ជាតិ
យុទ្ធនាការ​សៀវ​ភៅ​មួយ​ សហគមន៍​មួយ​ នឹង​ជំរុញ​ការ​អាន​នៅ​ទូទាំង​ប្រទេស
08, Jan 2023 , 11:59 am        
រូបភាព
លោក សឿន សារ៉ាត់ ប្រធានបណ្ណាល័យកំពង់ស្ពឺ
លោក សឿន សារ៉ាត់ ប្រធានបណ្ណាល័យកំពង់ស្ពឺ
ភ្នំពេញ៖ យុទ្ធនាការសហគមន៍មួយសៀវភៅមួយ គឺជាយុទ្ធនាការដែលផ្ដោតសំខាន់ ទៅលើការលើកស្ទួយវិស័យការអាននៅក្នុងសហគមន៍។ យុទ្ធនាការនេះ មានភ្ជាប់ជាមួយនឹងគម្រោងធំៗចំនួន៥ គឺការប្រកួតប្រជែងការអាន ផ្សារណាត់សៀវភៅ ការអភិវឌ្ឍបណ្ណាល័យ បណ្ណាល័យចល័ត និងការចែកសៀវភៅទាំង២៥ ​ខេត្តក្រុង។
យុទ្ធនាការ​សៀវ​ភៅ​​មួយ សហគមន៍​​មួយ​ (One Book One Community) នឹង​ប្រកាស​ជា​ផ្លូវ​ការ​ ហើយ​​ដាក់​​ដំណើរ​ការ​ដំបូង​​ ​នៅ​បណ្ណាល័យ​កំពង់ស្ពឺ ​នា​ថ្ងៃ​ទី​១៣-១៥ ខែ​មករា​ ឆ្នាំ​២០២៣​ខាង​មុខ​ ក្រោម​ប្រធាន​បទ​ “​រួម​គ្នា​លើក​កម្ពស់​ការ​អាន ​​នៅ​តាម​សហគមន៍​”។ យុទ្ធនាការ​នេះ​ មាន​គោល​បំណង​បណ្ដុះ​វប្បធម៌​​អាន​ និង​ការ​រៀន​សូត្រ​ឯក​រាជ​ ក្នុង​ចំណោម​យុវជន នៅ​គ្រប់​​ខេត្ត​ក្រុង​ទូទាំង​ប្រទេសកម្ពុជា​​​។ ​យុទ្ធនាការ​​ ក៏​លើក​កម្ពស់​ការ​អាន​ជា​សាធារណៈ​ ដែល​​បន្ត​​សកម្ម​ភាព​រយៈ​ពេ​ល​២​ឆ្នាំ ឬ​២៥​ខែ ជុំ​វិញ​២៥​ខេត្ត​ក្រុង​។ 
លោក សឿន សារ៉ាត់ ប្រធាន​បណ្ណាល័យ​កំពង់​ស្ពឺ រំពឹង​ទទួល​បាន​អ្នក​ចូល​ទស្សនា​ប្រមាណ​១​ម៉ឺន​នាក់ ក្នុង​​​​យុទ្ធនាការ​សៀវ​ភៅ​​មួយ សហគមន៍​​មួយ ក្នុង​ខេត្ត​កំពង់ស្ពឺ​។ ការរំពឹង​បែប​នេះ ដោយ​សារ​ព្រឹត្តិការណ៍​នោះ មាន​​កម្ម​វិធី​ចែក​រំលែក​ទស្សនទាន បទ​ពិសោធ​ល្អ​ៗ អំពី​គន្លឹះ​ជោគ​ជ័យ​ក្នុង​ការ​សិក្សា​ សារៈ​សំខាន់​នៃ​ការ​អាន​ គន្លង​អាជីព​ ការ​រៀប​ចំ​ផែន​ការ​ជីវិត​ ដោយមាន​វា​គ្មិន​ជា​ថ្នាក់​ដឹក​នាំ និង​ជា​អ្នក​ជំរុញ​ទឹក​ចិត្ត​ល្បីៗ​ ។​ជាពិសេសការ​ចែក​សៀវ​ភៅ​១​ពាន់​ក្បាល​ អមជាមួយសកម្មភាព​បណ្ណាល័យ​ចល័ត​ និង​ផ្សារ​ណាត់​សៀវ​ភៅ​​ ដែល​នឹងមាន​បង្ហាញ​​សៀវ​ភៅ​រាប់​ពាន់​ចំណង​ជើង​ ជា​លើក​ដំបូង​នៅ​ខេត្ត​កំពង់​ស្ពឺ​។
