FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ ជប៉ុន​វាយបកយកឈ្នះអាល្លឺម៉ង់ ២-១ នាជំនួបបើកឆាក​ពូល E
23, Nov 2022 , 10:00 pm        
រូបភាព
កីឡាករជប៉ុនអបអរគ្រាប់បាល់បញ្ចូលទី។ រូបថត FIFA World Cup 2022
កីឡាករជប៉ុនអបអរគ្រាប់បាល់បញ្ចូលទី។ រូបថត FIFA World Cup 2022
 ជប៉ុន បាន​យក​ឈ្នះអាល្លឺម៉ង់ ២-១ ​ក្នុងជំនួប​បើកឆាកពូល E នៃព្រឹត្តិការណ៍ FIFA World Cup 2022 នៅកីឡដ្ឋាន Khalifa International Stadium។ អាល្លឺម៉ង់ មានគ្រាប់បាល់នាំមុខនៅនាទី​៣៣ ដែលជាការស៊ុត​ប៉េណាល់ទី​របស់ IIkay Gundogan ប៉ុន្តែជប៉ុន​បានវាយបកវិញពីរគ្រាប់នៅតង់ទីពីរ ដែលសម្រេចបានដោយ Ritsu Doan នៅនាទី៧៥ និង Takuma Asano នៅនាទី​៨៣។

 
អាល្លឺម៉ង់ចាប់ផ្តើមការប្រកួតវគ្គទីមួយពួកគេធ្វើបានល្អខ្លាំងចំពោះទម្រង់លេងដ៏ល្អ នឹងការគ្របដណ្តប់លើជប៉ុនជាក្រុមខ្លាំងមួយមកពីទ្វីបអាស៊ី តែយ៉ាងណានៅដើមវគ្គដដែលនេះជប៉ុនក៏តែងបង្កើតឱកាសម្តងជាពីរដងនៅតំបន់ប្រអប់គ្រោះថ្នាក់របស់អាល្លឺម៉ង់ផងដែរ។
 
 តែទោះជាយ៉ាងណាមកដល់ត្រឹមពាក់កណ្តាល់វគ្គទីមួយអាល្លឺម៉ង់បង្កើតឱកាសជាច្រើនក្នុងការស្វែករកគ្រាប់បាល់នៅមុខទីក្រុមជប៉ុនដោយការស៊ុតយ៉ាងសន្ធាប់លើពួកគេ ហើយដល់នាទី៣១ នៃការប្រកួតអ្នកចាំទីជប៉ុនបង្កកំហុសដោយបានរត់ទៅទាក់ជើងកីឡាករអាល្លឺម៉ង់ធ្វើឱ្យក្រុមយក្សអឺរ៉ុបទទួលបានបាល់ពិន័យ ១១ម៉ែត្រក្នុងប្រអប់គ្រោះថ្នាក់។ 
 
ខ្សែបម្រើ Ilkay Gundogan ជាអ្នកសម្រេចទីបើកការនាំមុខឱ្យអាល្លឺម៉ង់មុននៅត្រឹមនាទី៣៣ ការប្រកួតក៏បន្តក្រោយមានលទ្ធផលស៊ុតបញ្ជូលទីមួយគ្រាប់ពីអាល្លឺម៉ង់រួច ហើយអាល្លឺម៉ង់នៅតែរក្សាទម្រង់លេងដោយគ្របដណ្តប់ខ្លាំងលើជប៉ុនដដែល រហូតដល់នាទី ៤៥+៤ Kai Havertz រកបានគ្រាប់ទីពីរតែបាល់នោះត្រូវបដិសេធវិញដោយគេស្ថិតនៅជំហ Off-side។ បញ្ចប់វគ្គទីមួយ អាល្លឺម៉ង់ ១-០ ជប៉ុន។
 
ការប្រកួតដ៏អស្ចារ្យរវាងជប៉ុនបានចាប់ផ្តើមប្រកួតវគ្គទីពីរ ម្ចាស់ World Cup ៤សម័យ World Cup ដាក់សម្ពាធខ្លាំងលើជប៉ុន តែសាំម៉ូរៃខៀវមិនបណ្តែតបណ្តោយឱ្យអាល្លឺម៉ង់លេងដោយការគ្របដណ្តបខ្លាំងដូចកាលវគ្គទីមួយឡើយ ជប៉ុនអាចកែប្រែស្ថានកាលបានល្អ។ ឈានដល់នាទី៧០ អាល្លឺម៉ង់រកបានឱកាសស៊ុតលើជប៉ុន ៥លើកជាប់គ្នាតែអ្នកចាំទី Shuichi Gonda រនាំងដ៏ខ្លាំងជប៉ុនសង្គ្រោះបាល់បានទាំងអស់ ក្រោយដូរខ្សែបម្រើកណ្តាល Takumi Minamino ចូលជប៉ុនហាក់បីកែប្រែយុទ្ធសាស្ត្រដោយនៅនាទី៧៥ ជប៉ុនអាចរកគ្រាប់តាមស្មើ ១-១ លើអាល្លឺម៉ង់ដោយកីឡាករ Ritsu Doan ជាឱកាសមាស។ 
 
ជប៉ុនធ្វើបានយ៉ាងល្អដ៏គួរឱ្យភ្ញាក់ផ្អើលដោយនៅនាទី ៨៣ ១គ្រាប់បំប៉ោងសំណាញ់ទីបន្ថែមពីកីឡាករ Takuma Asano ជួយជប៉ុននាំមុខលើអាល្លឺម៉ង់។ ការប្រកួតដ៏ជក់ចិត្តនៅវគ្គទីពីររវាងអាល្លឺម៉ង់និងជប៉ុនបានអូសបន្លាយរហូតបញ្ចប់ការប្រកួតជប៉ុនយកបាន ៣ពិន្ទុជំនួបបើកឆាក់ពូល E។

នេះជាលើកដំបូងហើយដែលក្រុមទាំងពីរបានជួបគ្នានៅព្រឹត្តិការណ៍ World Cup ហើយបរាជ័យក្រោមថ្វីជើងសាំម៉ូរៃខៀវ ឥន្រ្ទីដែកអាល្លឺម៉ង់រកបរាជ័យនាជំនួបបើកឆាកនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោកលើកដំបូងក្នុងប្រវត្តិសាស្ត្រចាប់តាំងពីឆ្នាំ ១៩៤៨ មក៕
 

Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com