ជាតិ
ក្រសួងអប់រំ ផ្តល់អាហារូបករណ៍សិក្សានៅបរទេស ជិត៧០០កន្លែង
31, Dec 2022 , 7:59 am        
រូបភាព
រូបភាព៖ សិស្សានុសិស្សសិក្សានៅបរទេស
រូបភាព៖ សិស្សានុសិស្សសិក្សានៅបរទេស
ដោយ៖ សែម ប្រាក់ដាវ
 
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ផ្តល់អាហារូបករណ៍ចំនួន ៦៧២កន្លែង សម្រាប់ការសិក្សានៅបរទេស ឆ្នាំ២០២៣ខាងមុខនេះ ចាប់ពីក្រោយឧត្តមសិក្សា ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត ដល់និស្សិត និងមន្ត្រីរាជការ ដែលមានចំណាប់អារម្មណ៍ដាក់ពាក្យប្រកួតប្រជែង។

 
យោងតាមទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា សម្រាប់អាហារូបករណ៍ ចំនួន៦៧២កន្លែងនៅបរទេស រួមមានប្រទេស មីយ៉ាន់ម៉ា ចិន ថៃ ជប៉ុន ឡាវ រុស្ស៊ី ហុងគ្រី និងប្រទេសវៀតណាម ទាំងកម្រិតថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងថ្នាក់ឧត្តមសិក្សា។
 
ជាមួយគ្នានេះ អាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ក្រោមគម្រោងអាហារូបករណ៍របស់ប្រទេសថៃ  ក្នុងឆ្នាំ២០២៣ ។ គម្រោងនេះផ្ដល់អាហារូបករណ៍ប្រទេសថៃនេះ ចំនួន ១០០កន្លែង និងចំនួន១៥០កន្លែង នៅប្រទេសចិន។ កាលបរិច្ឆេទកំណត់ប្រឡងអាហារូបករណ៍នេះ ខែមករា ឆ្នាំ២០២៣ខាងមុខ ។ ដោយឡែក អាហារូបករណ៍សិក្សានៅប្រទេសវៀតណាម បរិញ្ញាបត្រ ចំនួន៥០០នាក់ និងនៅប្រទេសឡាវ ថ្នាក់បរិញ្ញាបត្រ ចំនួន១៥នាក់ផងដែរ។ 
 
សូមបញ្ជាក់ដែរ ចំពោះបេក្ខជនដែលមានចំណាប់អារម្មណ៍ក្នុងការប្រកួតប្រជែងប្រឡង សូមដាក់ពាក្យតាមការិយាល័យអាហារូបករណ៍ និងកម្មសិក្សានៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ និងអាចទំនាក់ទំនងទៅអាសយដ្ឋាន អាគារលេខ២៣ ផ្លូវ៣៦០ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ៕

Tag:
 ក្រសួងអប់រំ
 អាហារូបករណ៍
© រក្សាសិទ្ធិដោយ thmeythmey.com