ផ្ដើម​ចេញ​ពី​​​ទឹក​ដី​ដើម​កំណើត​អ្នក​ប្រាជ្ញ​ខ្មែរ លោក សឿន សារ៉ាត់​​ ថា​​យុទ្ធនាការ​សៀវ​ភៅ​​មួយ សហគមន៍​​មួយ ជា​ឱកាស​នាំ​ឱ្យ​សាធារណជន​​ បាន​ដឹង​ថា​នៅ​ខេត្ត​កំពង់​ស្ពឺ​ មាន​បណ្ណាល័យ​សាធារណៈ​ ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​​​​។



បណ្ណាល័យ​កំពុង​ស្ពឺ ជា​បណ្ណាល័យ​​សាធារណៈ​​​ ដែល​បាន​ដាក់​ឱ្យ​ដំណើរ​ការ​ក្នុង​អំឡុង​ឆ្នាំ​២០១៧​​។ បណ្ណាល័យ​នេះ​ ពុំ​មែន​​ត្រឹម​តែ​ជា​បណ្ណាល័យឡើយ​​​។ ក្នុង​ហាង​កាហ្វេ​ នៅ​ខាង​មុខអគារ​​បណ្ណាល័យ ​មានសៀវ​ភៅ​ដាក់​ឱ្យ​ភ្ញៀវ​អាន​។ នៅ​ជាន់​ទី​១ នៃ​អគារ​បណ្ណាល័យ ​​ជា​សាល​សន្និសីទ​។ ជាន់​ដំបូល ជា​សាល​ពហុបំណង​ អាច​សម្ដែង​សិល្បៈ​ បញ្ចាំង​កុន និង​ធ្វើ​កម្ម​វិធី​នានា​បាន​។ ខាង​ក្រោយ​អគារ​ មាន​តារាង​បាល​។ ទាំង​នេះជា​មធ្យោបាយ​ នាំ​សាធារណជន​ ឱ្យ​ស្គាល់​បណ្ណាល័យ​តាម​រយៈ​គោល​បំណង​ផ្សេង​ៗ។ 
​បើ​តាម​ប្រធាន​បណ្ណាល័យកំពង់​ស្ពឺ​​ សាធារណជន​ប្រមាណ​២​ម៉ឺន​នាក់​ បាន​ចូល​ទៅ​ប្រើ​ប្រាស់​អគារ​បណ្ណាល័យ​កំពុង​ស្ពឺ​តាម​គោល​បំណង​ផ្សេង​ៗ​។ នៅ​​ក្នុង​ឆ្នាំ​២០២២ បណ្ណាល័យ​​កំពង់​ស្ពឺ​ ទទួល​បាន​សមាជិក​ ​ធ្វើ​​ប័ណ្ណ​អាន​សៀវ​ភៅ​​​​១៨៤​នាក់​។ ចំនួន​នេះ​​​កើន​ឡើង​ជា​ង​ឆ្នាំ​២០២១​​​ គួរឱ្យ​កត់​សម្គាល់​។ ក្នុង​ឆ្នាំ​ដដែល​នេះ មាន​សាធារណជន​ទូទៅ​ប្រមាណ​​៨​ពាន់នាក់​​ ចូល​ទៅ​អាន​សៀវ​ភៅ​​នៅ​ទី​នោះ​។ 
