ជាតិ
រដ្ឋាភិបាល នឹងរៀបចំពិធីបុណ្យទន្លេឡើងវិញ ក្នុងខេត្តកំពង់ធំ នៅខែមីនាខាងមុខ
07, Jan 2023 , 10:29 pm        
រូបភាព
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំអនុវត្តក្នុងការរៀបចំបុណ្យទន្លេលើកទី៧។ រូបភាព៖ រដ្ឋបាលខេត្តកំពង់ធំ
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំអនុវត្តក្នុងការរៀបចំបុណ្យទន្លេលើកទី៧។ រូបភាព៖ រដ្ឋបាលខេត្តកំពង់ធំ
ដោយ:
កំពង់ធំ៖ រដ្ឋាភិបាល នឹងរៀបចំពិធីបុណ្យទន្លេឡើងវិញ នៅខេត្តកំពង់ធំ ចាប់ពីថ្ងៃថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះ ក្រោយខកខានអស់រយៈពេល ២ឆ្នាំ ដោយសារបញ្ហារាលដាលនៃជំងឺកូវីដ-១៩។ នេះបើតាមរដ្ឋបាលខេត្តកំពង់ធំ។
 
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី៦ ខែមករា ម្សិលមិញ បានប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំអនុវត្តក្នុងការរៀបចំបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។
 
បើតាមរដ្ឋបាលខេត្តកំពង់ធំ ពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំនេះ នឹងមានរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៍ យកពីផលិតផលទាំងឡាយ ដែលកើតមានតាមដងទន្លេ និងផលិតផលកសិកម្មក្នុងស្រុក កសិទេសចរណ៍ និងផលិតផលខ្មែរ ពិព័រណ៍សិប្បកម្ម ពាណិជ្ជកម្ម មហោស្រពម្ហូបអាហារ និងភេសជ្ជៈ។ ក្រៅពីនោះ ក៏មានការទស្សនាទស្សនីយ៍ភាពវប្បធម៌ ដូចជា ការប្រកួតកីឡាប្រដាល់ កីឡាប៊ូល កីឡារត់ប្រណាំង ព្រមទាំងមានពិធីដាំដើមឈើដែលជាសួនទេសចរណ៍ និងការប្រគំតន្ត្រី ការសម្តែងសិល្បៈវប្បធម៌ កម្មវិធីសំណេះសំណាលជាមួយសហគមន៍ផាត់សណ្តាយ និងសកម្មភាពផ្សេងៗទៀតជាច្រើន។
 
សូមរំលឹកថា រដ្ឋាភិបាល បានផ្អាកពិធីបុណ្យទន្លេនេះ នៅឆ្នាំ២០២១ និងឆ្នាំ២០២២ ដោយសារជួបវិបត្តិនៃជំងឺកូវីដ-១៩។ ព្រឹត្តិការណ៍បុណ្យទន្លេ បានធ្វើឡើងចំនួន ៦លើករួចមកហើយ គឺបានធ្វើនៅខេត្តក្រចេះ ឆ្នាំ២០១៥, ធ្វើនៅខេត្តស្ទឹងត្រែង ឆ្នាំ២០១៦, ធ្វើនៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ឆ្នាំ២០១៧, ធ្វើនៅខេត្តកណ្ដាល ឆ្នាំ២០១៨, ធ្វើនៅខេត្តកំពង់ឆ្នាំង ឆ្នាំ២០១៩ និងធ្វើនៅខេត្តបាត់ដំបង ឆ្នាំ២០២០៕
 

Tag:
 ពិធីបុណ្យទន្លេ
  ខេត្តកំពង់ធំ
© រក្សាសិទ្ធិដោយ thmeythmey.com