អន្តរជាតិ
នាយករដ្ឋមន្ត្រីហ្វាំងឡង់៖ សង្គ្រាមនៅអ៊ុយក្រែនបង្ហាញថា អឺរ៉ុបពឹងផ្អែកខ្លាំងពេកលើអាម៉េរិក
03, Dec 2022 , 11:00 am        
រូបភាព
នាយករដ្ឋមន្ត្រីហ្វាំងឡង់លោកស្រី សាន់ណា ម៉ារីន នៅថ្ងៃទី២ ខែធ្នូលើកឡើងថា ការឈ្លានពានរ​បស់​រុស្ស៊ីលើអ៊ុយក្រែនបានឆ្លុះបញ្ចាំងពីការពឹងផ្អែកខ្លាំងរបស់បណ្ដាប្រទេសអឺរ៉ុបលើអាម៉េរិកសម្រាប់​ការ​ការពារសន្តិសុខរបស់ខ្លួន។
 
 
ថ្លែងនៅវិទ្យាស្ថានសិក្សាស្រាវជ្រាវមួយនៅទីក្រុងស៊ីដនីប្រទេសអូស្ត្រាលី នាយករដ្ឋមន្ត្រីហ្វាំងឡង់ ក៏​ជំរុញឱ្យមានការពង្រឹងសមត្ថភាពការពារខ្លួនសម្រាប់បណ្ដាប្រទេសអឺរ៉ុបរួមទាំងផលិតកម្ម​សព្វាវុធ​ផង​ដែរ។ 
 
«ខ្ញុំត្រូវតែស្មោះត្រង់យ៉ាងមុតមាំចំពោះអ្នក អឺរ៉ុបមិនទាន់រឹងមាំគ្រប់គ្រាន់ទេនៅពេលនេះ។ យើង​នឹង​មានបញ្ហាបើគ្មានអាម៉េរិក»។ លោកស្រី សាន់ណា ម៉ារីន សង្កត់ធ្ងន់បែបនេះទៅកាន់អ្នកចូលរួម​ក្នុង​វិទ្យាស្ថាន Lowy រួចបន្តថា លោកស្រីបានពិភាក្សាជាមួយអ្នកនយោបាយអាម៉េរិកដែល​បាន​គិត​ថា​អឺរ៉ុប​ត្រូវតែរឹងមាំជាងមុន។
 
មេដឹកនាំហ្វាំងឡង់រូបនេះបានបញ្ជាក់ថា អាម៉េរិកបានផ្ដល់អាវុធជាច្រើន ជំនួយថវិកាជាច្រើន និង​ព្រម​ទាំងជំនួយសប្បុរសធម៌ជាច្រើនផងដែរសម្រាប់អ៊ុយក្រែន ខណៈដែលអឺរ៉ុបមិនរឹងប៉ឹងដូចអាម៉េរិកនោះ​ឡើយ។ លោកស្រី Marin បន្តថា អឺរ៉ុបត្រូវតែពង្រឹងលើវិស័យការពារជាតិ និងឧស្សាហកម្មការពារជាតិរបស់ខ្លូន។ 
 
មិនមែនអាម៉េរិក លោកស្រី ម៉ារីន ក៏ធ្លាប់អះអាងថា អឺរ៉ុបពឹងចិនខ្លាំងដែរ។ នៅក្នុងសុន្ទរកថា​នាពេ​លថ្មី​ៗ​នេះនៅទីក្រុងហែលស៊ីនគី លោកស្រី ម៉ារីន  បាននិយាយថា អឺរ៉ុបបច្ចុប្បន្នពឹងផ្អែកខ្លាំង​ពេក​លើ​ចិន​សម្រាប់បច្ចេកវិទ្យាហើយគួរតែវិនិយោគបន្ថែមទៀតនៅក្នុងវិស័យដូចជាបញ្ញាសិប្បនិមិត្តនិងការគណនាកង់ទិច៕

Tag:
 (ហ្វាំងឡង់
  អាម៉េរិក
  អឺរ៉ុប)
© រក្សាសិទ្ធិដោយ thmeythmey.com