អ្វី​ដែល​គួរឱ្យ​កត់​សម្គាល់​ អស់​រយៈ​ពេល​៦​ឆ្នាំ នៃការ​បង្កើត​បណ្ណាល័យ​កំពង់​ស្ពឺ​ នៅ​ក្នុង​ឆ្នាំ​២០២២​ បណ្ណាល័យ​កំពង់​ស្ពឺ​ បាន​ទាក់​ទាញ​​​កម្មករ​រោង​ចក្រ និង​កសិករ​ ​ធ្វើ​ប័ណ្ណ​សមាជិក​​​​ប្រមាន​១០​នាក់ ហើយ​ពួក​គេ​តែង​តែ​ខ្ចី​សៀវ​ភៅ​យក​ទៅ​អាន​ជា​រៀង​រាល់​ថ្ងៃ​​។ ប្រធាន​បណ្ណាល័យ​ខាង​លើ ថា​​កម្មករ​រោង​ចក្រ​ចាប់​ផ្ដើម​ចាប់​អារម្មណ៍​ការ​អាន​ សម្រាប់​ជា​ការ​កម្សាន្ត​ និង​ពង្រីក​ចំណេះ​ដឹង​​​បន្ថែម​។
សូម​បញ្ជាក់​ថា​ យុទ្ធនាការ​សៀវ​ភៅ​​មួយ សហគមន៍​​មួយ ផ្ដួច​ផ្ដើម​គំនិត​ដោយ​ក្រុម​ការ​ងារ​ Riel Tiger Solution បណ្ណាល័យ​បញ្ញវន្ត​ គ្រឹះ​ស្ថាន​បោះ​ពុម្ព​ផ្សាយ​ Business Record និង​ដៃ​គូ​សហការ​សំខាន់​ៗ​ ដូច​ជា​អង្គការ​ Sipar សហព័ន្ធ​សេវា​អប់រំ​កម្ពុជា​ជា​ដើម​។ ព្រម​ទាំង​មាន​កា​រ​​គាំ​ទ្រ​ពី​សមាគម​ អ្នក​បោះ​ពុម្ព​ផ្សាយ​សៀវ​ភៅ​នៅ​កម្ពុជា សមាគម​បណ្ណាល័យ​កម្ពុជា សមាគម​អ្នក​និពន្ធ​ខ្មែរ និង​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា​។
យោង​តាម​ការ​ស្ទង់​មតិ​ សេដ្ឋ​កិច្ច​សង្គម​កម្ពុជា​ឆ្នាំ​២០១៤ ប្រទេស​កម្ពុជា មាន​អត្រា​អក្ខរកម្ម​ទាប​បំផុត​​លំដាប់​ទី​២ ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ បន្ទាប់​ពី​ប្រទេស​ឡាវ និង​ប្រហែល​២៩​ភាគ​រយ​ នៃ​ប្រជា​ជន​សរុប​ គឺ​ខ្វះ​ជំនាញ​អាន​ និង​សរសេរ​ជា​មូល​ដ្ឋាន​។ ចំពោះ​ការ​រក​ឃើញ​របស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​យុវជន​ជាតិ​ (NYDC 2021) នៅ​កម្ពុជា​បាន​បង្ហាញ​ថា កម្ពុជា​ជា​ប្រទេស​ដែល​មាន​យុវជន​ ៣២​ភាគ​រយ​ ដែល​មាន​អាយុ​ពី​១០​ដល់​២៤​ឆ្នាំ និង​៧១​ភាគ​រយ​ នៃ​យុវជន​មិន​បាន​សិក្សា​ជា​ផ្លូវ​ការ​៕​​
 

Tag:
 សៀវ​ភៅ​
  អំណាន​
  យុទ្ធនាការ
© រក្សាសិទ្ធិដោយ thmeythmey.com