ជាតិ
អាស៊ាន
នាយករដ្ឋមន្ត្រីវៀតណាមមកទស្សនកិច្ចផ្លូវការលើកដំបូងនៅកម្ពុជា មុនកិច្ចប្រជុំកំពូលអាស៊ាន
08, Nov 2022 , 10:40 am        
រូបភាព
ភ្នំពេញ៖ លោកនាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មិញជិញ (Pham Minh Chinh) បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកដល់រាជធានីភ្នំពេញសម្រាប់ដំណើរទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃលើកដំបូងនៅកម្ពុជា ហើយបន្តចូលរួមកិច្ចប្រជុំកំពូលអាស៊ាន។

 
 
ទស្សនកិច្ចរយៈពេល២ថ្ងៃរបស់លោក ផាម មិញជិញ គឺប្រព្រឹត្តទៅពីថ្ងៃទី៨ ដល់ទី៩ ខែវិច្ឆិកា ដោយមានការទទួលស្វាគមន៍ពីសំណាក់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាព។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក នៅកម្ពុជា បើគិតចាប់តាំងពីចូលកាន់តំណែងនៅខែមេសា ឆ្នាំ២០២១។
 
ក្នុងដំណើរទស្សនកិច្ចនេះ សមភាគីកម្ពុជាវៀតណាម នឹងពិភាក្សាគ្នាស្តីពីការពង្រឹកកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាបញ្ហាតាមតំបន់ សម្រាប់ការដោះស្រាយជារួម។ ទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីវៀតណាម​ ក៏ស្របនឹងការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលត្រូវបានកំណត់ជា «ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម ផងដែរ។ 
 
ដំណើរទស្សនកិច្ចរបស់លោក ផាម មិញជិញ នៅកម្ពុជា ត្រូវបានគេមើលឃើញថា ជាការរួមចំណែកក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម ដែលជាប្រទេសភូមិផងរបងជាប់គ្នានេះឱ្យកាន់តែប្រសើរថែមទៀត។
 
បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការ លោក ផាម មិញជិញ ត្រូវបន្តចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធទៀត៕

Tag:
 អាស៊ាន
  វៀតណាម
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com