អន្តរជាតិ
ប្រធានាធិបតីអ៊ុយក្រែន​សន្យា​ផ្តល់​ជម្រក​សម្រាប់​ប្រជាជន​ ខណៈ​រដូវរងា​ឈានចូល​មក​ដល់
24, Nov 2022 , 3:39 pm        
រូបភាព
ខណៈ​រដូវរងា​បានឈានចូល​មក​ដល់ ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី២២ ខែវិច្ឆិកា បានសន្យាផ្តល់ជម្រកដែលមានកំដៅ និងទឹកប្រើប្រាស់ដល់ពលរដ្ឋ និងបានលើកទឹកចិត្តប្រជាជនរបស់ខ្លួនសន្សំសំចៃថាមពល ស្របពេលមានការវាយប្រហារឥតឈប់ឈរពីរុស្ស៊ី។


នៅយប់ថ្ងៃទី២២ ខែវិច្ឆិកាប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូមួយថា អ៊ុយក្រែននឹងសាងសងមជ្ឈមណ្ឌលបណ្ដោះអាសន្នពិសេសមួយ នៅជុំវិញប្រទេស​ដើម្បីផ្តល់អគ្គិសនី កំដៅ ទឹក អ៊ីនធឺណិត ការតភ្ជាប់ទូរស័ព្ទចល័ត និងឱសថស្ថានដោយមិនគិតថ្លៃដល់ពលរដ្ឋដែលត្រូវការ។ 
 
ការវាយប្រហារពីរុស្ស៊ីនាពេលកន្លងមកបានផ្តាច់ថាមពលអស់រយៈពេលជាយូរដល់ពលរដ្ឋអ៊ុយក្រែន ជាង១០លាននាក់ក្នុងពេលតែមួយ។​ លើសពីនេះ ប្រតិបត្តិករបណ្តាញអគ្គិសនីជាតិរបស់អ៊ុយក្រែននៅថ្ងៃទី២២ ខែវិច្ឆិកា បានលើកឡើងថា ការខូចខាតដែលបង្កឡើងដោយការវាយប្រហារនេះមានទំហំធំខ្លាំង​។ 
 
«ប្រសិនបើរុស្ស៊ីវាយប្រហារម្ដងទៀត កន្លែងផ្ដល់ថាមពលច្បាស់ណាស់នឹងត្រូវស្តារឡើងវិញក្នុងរយៈពេលជាច្រើនម៉ោងទៀត ហើយមជ្ឈមណ្ឌលបណ្ដោះអាសន្នមួយនឹងត្រូវដំណើរការដោយផ្ដល់សេវាកម្មសំខាន់​ៗ»។ លោក ហ្សេលេនស្គី បានលើកឡើងបែបនេះក្នុងសុន្ទរកថាតាមវីដេអូដដែល។ បើតាមនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal ក្នុងសប្តាហ៍នេះ អ៊ុយក្រែនបាននាំចូលគ្រឿងម៉ាស៊ីនភ្លើងប្រហែលជាង៨៥០០ ដើម្បីជួយដោះស្រាយបញ្ហាថាមពល។ 
 
ខណៈរដូវរងាបានឈានចូលមកដល់ អ៊ុយក្រែនក្នុងសប្តាហ៍កន្លងមកនេះបានទទួលរងការធ្លាក់ព្រិលយ៉ាងខ្លាំង។ លើសពីនេះ អាជ្ញាធរអ៊ុយក្រែនបានព្រមានថា ការកាត់ផ្តាច់ចរន្តអគ្គិសនីអាចប៉ះពាល់ដល់មនុស្សរាប់លាននាក់រហូតដល់ចុងខែមីនា​ឯណោះ៕
 

Tag:
 អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com