយសមាគមទេសចរកម្ពុជា នាថ្ងៃទី១៦ ខែកញ្ញា នៅសណ្ឋាគារ ស្ដារីអង្គរ។
![](https://image.thmeythmey.com/pictures/2022/09/17/tes__4_.jpg)
ចំណែកលោក ថូត ចំរើន បុគ្គលិកផ្នែកផ្ទះបាយនៅភោជនីយដ្ឋាមួយនៅតំបន់ផាប់ស្រ្ទីត ក៏បានបញ្ចប់វគ្គបណ្ដុះបណ្ដាលពង្រឹងជំនាញបន្ថែមដែរ។ លោកប្រាប់ថា វគ្គនេះធ្វើឱ្យលោករៀនសូត្របានមួយផ្នែកឡើងវិញ ព្រោះថាពេលខ្លះសម្រាកពីការងារមួយរយៈមានការភ្លេចភ្លាំង។ «វគ្គនេះយើងរៀនពីការងារក្នុងផ្ទះបាយ សំខាន់អនាម័យ ខ្លួនប្រាណ សំលៀកបំពាក់ ការរៀបចំឱ្យមានរបៀបរៀបរយ របស់ណាដាក់កន្លែងត្រជាក់ កន្លែងកក ដើម្បីសុខភាពភ្ញៀវ»។
ក្រៅពីទទួលបានការសិក្សាហើយ សិក្ខាកាមទាំងអស់ ក៏ទទួលការឧបត្ថម្ភកំឡុងពេលរៀនចប់ផងដែរ។ សិក្ខាកាមផ្នែកបដិសណ្ឋារកិច្ចដែលមាន៨ផ្នែក ទទួលការបណ្ដុះបណ្ដាលចំនួន៨០ម៉ោង ទទួលការឧបត្ថម្ភ៦០ម៉ឺនរៀល។ ចំណែកមគ្គុទ្ទេសក៍ទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ និងការីទេសចរណ៍ មានរយៈពេល៣០ម៉ោង ទទួលប្រាក់ឧបត្ថម្ភ ២៤ម៉ឺនរៀល។
![](https://image.thmeythmey.com/pictures/2022/09/17/tes__5_.jpg)
គួរបញ្ជាក់ថា សមាគមទេសចរណ៍កម្ពុជា បានទទួលហិរញ្ញប្បទានពី SDF ក្នុងទំហំទឹកប្រាក់សរុបជិត ៥០ម៉ឺនដុល្លារ ដើម្បីបណ្ដុះបណ្ដាលពង្រឹងជំនាញផ្នែកទេសចរណ៍ មគ្គុទ្ទេសក៍ទេសចរណ៍ និងផ្នែកបដិសណ្ឋារកិច្ច ដល់សិក្ខាកាមសរុបជាង ១,១០០នាក់។ កម្មវិធីបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងទេសចរណ៍ ជាមួយសមាគមទេសចរណ៍កម្ពុជា និងគាំទ្រផ្នែកបច្ចេកទេសដោយទីភ្នាក់ងារប្រឹក្សាយោលបល់ជំនាញទេសចរណ៍អេធីភី (ATP Consultant) និងស៊ីអេចធី (CHT)។
![](https://image.thmeythmey.com/pictures/2022/09/17/tes__6_.jpg)