ជាតិ
វិធីសាស្រ្តា៦យ៉ាង ក្នុងការចិញ្ចឹមជន្លេនក្រហមសម្រាប់ចំណីមាន់-ទា
08, Jan 2023 , 7:59 am        
រូបភាព
ភ្នំពេញ៖ ជន្លេនគឺជាសត្វម៉្យាង ដែលមានប្រយោជន៍ច្រើនមុខ ចំពោះការចិញ្ចឹមសត្វ និងដាំដំណាំផ្សេងៗ ។ ជន្លេនជា​សត្វងាយស្រួលចិញ្ចឹម សម្បូរទៅដោយប្រូតេអ៊ីនខ្ពស់ ជាចំណីសម្រាប់សត្វមាន់ ទា ជ្រូក ត្រី និងកង្កែបជាដើម។
បើតាមនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វិធីសាស្រ្តក្នុងការចិញ្ចឹមជន្លេន មាន៦ចំណុច ដែលកសិករគួរស្វែងយល់រួមមាន៖ 



ការជ្រើសរើសទីតាំងសម្រាប់ជីករណ្ដៅ
ដំបូងឡើយ កសិករត្រូវ ជ្រើសរើសកន្លែង ដែលមានដីខ្ពស់ល្មម មិនលិចទឹក មិនក្ដៅស្ងួតខ្លាំង និងដី មានម្លប់ត្រជាក់ និងខ្យល់ចេញចូលបានល្អ។
 
ការរៀបចំរណ្ដៅចិញ្ចឹមជន្លេន
ត្រូវ មានទំហំរណ្ដៅដែលសមស្រប ដោយមាន បណ្ដោយប្រវែង ២ ម៉ែត្រ ទទឹង ១ម៉ែត្រ និងជម្រៅ ០,៣ម៉ែត្រ ។ ត្រូវទ្រាប់ក្រណាត់ ប្លាស្ទីក នៅបាតរណ្ដៅ។ បាំងបន្ទះក្ដារជុំវិញចៀសវាងដី បាក់ចូលក្នុងរណ្ដៅ និងទម្លុះ រន្ធតូចៗ ចម្ងាយពីគ្នា ១សង់ទីម៉ែត្រ។
 
ការផ្ដល់ចំណីឱ្យជន្លេន
ចំណីសម្រាប់ដាក់ឱ្យជន្លេនស៊ី មាន លាមកគោ លាមកសេះ ពពែស្រស់ និងកាកសំណល់ផ្ទះបាយជាដើម។ វិធីក្នុងការដាក់ចំណី ដំបូងត្រូវ ដាក់ដីទ្រាប់បាត កម្រាស់ ៥ សង់ទីម៉ែត្រ  រួចកៀរឱ្យស្មើ មុននឹងដាក់លាមកគោស្រស់ចូល។ ប្រើលាមកគោស្រស់ ចំនួន ១០០ គីឡូក្រាម ដោយបំបែក ឱ្យហ្មត់ មានកម្រាស់ ១០ សង់ទីម៉ែត្រ។
 
ការដាក់លាមគោស្រស់ និងពូជជន្លេនសម្រាប់ចិញ្ចឹម
នៅពេលដាក់លាមកគោរួច ត្រូវយកពូជជន្លេន ដាក់ក្នុងលាមកគោ ចំនួន ៤-៥ កន្លែង។ ពូជជន្លេន ត្រូវប្រើ ចំនួន១ គីឡូក្រាម (គិតទាំងជន្លេន និងលាមកសត្វ) ក្នុងផ្ទៃរណ្ដៅ ១ម៉ែត្រការ៉េ។  បន្ទាប់ពីដាក់ពូជជន្លេនហើយ ត្រូវស្រោចទឹក ឱ្យសើមល្មម ចៀសវាងកុំឱ្យទឹកជោគពេក។ ត្រូវ ស្រោចទឹក ២-៣ ថ្ងៃម្ដង ដើម្បីរក្សាសំណើមឱ្យ បានថេរ តែមិនត្រូវស្រោចទឹកឱ្យជោគពេកទេ។ នៅពេលជន្លេនកកើត បានច្រើនត្រូវបន្ថែម លាមកគោស្រស់ ចំនួន៣គីឡូក្រាម ក្នុង១ម៉ែត្រការ៉េ រយៈពេល ១សប្ដាហ៍ម្ដង។
 
ការរៀបចំដំបូលរណ្ដៅចិញ្ចឹមជន្លេន
ការធ្វើដំបូងនេះ គឺដើម្បីការពារទឹកភ្លៀង និងកម្ដៅថ្ងៃ។ លើសពីនេះ គឺធ្វើរបងព័ន្ធជុំវិញ ដើម្បីការពារសត្វចូលកកាយ។
 
ការប្រមូលផលជន្លេនឱ្យសត្វស៊ី
ត្រូវយកតាមកន្លែងបន្តបន្ទាប់។ តួយ៉ាង បើយកទំហំ១០ សង់ទីម៉ែត្រ ត្រូវដាក់លាមកគោស្រស់ នៅកន្លែងនោះ ចំនួន២គីឡូក្រាម ។ ពេលយកអស់តាមលំដាប់ដល់កន្លែងនោះ ចំនួន២គីឡូក្រាម។ ពេលយកអស់តាមលំដាប់ ដល់កន្លែងដើម នោះជន្លេនកកើតមានដូចដើមវិញ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com