អន្តរជាតិ
អាម៉េរិកចោទថា UN ទន់ភ្លន់ដាក់រុស្ស៊ីជុំវិញការស៊ើបអង្កេតរឿងប្រើដ្រូនអ៊ឺរ៉ង់
20, Dec 2022 , 8:29 pm        
រូបភាព
អាម៉េរិក នៅថ្ងៃទី១៩ ខែធ្នូ បានចោទថា អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) អាន់តូនីញ៉ូ ហ្គោតេរ៉េស ទន់ភ្លន់ដាក់រុស្ស៊ីជុំវិញរឿងប្រើដ្រូនអ៊ីរ៉ង់ក្នុងសង្គ្រាមឈ្លានពានអ៊ុយក្រែន ហើយមិនបញ្ជូនមន្ត្រីទៅអ៊ុយក្រែនដើម្បីស៊ើបអង្កេតរឿងនោះទៀត។


កន្លងមក ដ្រូនដែលប្រើក្នុងការវាយប្រហារអ៊ុយក្រែនរបស់រុស្ស៊ីត្រូវបានអាម៉េរិក អង់គ្លេស បារាំង អាល្លឺម៉ង់ និងអ៊ុយក្រែន ចោទថាផ្គត់ផ្គង់ដោយអ៊ីរ៉ង់ ហើយវារំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឆ្នាំ២០១៥ ដែលកំណត់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។ 
 
បណ្ដាប្រទេសទាំងនោះចង់ឱ្យអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គោតេរ៉េស បញ្ជូនមន្ត្រីទៅកាន់ទីក្រុងកៀវ ដើម្បីស៊ើបអង្កេតរឿងនេះ។ យ៉ាងណាមិញ ដ្បិត UN មិនទាន់បានចាត់វិធានការឆ្លើយតប ទើបធ្វើឱ្យឯកអគ្គរដ្ឋទូតរងអាម៉េរិកប្រចាំនៅ UN លោក Robert Wood ចោទលោក ហ្គោតេរ៉េស ថា ទន់ភ្លន់ដាក់រុស្ស៊ីពេកជុំវិញរឿងផ្គត់ផ្គង់ដ្រូននេះ។
 
«យើងសោកស្តាយណាស់ដែលអង្គការសហប្រជាជាតិនៅមិនទាន់បានបើកការស៊ើបអង្កេតលើការរំលោភបំពានដែលបានរាយការណ៍នេះ។ យើងខកចិត្តដែលលេខាធិការដ្ឋាន ឆ្លើយតបទន់ភ្លន់ទៅនឹងការគំរាមកំហែងរបស់រុស្ស៊ី ដោយមិនបានប្រើអំណាចបើកការស៊ើបអង្កេតដែលក្រុមប្រឹក្សាបានស្នើឡើង»។ លោក Wood ប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខនៅថ្ងៃទី១៩ ខែធ្នូបែបនេះដោយសំដៅដល់ការរំលោភបំពានកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។
 
ជាការឆ្លើយតប លោក ហ្គោតេរ៉េស ប្រាប់អ្នកសារព័ត៌មានថា ការចោទប្រកាន់របស់លោកខាងលិចដែលថាអ៊ីរ៉ង់បានផ្គត់ផ្គង់ដ្រូនឱ្យរុស្ស៊ីយកទៅប្រើក្នុងសង្គ្រាមអ៊ុយក្រែននោះកំពុងពិនិត្យមើលនៅក្នុងរូបភាពទូលំទូលាយឱ្យគ្រប់ជ្រុងជ្រោយនៅក្នុងបរិបទនៃសង្រ្គាមដើម្បីកំណត់ថាតើគួរ ឬមិនគួរ ហើយពេលណាដែលគួរបញ្ជូនមន្ត្រីទៅទីក្រុងកៀវ។
 
ក្នុងរបាយការណ៍មួយកាលពីដើមខែធ្នូ លោក ហ្គោតេរ៉េស បាននិយាយថា មន្ត្រី UN កំពុងពិនិត្យមើលព័ត៌មានដែលមាន ហើយបើមានការរកឃើញណាមួយនឹងត្រូវរាយការណ៍ទៅក្រុមប្រឹក្សាក្នុងពេលសមស្រប។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។ 
 
ចំណែកឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំ Vassily Nebenzia ប្រាប់ក្រុមប្រឹក្សាសន្តិសុខថា មន្ត្រី UN មិនគួរឱនក្បាលដាក់បណ្ដាប្រទេសលោកខាងលិចឡើយ។ រុស្ស៊ីបានបដិសេធដាច់ខាតថា កងកម្លាំងរបស់ខ្លួនមិនបានប្រើប្រាស់ដ្រូនរបស់អ៊ីរ៉ង់នៅអ៊ុយក្រែនឡើយ ហើយមន្ត្រីអង្គការសហប្រជាជាតិ (UN) មិនមានអំណាចធ្វើដំណើរទៅទីក្រុងកៀវ ដើម្បីស៊ើបអង្កេតប្រភពដើមនៃដ្រូនដែលរុស្ស៊ីប្រើនោះទេ។ 
 
អ៊ីរ៉ង់វិញបានទទួលស្គាល់ថា ខ្លួនបានផ្គត់ផ្គង់ដ្រូនឱ្យទីក្រុងមូស្គូ ប៉ុន្តែធ្វើឡើងតាំងពីមុនខែកុម្ភៈពេលរុស្ស៊ីឈ្លានពានអ៊ុយក្រែនម្ល៉េះ។ លើសពីនេះ ឯកអគ្គរដ្ឋ​ទូតអ៊ឺរ៉ង់ប្រចាំ UN លោក Amir Saeid Iravani បានពណ៌នាការចោទប្រកាន់របស់អាម៉េរិក និងប្រទេសលោកខាងលិចថា គ្មានមូលដ្ឋានច្បាស់លាស់ ហើយបានចាត់ទុកជាការប៉ុនប៉ងបង្វែរចំណាប់អារម្មណ៍ពីការផ្គត់ផ្គង់អាវុធទំនើបៗដ៏ច្រើនសន្ធឹកសន្ធាប់របស់ប្រទេសលោកខាងលិចទៅកាន់អ៊ុយក្រែន ដែលនាំឱ្យអូសបន្លាយជម្លោះទៅវិញទេ៕ 
 

Tag:
 អាម៉េរិក
  UN
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com