ជាតិ
យុវជនសកម្ម សេវាល្អ
កំពត៖ លោក អ៊ីង ជា ស្នើក្រសួងផ្តល់អាហារូបករណ៍ដល់សិស្សជិត៣០នាក់ ដែលមកពីគ្រួសារក្រលំបាក
08, Nov 2022 , 7:59 am        
រូបភាព
លោក អ៊ីង ជា នាយកសាលាបឋមសិក្សាតូនីតាកេ ស្ថិតក្នុងភូមិសាស្ត្រឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត។
លោក អ៊ីង ជា នាយកសាលាបឋមសិក្សាតូនីតាកេ ស្ថិតក្នុងភូមិសាស្ត្រឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត។
ដោយ៖ ណី ស្រីពៅ (យុវជនឃុំត្រពាំងធំ)
 
ស្រុកទឹកឈូ, កំពត៖  បច្ចុប្បន្នសាលាបឋមសិក្សាតូនីតាកេ មានសិស្សានុសិស្សចំនួន ៤២នាក់ ក្នុងនោះមានសិស្ស ស្រីចំនួន ១៨នាក់ កំពុងសិក្សាពីថ្នាក់ទី១ ដល់ថ្នាក់ទី៦។  លោក អ៊ីង ជា ដែលជានាយកសាលាបឋមសិក្សាតូនីតាកេ  ស្ថិតក្នុងភូមិត្រពាំងធំ ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត បានស្នើឱ្យក្រសួងអប់រំ គិតគូរផ្តល់អាហារូបករណ៍ ដល់សិស្សប្រមាណ៧០ភាគរយ ឬប្រមាណ៣០នាក់ នៅសាលាខ្លួន ដែលមកពីគ្រួសារដែលមានជីវភាពលំបាក។ 

 
លោក អ៊ីង ជា លើកឡើងដូច្នេះ៖ «តាមខ្ញុំដឹង សិស្សដែលមកពីគ្រួសារមានបណ្ណក្រីក្រ ប្រហែលជា៤០ភាគរយ។ មួយទៀត សិស្សដែល(មានទីលំនៅ) ខាងក្រោយសាលាសុទ្ធតែអ្នកដែលគាត់មានជីវភាពលំបាក ក្រីក្រ គឺគាត់(បញ្ជូនកូន)មកសាលានេះ។ ហើយអ្នកដែលគេមានជីវភាពធូរធារ មានលទ្ធភាព គឺគេ(ឱ្យ)កូនទៅរៀននៅសាលាកំពតក្រុង ឬគេទៅសាលាជុំគ្រៀល។ អ៊ីចឹងអ្នកដែលមករៀននៅទីនេះ គឺអ្នកដែលមានជីវភាពមធ្យម និងក្រីក្រ»។  
 
បើតាម លោក អ៊ីង ជា រាល់ឆ្នាំលោកតែងតែបំពេញនូវតួលេខសិស្សដែលមានជីវភាពក្រីក្រ និងស្ថានភាពផ្សេងៗទៀតនៅក្នុងសាលា ដាក់ចូលទៅក្នុងសូចនាករប្រចាំឆ្នាំ ទៅកាន់មន្ទីរ ឬក្រសួងអប់រំ។ ប៉ុន្តែសាលា មិនបានដឹងលម្អិតពីការចាត់ចែង ឬការរៀបចំកញ្ចប់អាហារូបករណ៍ ដល់សាលានីមួយៗនោះឡើយ។ 


 
នាយកសាលារូបនេះ ចង់ឱ្យក្រសួងរៀបចំកញ្ចប់ផ្តល់អាហារូបករណ៍ ដល់សិស្សនៅសាលាខ្លួន នៅក្នុងឆ្នាំសិក្សាខាងមុខនេះ ដើម្បីជាការរួមចំណែកសម្រាលជីវភាពគ្រួសារ និងលើកទឹកចិត្តដល់សិស្សក្រីក្រ ឱ្យបន្តការសិក្សា។ 
 
គួរកត់សម្គាល់ថា ក្រៅពីមានសិស្សដែលមានជីវភាពលំបាកច្រើន សាលាបឋមសិក្សាតូនីតាកេ ដែលមានទីតាំងស្ថិតក្នុងឃុំត្រពាំងធំ ស្រុកទឺកឈូ ខេត្តកំពត ក៏មានកង្វះខាតគ្រូបង្រៀន បន្ទប់សិក្សា និងបន្ទប់បណ្ណាល័យផងដែរ៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 

Tag:
 អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com