ជាតិ
ថ្នងមូល៖ ហាក់នៅពេញនិយមប្រើប្រាស់ នៅតាមបណ្តោយដងស្ទឹងពោធិសាត់
18, Dec 2022 , 7:00 pm        
រូបភាព
អ្នកនេសាទ កំពុងនេសាទត្រី ដោយប្រើ «ថ្នងមូល» នៅក្នុងស្ទឹងពោធិសាត់ ក្នុងស្រុកក្រគរ ខេត្តពោធិសាត់។ រូបភាព៖ ឈុត ឈាណា / អច្ឆរិយភាពនៃទន្លេមេគង្គ
អ្នកនេសាទ កំពុងនេសាទត្រី ដោយប្រើ «ថ្នងមូល» នៅក្នុងស្ទឹងពោធិសាត់ ក្នុងស្រុកក្រគរ ខេត្តពោធិសាត់។ រូបភាព៖ ឈុត ឈាណា / អច្ឆរិយភាពនៃទន្លេមេគង្គ
ដោយ៖ ឈុត ឈាណា / Wonders of the Mekong

ពោធិសាត់៖ ជារៀងរាល់ឆ្នាំ ឧបករណ៍នេសាទបែបបុរាណជាច្រើនប្រភេទ ហាក់ត្រូវបានគេបោះបង់ចោលជាបណ្តើរៗ។ ដោយសារប្រសិទ្ធភាព ចាប់ត្រីបានតិច ចំណាយកម្លាំងច្រើន និងប្រើពេលវេលាយូរ បានបណ្តាលឱ្យ​ឧបករណ៍នេសាទបែបបុរាណទាំងនោះ បាត់មុខពីឧបករណ៍នេសាទចាំបាច់ប្រចាំថ្ងៃ ដែលធ្លាប់តែពេញនិយមពីអតីកាល។


ជាជំនួសមកវិញ ឧបករណ៍នេសាទទាន់សម័យ ទំនើប មានប្រសិទ្ធភាពខ្ពស់ ចាប់ត្រីច្រើន ប្រើពេលវេលាតិច ត្រូវបានអ្នកនេសាទយកមកប្រើប្រាស់ យ៉ាងទូលំទូលាយ។


ត្រីចម្រុះប្រភេទ ដែលអ្នកនេសាទ ចាប់បានដោយ  «ថ្នងមូល» នៅក្នុងស្ទឹងពោធិសាត់ ក្នុងស្រុកក្រគរ ខេត្តពោធិសាត់។  រូបភាព៖ ឈុត ឈាណា / អច្ឆរិយភាពនៃទន្លេមេគង្គ

បច្ចុប្បន្ននេះ យើងអាចឃើញមានការប្រើប្រាស់​ឧបករណ៍នេសាទ បែបបុរាណ​គ្រប់ប្រភេទ ដោយកម្រ។ ជាក់ស្តែង ឧបករណ៍នេសាទ «ថ្នងមូល» បើយើងសង្កេតជុំវិញបឹងទន្លេសាប យើងអាចឃើញមានការពេញនិយមប្រើប្រាស់​​ តែនៅតាម​បណ្តោយដងស្ទឹងពោធិសាត់ ក្នុងស្រុកក្រគរ ខេត្តពោធិសាត់ប៉ុណ្ណោះ។ អ្នកនេសាទប្រើប្រាស់ឧបករណ៍នេះ ដើម្បីចាប់ត្រីចម្រុះប្រភេទ ដែលធ្វើចរាចរផ្លាស់ទីចេញពីបឹងទន្លេសាប ចាប់ពី​ពាក់កណ្តាល​ខែកក្កដា ​ដល់​ចុង​ខែកញ្ញា។​ 
 

អ្នកនេសាទ កំពុងនេសាទត្រី ដោយប្រើ «ថ្នងមូល» នៅក្នុងស្ទឹងពោធិសាត់ ក្នុងស្រុកក្រគរ ខេត្តពោធិសាត់។ រូបភាព៖ ឈុត ឈាណា / អច្ឆរិយភាពនៃទន្លេមេគង្គ

ឧបករណ៍នេសាទ «ថ្នងមូល» គឺជាឧបករណ៍នេសាទបែបបុរាណខ្នាតតូច។ វាត្រូវបានផលិតឡើងពី​ស៊ុម​ឫស្សី​រាង​មូល ​ឬ​​ពង​ក្រពើ សម្រាប់បំពាក់​សំណាញ់​ ដូចមានរូបភាពបង្ហាញស្រាប់។ ទំហំ និងរូបរាងនៃស៊ុមរបស់ថ្នង មានភាពខុសប្លែកគ្នាទៅតាមអ្នកប្រើប្រាស់​ចង់បាន។ វា​មានប្រវែងសរុប ​ប្រហែល ​៣ ម៉ែត្រ។ ​អ្នកនេសាទប្រើប្រាស់ថ្នងមូលនេះ នៅតាមច្រាំងទន្លេ ស្ទឹង ខណៈពេលដែលមានទឹកជំនន់រដូវវស្សា ហូរចេញ ឬចូល ដើម្បីចាប់ប្រភេទត្រីចម្រុះ ដែលធ្វើចរាចរផ្លាស់ទីទៅខ្សែទឹកខាងលើ។ សូមកុំប្រើប្រាស់ឧបករណ៍នេសាទទំនើបៗ ដែលខុសនឹងច្បាប់ជលផល៕

© រក្សាសិទ្ធិដោយ thmeythmey.com