ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
សមាគមគ្រូបង្រៀន ទាមទារឲ្យដោះលែងបុគ្គល ដែលត្រូវបានចាត់ទុកជាអ្នកទោសមនសិការ
30, Dec 2022 , 4:29 pm        
រូបភាព
រូបពីសមាគមអាដហុក
រូបពីសមាគមអាដហុក
តំណាងសហជីព តំណាងសមាគម និងក្រុមយុវជន បានប្រមូលផ្តុំគ្នា ហើយធ្វើដំណើរទៅកាន់ទីលានប្រជាធិបតេយ្យ ដើម្បីទាមទារឲ្យដោះលែងជាប់ឃុំ ដែលពួកគេ ចាត់ទុកថាជាអ្នកទោសមនសិការ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ។ ក្នុងចំណោមអ្នកចួលរួមទាំងនោះ ក៏មានសមាជិកគ្រួសាររបស់អ្នកឃុំដែរ។


ការប្រមូលផ្តុំនេះ ដឹកនាំដោយថ្នាក់ដឹកនាំសមាគមគ្រូបង្រៀនឯករាជកម្ពុជា ដូចជា អ្នកស្រី អ៊ុក ឆាយណាវី និងលោក រ៉ុង ឈុន ជាដើម។ សមគមអាដហុក បានជូនដំណឹងលើទំព័រហ្វេសប៊ុករបស់ខ្លួនថា អ្នកតវ៉ាទាំងនោះ មានគ្នាប្រមាណ១០០នាក់។ 
 
បើតាមសមាគមអាដហុក ពួកគេ គ្រាន់តែអាចនៅជិតទីលានប្រជាធិបតេយ្យប៉ុណ្ណោះ តែពុំអាចចូលទៅក្នុងទីលានប្រជាធិបតេយ្យឡើយ ព្រោះអាជ្ញាធរដាក់របាំងរាំងខ្ទប់។
សមាគមអាដហុក អះអាងដូច្នេះថា៖«ពួកគាត់ បានព្យាយាមថ្លែងសារទាមទារ នៅជាប់រនាំងរបស់សមត្ថកិច្ច ដែលដាក់ហាមឃាត់ពួកគាត់ ដោយមិនទាន់ឃើញមានការបង្ក្រាបអ្វីនោះទេ»។ 
 
កាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២២ សមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា ​បានដាក់លិខិតទៅកាន់សាលារាជធានីភ្នំពេញ ដើម្បីសុំជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ។ ដល់ថ្ងៃទី២៦ ខែធ្នូ ភាគីសាលារាជធានីភ្នំពេញ ក៏កោះហៅភាគីសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា ទៅពិភាក្សាគ្នា ហើយក្រោបញ្ចប់កិច្ចពិភាក្សា សាលារាជធានីភ្នំពេញ បានបដិសេធមិនឲ្យមានការជួបជុំគ្នាលើទីលានប្រជាធិបតេយ្យឡើយ។ 
 
សាលារាជធានីភ្នំពេញ លើកហេតុផលថា កម្មវត្ថុនៃការជួបជុំគ្នារបស់សមាគមគ្រូបង្រៀននៅលានប្រជាធិបតេយ្យកម្ពុជា ដើម្បីទាមទារឲ្យដោះលែងអ្នកទោសបែបបនេះ គឺផ្ទុយនឹងក្រមព្រហ្មទណ្ឌ៕  
 

Tag:
 ទាមទារឲ្យដោះលែងអ្នកទោសមនសិការ
© រក្សាសិទ្ធិដោយ thmeythmey.com