ជាតិ
មូលហេតុ ៣យ៉ាង នាំឱ្យ ត្រីទឹកសាបកើនឡើងក្នុងឆ្នាំនេះ
07, Jan 2023 , 6:29 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ឆ្នាំ២០២២ ផលត្រីសរុបក្នុង«ដាយត្រី» រាជធានីភ្នំពេញ និងខេត្តកណ្ដាល សរុបចំនួន១ ៤៨១ តោន ដោយឆ្នាំ២០២១ បានត្រឹម ៨៩០ តោនប៉ុណ្ណោះ។ ចំនួននេះបើធៀបទៅ​ត្រីទឹកសាបកើនជាង ៤០ភាគរយ។ ទន្ទឹមការកើនឡើងនេះ លោក អ៊ឹង ទ្រី ថា អាចបណ្ដាលមកពីកត្តា ស្ថានភាពទឹក អាកាសធាតុ និងការការពារបទល្មើសប្រកបដោយប្រសិទ្ធភាព។
ត្រីទឹកសាបនៅក្នុងប្រទេសកម្ពុជា អាចត្រូវចន្លោះពី១ ទៅ៣ ដងក្នុងមួយឆ្នាំៗ។ ជាមួយគ្នានេះ ចំនួនត្រីកើនឡើង ឬថយចុះ អាចអាស្រ័យទៅលើទិន្នន័យដែលប្រមូលបានពី ដាយត្រីមួយចំនួនផងដែរ។ 

លោក អ៊ឹង ទ្រី អនុប្រធានរដ្ឋបាលជលផល

លោក អ៊ឹង ទ្រី អនុប្រធានរដ្ឋបាលជលផល បានប្រាប់សារព័ត៌មានThmeyThmey25 ថា  ឆ្នាំនេះ​ចំនួនត្រីត្រូវ នៅចន្លោះថ្ងៃទី២៩ ដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ដោយអាចមានចំនួនកើនឡើងជាងឆ្នាំមុន៤០ភាគរយ។ លោក អះអាងថា ការកើនឡើងនៃចំនួនត្រីក្នុងឆ្នាំនេះ អាចបណ្ដាលមកពីកត្តាធំៗបី រួមមាន កត្តាធម្មជាតិ ដោយទឹកធំអាចបង្កឱ្យជម្រកត្រីមានវិសាលភាពកាន់ទូលាយ ងាយបង្កើតកូនត្រីក្នុងធម្មជាតិ​។ កត្តាអាកាសធាតុ ក៏ជាផ្នែកមួយជំរុញឱ្យផលត្រីមានការកើនឡើង និងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់មានប្រសិទ្ធភាព ដែលធ្វើឱ្យត្រីទឹកសាបនៅសល់ក្នុងធម្មជាតិច្រើន។ 



ជាមួយគ្នានេះលោកបានបន្ថែមថា  ត្រីអាចត្រូវបន្តទៀត ប្រសិនបើអាកាសធាតុអំណាយផល ក្នុងអំឡុងត្រីត្រូវ។ « រដ្ឋបាលជលផល សង្ឃឹមថាត្រីអាចនឹងត្រូវបន្តទៀត ប្រសិនបើអាកាសធាតុមិនរអាក់រអួល។ លើសពីនេះពេលត្រីត្រូវលើកក្រោយ ក៏អាចមានពលរដ្ឋ មកទិញច្រើនជាងដើមរដូវផង ព្រោះធម្មតាពេលត្រីត្រូវដើមដៃពលរដ្ឋមិនទាន់សម្រុកមកទិញទេ»។ នេះជាការលើកឡើងរបស់ លោក ទ្រី។ 



ទន្ទឹមនេះ រដ្ឋបាលជលផលបានអំពាវនាវដល់ ប្រជាពលរដ្ឋ រួមជាមួយអាជ្ញាធរ និងប្រជានេសាទ សូមចូលរួមថែរក្សា និងអភិរក្សជម្រកត្រីបន្តទៀត ដើម្បីបង្កើនចំនួនពួកវានៅក្នុងទឹកសាបឱ្យកាន់ច្រើនពីមួយទៅមួយឆ្នាំ។ 
គួរបញ្ជាក់ថា ឆ្នាំ២០២២ ផលត្រីនេសាទដាយត្រីនៅភ្នំពេញ និងខេត្តកណ្ដាល ប្រមូលបាន១៤៨១តោន ក្នុងរយៈពេល៥ថ្ងៃ ដោយឆ្នាំ២០២១-២០២២ ផលត្រីបានត្រឹម៨៩០តោនប៉ុណ្ណោះ ។ ក្នុងនោះត្រីរៀល មាន៤៥ភាគរយ ស្លឹកឫស្សី៣០ភាគរយ ខ្នងវែង៥ភាគរយ កញ្រ្ជូក ៣ភាគរយ ច្រកែង ២ភាគរយ ឈ្វាត ៥ភាគរយ និងត្រីចម្រុះ១០ភាគរយ៕ 
 
 
 
 

Tag:
 ត្រីទឹកសាប
  ត្រីត្រូវ
© រក្សាសិទ្ធិដោយ thmeythmey.com