អន្តរជាតិ
អាម៉េរិកដាក់បង្ហាញយន្តហោះទម្លាក់គ្រាប់បែកថ្មី ដែលមានសមត្ថភាពកំបាំងខ្លួន
03, Dec 2022 , 6:29 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
អាម៉េរិក នៅថ្ងៃទី២ ខែធ្នូ​ បានដាក់បង្ហាញយន្តហោះទម្លាក់គ្រាប់បែក  B-21 Raider ដែលជាយន្តហោះទម្លាក់គ្រាប់បែកទំនើប និងអាចកំបាក់ខ្លួនពីរ៉ាដារបស់សត្រូវបាន។ យន្តហោះ ដែលអាចហោះបាន ដោយគ្មានមនុស្សបើកនេះ អាចបំពាក់អាវុធនុយក្លេអ៊ែរ និងអាវុធផ្សេងទៀត។
 
នាពិធីដាក់បង្ហាញនៅរោងចក្ររបស់ក្រុមហ៊ុន Northrop Grumman ក្នុងក្រុង Palmdale រដ្ឋកាលីហ្វ័រញ្ញ៉ា យន្តហោះទម្លាក់គ្រាប់បែក B-21 Raider ត្រូវបានដាក់បង្ហាញ ដោយមានមនុស្សជាច្រើនចូលរួម ក្នុងនោះរួមទាំងមន្រ្តីជាន់ខ្ពស់អាម៉េរិកផង។ 
 
«យន្តហោះ B-21 Raider ជាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្តដំបូងបំផុត ក្នុងរយៈច្រើនជាង ៣ទសវត្សរ៍»។ លោក ឡយ អូស្ទីន រដ្ឋមន្រ្តីការពារជាតិអាម៉េរិក បានសង្កត់ធ្ងន់បែបនេះ នៅក្នុងពិធីដាក់បង្ហាញយន្តហោះ ក្នុងថ្ងៃទី២ ខែធ្នូ។ 
 
ដោយមិនបានបង្ហាញពីសមត្ថភាពលម្អិតរបស់យន្តហោះ លោកអូស្ទីនបានសរសើរយន្តហោះ B-21 Raider ថា គ្មានយន្តហោះទម្លាក់គ្រាប់បែកណា អាចប្រៀបបាននឹងយន្តហោះទម្លាក់គ្រាប់បែកនេះឡើយ។ 
 
ដូចយន្តហោះ F-22 និងF-35 ដែរ យន្តហោះទម្លាក់គ្រាប់បែក ដែលអាចមានតម្លៃ ៧០០លានដុល្លារក្នុងមួយគ្រឿងនេះ មានសមត្ថភាពកំបាំងខ្លួនពីរ៉ាដារបស់សត្រូវ ហើយថែមទាំងអាចបំពាក់អាវុធនុយក្លេអ៊ែរ និងអាវុធផ្សេងទៀតបានផងដែរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
បើតាមប្រមុខការពារជាតិអាម៉េរិក បើទោះប្រព័ន្ធការពារអាកាសមានភាពទំនើបក៏ដោយ ប៉ុន្តែវាពិបាកក្នុងការចាប់សញ្ញាយន្តហោះ B-21 Raider នៅលើអាកាសណាស់៕ 
 
 

Tag:
 អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com