ជាតិ
ក្រសួងមហាផ្ទៃ ធ្វើកំណែទម្រង់ដំឡើងឋានៈជូនប៉ូលិស និងមន្រ្តីស៊ីវិលឲ្យប្រកបដោយ «យុត្តិធម៌»
28, Dec 2022 , 12:59 pm        
រូបភាព
 មន្រ្តីនគរបាល ស្ថិតក្នុងពិធីបិទវគ្គសុក្រឹតការនៃថ្នាក់ដឹកនាំនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា កាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២។
មន្រ្តីនគរបាល ស្ថិតក្នុងពិធីបិទវគ្គសុក្រឹតការនៃថ្នាក់ដឹកនាំនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា កាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២។
សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មើលឃើញបញ្ហា១ក្នុងសង្គមខ្មែរបច្ចុប្បន្ន ដូចមជ្ឈដ្ឋានមួយចំនួនដែរ គឺនគរបាល និងមន្រ្តីស៊ីវិលខ្លះ មានឱកាសបានឡើងទាំងតំណែងទាំងឋានន្តរស័ក្តិយ៉ាងឆាប់រហ័ស ខណៈអ្នកខ្លះទៀត នៅនឹងទ្រឹង១កន្លែង ដោយមិនបានឡើងនឹងគេឡើយ បើទោះជាចូលធ្វើជានគរបាល ឬជាមន្រ្តីរាជការយូរឆ្នាំ ព្រមទាំងបានខិតខំបំពេញការងារក្តី។


ដោយមើលឃើញបញ្ហាត្រង់កន្លែងនេះ សម្តេច ស ខេង បានផ្តួចផ្តើមគំនិតឲ្យមន្រ្តីជំនាញនៃក្រសួងមហាផ្ទៃ រៀបចំធ្វើសវនកម្មអំពីការដំឡើងស័ក្តិដល់នគរបាល មន្រ្តីតាមពន្ធនាគារ និងមន្រ្តីរាជការស៊ីវិលទូទៅឲ្យបានសមស្រប។ សម្តេច ចាត់ទុកការធ្វើសវនកម្មក្នុងការដំឡើងស័ក្តិឲ្យបានសមស្របនេះ ថាជាផ្នែក១នៃការធ្វើកំណែទម្រង់ ដើម្បីឲ្យមានយុត្តិធម៌ចំពោះនគរបាល និងមន្រ្តីរាជការស៊ីវិល។ 
 
ក្នុងពិធីបិទវគ្គសុក្រឹតការនៃថ្នាក់ដឹកនាំនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា កាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ រដ្ឋមន្រ្តីមហាផ្ទៃ ថ្លែងដូច្នេះថា៖«អ្នកខ្លះ បានឡើងស័ក្តិផង បានឡើងឋានៈផង តែអ្នកខ្លះទៀត ស័ក្តិ ក៏មិនបានឡើង ឋានៈ ក៏មិនបានឡើង នេះជាបញ្ហា»។
  

សម្តេច ស ខេង ធ្វើជាអធិបតីក្នុងពិធីបិទវគ្គសុក្រឹតការនៃថ្នាក់ដឹកនាំនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា កាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២។ 
 
លោកបណ្ឌិត មាស នី អ្នកតាមដានស្ថាការណ៍សង្គម មើលឃើញថា ក្នុងសង្គមខ្មែរ អ្នកមានលុយ សូកប៉ាន់ដើម្បីបានឡើងឋានៈ កើតមានជាច្រើនករណី។ លោក លើកឡើងថា ពេលអ្នកមានលុយ សូកលុយដើម្បីបានឡើងស័ក្តិបែបនេះ ធ្វើឲ្យប្រព័ន្ធដឹកនាំក្នុងជួររដ្ឋាភិបាល មានភាពទន់ខ្សោយ ដ្បិតអ្នក ដែលសូកលុយទាំងនោះ ជាមន្រ្តីគ្មានសមត្ថភាព។ លោក បន្តថា ការដែលអ្នកមានលុយ មានឱកាសបានឡើងឋានៈបែបនេះ ធ្វើឲ្យមន្រ្តីដែលប្រឹងធ្វើការ និងមន្រ្តីដែលមានសមត្ថភាពពិតប្រាដក លែងមានកម្លាំងចិត្តក្នុងការធ្វើការ។ 
 
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ (Thmeythmey) អ្នកតាមដានស្ថានការណ៍សង្គមរូបនេះ ប្រកាសដូច្នេះថា៖«ខ្ញុំ គាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេច១០០ភាគរយ ព្រោះដើម្បីផ្តល់យុត្តិធម៌ដល់មន្រ្តីនគរបាល និងមន្រ្តីរាជការស៊ីវិល»។ 
  

  លោកបណ្ឌិត មាស នី 

យ៉ាងណា លោកបណ្ឌិត ស្នើឲ្យក្រុមការងារដែលទទួលបន្ទុកក្នុងការធ្វើសវនកម្មអំពីការដំឡើងស័ក្តិ បំពេញការងារទៅតាមគោលការណ៍ ដើម្បីចៀសវាងអំពើពុករលួយ។ បើតាមសម្តេច ស ខេង លោក ឡាំ ជា រដ្ឋលេខាធិការម្នាក់របស់ក្រសួងមហាផ្ទៃ ត្រូវចាត់តាំងឲ្យទទួលបន្ទុកក្នុងការធ្វើសវនកម្មនេះ។     
 
ក្នុងពិធីខាងលើ សម្តេចរដ្ឋមន្រ្តី មានប្រសាសន៍ថា កន្លងមក ក្រសួងមហាផ្ទៃ ធ្លាប់ធ្វើសវនកម្មអំពីការដំឡើងស័ក្តិជូននគរបាល និងមន្រ្តីរាជការរួចមកហើយ តែមិនទាន់ទទួលបានលទ្ធផលល្អទាំងស្រុង ដូច្នេះ ត្រូវធ្វើបន្តទៀត៕ 
   
 

Tag:
 ដំឡើងស័ក្តិ
© រក្សាសិទ្ធិដោយ thmeythmey.com