កីឡាជាតិ
ជាតិ
ប្រដាល់ជើងឯកអាស៊ី៖ អាប់ឌុលឡា របស់កម្ពុជា ឈ្នះកូរ៉េខាងត្បូង ឯអាន់វ៉ា ហាលអាវក្រោយចាញ់ថៃ
04, Nov 2022 , 11:46 am        
រូបភាព
ការប្រកួតរវាងបង្គោលក្រហមកីឡាករកម្ពុជា រ៉ាចាពៅ អាប់ឌុលឡា និងបង្គោលខៀវកូរ៉េខាងត្បូង Haneul Jung ។ រូបពីASBC
ការប្រកួតរវាងបង្គោលក្រហមកីឡាករកម្ពុជា រ៉ាចាពៅ អាប់ឌុលឡា និងបង្គោលខៀវកូរ៉េខាងត្បូង Haneul Jung ។ រូបពីASBC
ដោយ:
កីឡាករប្រដាល់សកលជម្រើសជាតិ រ៉ាចាពៅ អាប់ឌុលឡា បានយកឈ្នះកីឡាករកូរ៉េខាងត្បូង Haneul Jung ដោយពិន្ទុ ចំណែក ណាស្រេឌីនូវ អាន់វ៉ា ចាញ់កីឡាករថៃ Weerapon Jongjoho ដោយពិន្ទុក្នុងកម្មវិធីប្រកួតប្រដាល់សកលជើងឯកអាស៊ី ASBC Asian Elite Men and Women Boxing Championship 2022 នៅថ្ងៃទី៣ ខែវិច្ឆិកា ក្នុងក្រុងអាម៉ាន់ ប្រទេសហ្ស៊កដានី។
 
កីឡាករជម្រើសជាតិកម្ពុជា កូនកាត់ខ្មែរ-អ៊ូសបេគីស្ថាន រ៉ាចាពៅ អាប់ឌុលឡា ដែលស្ថិតនៅបង្គោលក្រហម បានយកឈ្នះបង្គោលខៀវកីឡាករកូរ៉េខាងត្បូង Haneul Jung ក្នុងប្រកួតបើកឆាកលើប្រភេទទម្ងន់ ៩២គីឡូក្រាម។ 
 
ចាប់ផ្តើមនៅទឹកទី១ បង្គោលក្រហមដើរចូលហើយវាយចេញធ្ងន់ៗទៅលើផ្ទៃមុខបង្គោលខៀវ ហើយក៏មានការវាយបកមកវិញធ្ងន់ៗផងដែរ។ ចូលដល់ទឹកទី២ ការវាយចេញចំៗគោលដៅពីកីឡាករកម្ពុជា រ៉ាចាពៅ ធ្វើឱ្យ Haneul កាន់តែដើរចូលដើម្បីវាយសងបកមកវិញ។
 
យ៉ាងណានៅទឹកទី៣ កីឡាកររ៉ាចាពៅ អាប់ឌុលឡា វាយសន្ធប់ទៅលើកីឡាករកូរ៉េខាងត្បូង Haneul Jung ជាថ្មីម្តងទៀត។ ការវាយដកសន្សំកម្លាំងរបស់ រ៉ាចាពៅ គឺនៅតែមានប្រសិទ្ធភាពក្នុងការទប់ទល់ពីការវាយរបស់ Haneul ដោយបញ្ចប់ការប្រកួតបង្គោលក្រហមឈ្នះ បង្គោលខៀវដោយពិន្ទុ។
អាប់ឌុលឡា ត្រូវបន្តការប្រកួត២ជុំ ទៀតដើម្បីឡើងទៅកាន់វគ្គ១/៤ផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍ប្រដាល់សកលជើងឯកពិភពលោកឆ្នាំ២០២២ ដែលធ្វើនៅប្រទេសហ្ស៊កដានីនេះ។
 
ចំណែកកីឡាករកូនកាត់ខ្មែរ-អ៊ូសបេគីស្ថានមួយរូបទៀត ណាស្រេឌីនូវ អាន់វ៉ា ចាញ់ពិន្ទុកីឡាករថៃ Weerapon Jongjoho លើការប្រកួតប្រភេទទម្ងន់ ៨០គីឡូក្រាម។  ក្រោយប្រយុទ្ធតស៊ូគ្នា៣ទឹកពេញ អាជ្ញាកណ្តាលសម្រេចសេចក្តីជាឯកច្ឆ័នឱ្យបង្គោលក្រហមណាស្រេឌីនូវ អាន់វ៉ា ៩ពិន្ទុ និងបង្គោលខៀវ Weerapon Jongjoho ១០ពិន្ទុ។ អាន់វ៉ា ត្រូវត្រឡប់មកផ្ទះវិញ ជាមួយ សាយ រង្ស៊ី ក្រោយចាញ់នៅប្រកួតដំបូង៕
 
 
 
 
 
 

Tag:
 កីឡាប្រដាល់សកល
 ASBC
 ប៊ុយ សោភ័ណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com