សាកលវិទ្យាល័យភូមិន្ទកសិកម្ម ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦៤។ គិតមកដល់បច្ចុប្បន្ន គ្រឹះស្ថានអប់រំមួយនេះ មានវ័យជិត៦០ឆ្នាំហើយ។ មានផ្ទៃដី២៤ហិកតា ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ សាកលវិទ្យាល័យភូមិន្ទកសិកម្ម មានមហាវិទ្យាល័យចំនួន៩ រួមមាន មហាវិទ្យាល័យវិទ្យាសាស្រ្តព្រៃឈើ, វិទ្យាសាស្រ្តជលផល, វិទ្យាសាស្រ្តកសិកម្ម, វិទ្យាសាស្រ្តសត្វ, វេជ្ជសាស្រ្តសត្វ, វិស្វកម្មកសិកម្ម, សេដ្ឋកិច្ចកសិកម្ម និងអភិវឌ្ឍន៍ជនបទ, កសិឧស្សាហកម្ម និងរៀបចំដែនដី និងរដ្ឋបាលដីធ្លី។
ក្នុងបទសម្ភាសជាមួយសារព័ត៌មាន Thmey Thmey 25 លោក ហួន ថាវរៈ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម មានប្រសាសន៍ថា ក្នុងចំណោមមហាវិទ្យាល័យទាំង៩ គឺមានតែជំនាញវិទ្យាសាស្រ្តកសិកម្មទេ ដែលមាននិស្សិតសិក្សាច្រើនជាងគេ។ ជំនាញវិទ្យាសាស្រ្តកសិកម្មនេះ ពាក់ព័ន្ធនឹងការដាំដុះដំណាំទាំងបន្លែ និងផ្លែឈើហូបផ្លែ។
លោក ហួន ថាវរៈ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម
ជំនាញនីមួយៗដែលសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានបណ្ដុះបណ្ដាលសុទ្ធតែមានសារសំខាន់សម្រាប់សិស្សនិស្សិត ដោយពួកគេអាចជ្រើសរើសជំនាញណាមួយដែលខ្លួនស្រឡាញ់ ដើម្បីបង្កើតជាមុខរបរ ឬការងារទៅថ្ងៃអនាគត។ ចាប់តាំងពីឆ្នាំ១៩៦៤មក គ្រឹះស្ថានអប់រំដ៏មានវ័យចំណាស់មួយនេះ បានបណ្ដុះបណ្ដាលនិស្សិតជាច្រើនម៉ឺននាក់ឱ្យមានចំណេះដឹងលើជំនាញកសិកម្ម។
ការបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យកសិកម្ម ជារឿងសំខាន់ ដែលរដ្ឋាភិបាលតែងយកចិត្តទុកដាក់។ «សម្រាប់ខ្ញុំគិតថា ការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យកសិកម្ម ពិតជាមានសារសំខាន់ណាស់។ ព្រោះអីមិនថានៅប្រទេសយើងទេ គឺគ្រប់ប្រទេសទាំងអស់ ប្រជាជនត្រូវការការហូបចុកទាំងចំណីអាហារផ្សេងៗ ដូចជាបន្លែ ផ្លែឈើ និងត្រីសាច់ សុទ្ធតែពាក់ព័ន្ធនឹងកសិកម្ម»។ នេះជាការលើកឡើងរបស់លោក ហួន ថាវរៈ ដោយបន្តថា ការបណ្ដុះបណ្ដាលធនធានមនុស្សនេះ ដើម្បីធ្វើឱ្យការដាំដុះ និងចិញ្ចឹមសត្វប្រកបដោយសុខភាពល្អ រួមទាំងការកែច្នៃអាហារមានគុណភាព ដែលជួយដល់សុខភាពអ្នកបរិភោគ និងជួយលើកស្ទួយសេដ្ឋកិច្ចជាដើម។
សកម្មភាពនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម នៅក្នុងថ្នាក់រៀន
វិស័យកសិកម្ម មានការវិវត្តទៅតាមសម័យកាល និងការអភិវឌ្ឍរបស់ប្រទេសជាតិ។ តួយ៉ាងកសិករ មិនប្រាកដថានៅតែលើទីវាល ឬក្រោមកម្ដៅថ្ងៃរហូតនោះទេ ជាក់ស្ដែងកសិករទំនើប អាចប្រើប្រាស់បច្ចេកវិទ្យាសម្រាប់បញ្ជាបាន។ សាកលវិទ្យាធិការរងរូបនេះ បញ្ជាក់ដូច្នេះ៖ «ពីមុនយើងគិតថាឱ្យតែរៀនកសិកម្ម យើងដឹងថាធ្វើការនៅទីវាល ធ្វើការហាលក្ដៅ ប៉ុន្តែឥឡូវដោយសារយើងប្រើបច្ចេកវិទ្យាទំនើបៗច្រើន។ យើងអាចធ្វើនៅក្នុងមន្ទីរពិសោធន៍ ឬក៏បញ្ជាដោយបច្ចេកវិទ្យាដ្រូន ដើម្បីជួយដល់វិស័យកសិកម្ម»។
បើតាមលោក ហួន ថាវរៈ និស្សិតដែលសិក្សានៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ភាគច្រើនជានិស្សិតមកពីតាមបណ្ដាខេត្តនានា។ ជាមួយគ្នានេះ ក្រៅពីទទួលចំណេះដឹងក្នុងថ្នាក់ និស្សិតនៅទីនេះ ក៏មានឱកាសចុះអនុវត្តផ្ទាល់ផងដែរ។ លើសពីនេះ ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Agrostudies Agriculture Capacity Building ចាប់ពីឆ្នាំ២០០៨មក និស្សិតកសិកម្មកម្ពុជា មានឱកាសទៅហាត់ការនៅប្រទេសអ៊ីស្រាអែល រយៈពេល១១ខែ។ មកដល់បច្ចុប្បន្ននេះ និស្សិតកសិកម្មជាង ១៧០០នាក់ ហើយ ដែលបានទៅហាត់ការនៅទីនោះ។
សូមបញ្ជាក់ថា សាកលវិទ្យាល័យភូមិន្ទកសិកម្ម ជាគ្រឹះស្ថានអប់រំស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងមួយឆ្នាំៗ សាកលវិទ្យាល័យភូមិន្ទកសិកម្ម ទទួលបាននិស្សិតចូលរៀនទាំងបង់ថ្លៃ និងអាហារូបករណ៍ជាង ១ពាន់នាក់។ ក្រោយពីបញ្ចប់ការសិក្សា និស្សិតកសិកម្ម អាចបង្កើតកសិដ្ឋានដោយខ្លួនឯង ឬអាចចូលបម្រើការនៅតាមក្រសួងស្ថាប័ន និងក្រុមហ៊ុនឯកជនជាដើម៕
សកម្មភាពនិស្សិតកំពុងពិសោធន៍
លោក ហួន ថាវរៈ និងសាស្រ្តាចារ្យកសិកម្មជនជាតិកូរ៉េ។
ទិដ្ឋភាពសាកលវិទ្យាល័យភូមិន្ទកសិកម្ម ថតពីលើអាកាស
ទិដ្ឋភាពសាកលវិទ្យាល័យភូមិន្ទកសិកម្ម ថតពីលើអាកាស