កីឡាជាតិ
ជាតិ
ប្រតិភូកីឡារាំ ១៣រូប ចូលរួមប្រកួត​ជើងឯកពិភពលោក ស្របពេលសមត្ថភាពអត្ដពលិក កំពុងរីកចម្រើន
11, Nov 2022 , 11:59 am        
រូបភាព
អត្តពលិកកម្ពុជា ប្រកួតលើវិញ្ញាសា Standard Dance នៅស៊ីហ្គេមលើកទី៣១ ប្រទេសវៀតណាម កន្លងមកនេះ
អត្តពលិកកម្ពុជា ប្រកួតលើវិញ្ញាសា Standard Dance នៅស៊ីហ្គេមលើកទី៣១ ប្រទេសវៀតណាម កន្លងមកនេះ
សហព័ន្ធកីឡារាំកម្ពុជា បញ្ជូនប្រតិភូ១៣នាក់ ទៅប្រកួតជើងឯកកីឡារាំពិភពលោក WDSF Superstars Championship 2022 នៅទីក្រុងហាណូយ ប្រទេសវៀតណាម ដែលនឹងធ្វើចាប់ពីថ្ងៃទី១១-១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជា បញ្ជាក់ប្រាប់ថា សមត្ថភាពអត្ដពលិក រីកចម្រើនខ្លាំង ជាហេតុធ្វើឲ្យមានសង្ឃឹមខ្ពស់ក្នុងព្រឹត្តិការណ៍ ស៊ីហ្គេមលើកទី៣២ នៅកម្ពុជា។


អត្ដពលិកកីឡារាំកម្ពុជា ចេញដំណើរទៅប្រកួត World Championship ប្រទេសវៀតណាម នៅថ្ងៃទី១១ ខែវិច្ឆិកា។ មុនចេញទៅប្រកួតព្រឹត្តិការណ៍ដ៏ធំនេះ សហព័ន្ធកីឡារាំកម្ពុជា បានរៀបចំការប្រកួតជើងឯកថ្នាក់ជាតិ កាលពីថ្ងៃទី៥-៦ ខែវិច្ឆិកា ដើម្បីវាស់ស្ទង់សមត្ថភាព និងកម្រិត នៃការវិវឌ្ឍរបស់អត្ដពលិក។
 
«ខ្ញុំ ឃើញថា សមត្ថភាពរបស់ពួកគាត់មានការកើនឡើងគួរឲ្យកត់សម្គាល់យ៉ាងខ្លាំង។»។ អគ្គលេខាធិការរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទយ៉ាងដូច្នេះ។
ក្រោយបញ្ចប់ការប្រកួត World Championship នៅទីក្រុងហាណូយ សហព័ន្ធកីឡារាំកម្ពុជា ក៏នឹងត្រៀមខ្លួនប្រកួតព្រឹត្តិការណ៍កីឡាជាតិ លើកទី៣​ ដែលនឹងធ្វើទៅចាប់ពីថ្ងៃទី១៩-៣០ ខែវិច្ឆិកា ផងដែរ។ ម្យ៉ាងវិញទៀត សហព័ន្ធ នឹងបញ្ជូនអត្តពលិក ទៅហ្វឹកហាត់នៅប្រទេសចិន ចាប់ពីថ្ងៃទី៩ ខែធ្នូ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ ដោយមានការឧបត្ថម្ភគាំទ្រ ពីសហព័ន្ធកីឡារាំអាស៊ី និងសហព័ន្ធកីឡារាំចិន។
 
តាមរយៈការប្រកួតថ្នាក់ជាតិ អន្ដរជាតិ និងការហ្វឹកហាត់ជាមួយគ្រូ មានកម្រិតខ្ពស់ លោកស្រី ហង់ ស៊ីមន យល់ឃើញថាសមត្ថភាពអត្ដពលិកកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង ដែលជាសញ្ញាណវិជ្ជមានសម្រាប់សម្រេចសមិទ្ធផលល្អ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នៅកម្ពុជា។ លោកស្រី ហង់ ស៊ីមន​ បន្ថែមដូច្នេះថា៖«ការខិតខំរបស់ពួកគេ យើង នឹងទទួលបានលទ្ធផលល្អ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំក្រោយ។»។
 
ប្រតិភូ ១៣រូបនោះ មាន លោកស្រី ម៉ក វណ្ណស៊ីថា ប្រធានប្រតិភូ, កញ្ញា You Shu Jie គ្រូបង្វឹក និងលោក សូវ តុង គ្រូបង្វឹក។ ក្នុងចំណោមនោះ កីឡាករ ចំនួន៥រូបមាន៖ ជុំ ភូណាន់, ភុន ស៊ីវុត្រា, សេង សុគីម, ជុំ លីហៀង និង សេង សុខគ័ង។ រីឯ ផ្នែកកីឡាការិនី ៥រូបនោះមាន៖ កញ្ញា សាន រ៉ូហ្សា, កញ្ញា ម៉ូវ ដានីតា, កញ្ញា ឱ រក្សា, កញ្ញា ឱ រចនី និងកញ្ញា សុខ ចិន្ដា។ 
ចំពោះសមាសភាពអត្ដពលិកកីឡារាំ ដែលត្រូវទៅចិន ៨រូបមានស្រី៤រូប គឺកញ្ញា ឱ រក្សា, កញ្ញា សុខ ចិន្ដា, កញ្ញា សាន រ៉ូហ្សា និងកញ្ញា ម៉ូវ ដានីតា។ រីឯ ផ្នែកបុរស៤រូប មាន លោក ជុំ ភូណាន់, លោក ភុន ស៊ីវុត្រា, លោក សេង សុគីម និងលោក ជុំ លីហៀង៕ 
 

Tag:
 កីឡារាំ
  World Championship
© រក្សាសិទ្ធិដោយ thmeythmey.com