ជាតិ
ជាប់ចិត្តនឹងបាល់ទាត់ តែជំនាញពេទ្យជាក្តីស្រមៃ​ក្នុងជីវិតរបស់យុវជន ផន ផល​នរៈ
30, Dec 2022 , 3:59 pm        
រូបភាព
ផន ផលនរៈ គឺជាកីឡាករបាល់ទាត់មួយរូបនៅខេត្តពោធិ៍សាត់ដែលបានប្រលងជាប់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២។ កួចគាប់ចិត្តនឹងវិស័យកីឡា ផលនរៈ មានបំណងចាប់យកជំនាញពេទ្យដើម្បី​បំពេញ​ក្តីស្រមៃ​នៃអាជីពការងារក្នុងជីវិត​របស់ខ្លួន។
 
យុវជន ផលនរៈ ជាកីឡាបាត់ទាត់ U18 នៃក្លិបបាល់ទាត់រតនាគារខេត្តពោធិ៍សាត់។ យុវជនផនផលនរៈ ត្រូវបានភ្លើងឆេះតាំងទើបកើតបាន១ថ្ងៃមកម្ល៉េះ។ ឥទ្ធិពលនៃភ្លើងឆេះផ្ទះនេះបានបន្សល់ស្លាកស្នាមពេញផ្ទៃមុខ និងដៃ របស់​ផលនរៈ ។
 
ទោះបីរូបគេកើតមកត្រូវជួបគ្រោះកាច តាំងពីទើបនឹងកើតក្ដី តែយុវជនរូបនេះហាក់មិនតូចចិត្តនឹងវាសនាខ្លួនឡើយ។ 
  


ផលនរៈ បានឱ្យដឹងថា  ថ្វីបើរូបគេ​ត្រូវស្ពាយស្លាកស្នាមសឹងតែមើលមិនស្គាល់ទម្រង់មុខតាំងពីទើបកើតក្ដីតែរូបគេបានទទួលភាពកក់ក្ដៅពីមនុស្សជុំវិញខ្លួនដោយគ្មានអ្នកចំអកលើស្នាមផ្ទៃមុខគេឡើយ។ កើតក្នុងគ្រួសារមានជីវភាពធូរធារដែលមានឪពុកម្ដាយជាអ្នកលក់ដូរ ផលនរៈ តែងទទួលបានការលើកទឹកចិត្តពីគ្រួសារ ដែលនេះជាកម្លាំងជំរុញផ្លូវចិត្តដ៏ធំធេងសម្រាប់ផលនរៈ ប្រឹងប្រែងរៀនសូត្រ និងបន្តដំណើរលើវិថីជីវិត។ ផន ផលនរៈ បានអះអាងដូច្នេះ៖ «មិនមានផលលំបាកអ្វីទេ។ ខ្ញុំមានមិត្តល្អៗ អត់ចេះរើសអើង ថែមទាំងលើកទឹកចិត្ត»។
 
ជាកីឡាករតំណាងខេត្តពោធិ៍សាត់ ផលនរៈ បានប្រឡងជាប់បាក់ឌុប ទទួលបាននិទ្ទេសE មកពីវិទ្យាល័យពោធិ៍សាត់លើមុខវិជ្ជាវិទ្យាសាស្រ្ត។ ផលនរៈ ចាត់ទុកលទ្ធផលនេះ ជាលទ្ធផលដ៏ល្អ សម្រាប់រូបគេនិងគ្រួសារ ដែលនាំឱ្យខ្លួនអាចរៀនបន្ត ហើយកីឡាកររូបនេះ មានបំណង ចង់រៀនជំនាញពេទ្យ  ។
 
ផលនរៈ បង្ហាញអារម្មណ៍ត្រេកអរ ដូចនេះ៖  «សប្បាយចិត្តណាស់បានប្រឡងជាប់ និទ្ទេសអីក៏សប្បាយដែរ»។ ខ្ញុំចង់រៀនពេទ្យ ព្រោះស្រឡាញ់ និងចង់បំពេញក្ដីស្រមៃចង់ជួយជីវិតគេ»៕   
 

 
 

Tag:
 បាក់ឌុប
  កីឡាករ
© រក្សាសិទ្ធិដោយ thmeythmey.com