ជាតិ
ក្រសួងទេសចរណ៍ បង្កើនសមត្ថភាពអ្នកជំនាញ និងប្រតិបត្តិករ សម្រាប់ទេសចរចិន
19, Dec 2022 , 9:59 pm        
រូបភាព
 រូបតំណាង៖ ការចូលរួមវគ្គបណ្តុះបណ្តាលវគ្គខ្លី របស់អ្នកជំនាញវិស័យទេសចរណ៍ (រូបភាពពី CATA)
រូបតំណាង៖ ការចូលរួមវគ្គបណ្តុះបណ្តាលវគ្គខ្លី របស់អ្នកជំនាញវិស័យទេសចរណ៍ (រូបភាពពី CATA)
ភ្នំពេញ៖ ក្រសួងទេសចរណ៍ នឹងបង្កើនសមត្ថភាពអ្នកជំនាញ និងប្រត្តិបត្តិករទេសចរណ៍ តាមរយៈការពង្រឹងគុណភាពនៃសេវាកម្ម ដើម្បីត្រៀមលក្ខណៈទទួលភ្ញៀវទេសចរ ជាពិសេសទេសចរចិន មកកាន់កម្ពុជា។
 
ការលើកកម្ពស់គុណភាពការផ្តល់សេវាកម្មទេសចរណ៍នេះ គឺស្ថិតក្រោមមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡាងឆាង។ ក្រសួងទេសចរណ៍ នឹងបន្តពង្រឹងគុណភាពសេវាកម្មប្រកបដោយគុណភាព និងសុវត្ថិភាពជូនភ្ញៀវទេសចរតាមគន្លងថ្មី។ ទាំងនេះ គឺជាទិសដៅយុទ្ធសាស្រ្តក្នុងដំណាក់កាលទី២ នៃផែនការស្តារ និងអភិវឌ្ឍវិស័យទេសចរណ៍ក្នុង និងក្រោយដំណាក់កាល កូវីដ-១៩ ឆ្នាំ២០២០-២០២៥ ដើម្បីទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិ។
 
ជាមួយគ្នានេះ ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ចាំបាច់ទាមទារឱ្យមានការគិតគូរដល់ការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពអ្នកជំនាញ ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ និងវិជ្ជាជីវៈខ្ពស់។ យ៉ាងណាមិញ ការបណ្តុះបណ្តាលទេពកោសល្យជំនាញដល់ប្រតិបត្តិករ និងអ្នកបម្រើការក្នុងវិស័យទេសចរណ៍ ជាផ្នែកមួយដ៍សំខាន់ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស។ នេះបើតាមក្រសួងទេសចរណ៍។
 
ក្រសួងទេសចរណ៍ បានបើកសិក្ខាសាលា ស្តីពីការលើកកម្ពស់គុណភាពការផ្តល់សេវាកម្មទេសចរណ៍សម្រាប់ភ្ញៀវទេសចរចិន នៅខេត្តសៀមរាប នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២។ សិក្ខាសាលានេះ មានវត្តមានលោក ជា សែ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក Liu Zhijie ប្រធានការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាប ព្រមទាំងសមាគមទេសចរណ៍ជាច្រើនទៀត។
 
សូមជម្រាបដែរថា ក្រសួងទេសចរណ៍ បានបង្កើតបង្កើតប្រព័ន្ធគ្រប់គ្រងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍អនឡាញ តាមមរយៈអាសយដ្ឋាន www.tptd.org  ដើម្បីជួយដល់អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ ជាពិសេស យុវជន សិស្ស និស្សិត និងសាធារណជន ដែលមានបំណងចង់អភិវឌ្ឍសមត្ថភាព និងចាប់យកអាជីពជាអ្នកជំនាញនៅក្នុងវិស័យនេះ។ ជាក់ស្តែងចាប់ពីខែមិថុនា ឆ្នាំ២០២០ រហូតដល់ ខែធ្នូ ឆ្នាំ២០២២ នេះ សិក្ខាកាមសរុបដែលសិក្សាតាមថ្នាក់នៅក្នុងប្រព័ន្ធនេះ មានប្រមាណ ៦៩៥៩៥ នាក់៕
 

Tag:
 ThmeyThemy25​
  ក្រសួងទេសចរណ៍
 ​ អ្នកជំនាញទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com