ជាតិ
យុវជនសកម្ម សេវាល្អ
ឧត្តរមានជ័យ៖ អាជ្ញាធរសង្កាត់កូនគ្រៀល ចុះអប់រំពីបញ្ហាគ្រឿងញៀន ដល់ពលរដ្ឋជាប្រចាំ 20, Jan 2023 , 10:29 pm
×
ដោយ៖ ក្អម ស្រីឌី
ក្រុងសំរោង, ឧត្តរមានជ័យ៖ អាជ្ញាធរសង្កាត់កូនគ្រៀល បានចុះផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន ដល់ពលរដ្ឋដោយផ្ទាល់។ នេះជាការអះអាងរបស់ លោក ប៉ាត គីម មេប៉ុស្តិ៍សង្កាត់កូនគ្រៀល ដែលបន្ថែមថារយៈពេល៣ឆ្នាំនេះ បញ្ហាគ្រឿងញៀនក្នុងសង្កាត់កូនគ្រៀលថយចុះច្រើន។
លោក ប៉ាត គីម បានឱ្យដឹងថា សង្កាត់កូនគ្រៀល បានអនុវត្តគោលការណ៍នយោបាយភូមិឃុំសុវត្តិភាព ដែលអនុវត្តជាប្រចាំ ១ខែ ចំនួន ៤ទៅ៥ដងតាមស្ថានភាពជាក់ស្តែង។ មេប៉ុស្តិ៍រូបនេះ រៀបរាប់ដូច្នេះ៖ «នៅក្នុងគោលការណ៍រាជរដ្ឋាភិបាលដាក់ចេញ យុទ្ធសាស្រ្តធានាការផ្សព្វផ្សាយភូមិឃុំសុវត្ថិភាព ដើម្បីធ្វើឱ្យប្រជាពលរដ្ឋយល់ដឹងអំពីការប្រើប្រាស់គ្រឿងញៀន និងផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន។ ប៉ុស្ត៍នគរបាល បានចុះផ្សព្វផ្សាយរៀងរាល់ខែតាមបណ្តាភូមិនីមួយៗភូមិនេះម្តងភូមិនោះម្តង តាមខែហើយមានការចែកចាយលេខទូរសព្ទ ដល់ពួកគាត់ងាយស្រួលចូលរួមផ្តល់ព័ត៌មានពាក់ព័ទ្ធនិងការប្រើប្រាស់គ្រឿងញៀន ឬគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗជាច្រើនទៀត»។
លោក ប៉ាត គីម បន្ថែមថា បញ្ហាគ្រឿងញៀនក្នុងសង្កាត់ បានថយចុះ តាមរយៈមានយុទ្ធការផ្សព្វផ្សាយច្រើន លើសពីនេះ ពលរដ្ឋបានចូលរួមសហការល្អ។ ជាមួយគ្នានេះ លោកមេប៉ុស្ដិ៍សង្កាត់កូនគ្រៀល សំណូមពរឱ្យពលរដ្ឋកាន់តែច្រើនចូលរួមជាមួយអាជ្ញាធរ ជាពិសេសយុវជន ត្រូវចូលរួមយុទ្ធនាការផ្សព្វផ្សាយឱ្យបានច្រើន ដើម្បីរួមគ្មានលុបបំបាត់គ្រឿងញៀនក្នុងភូមិសង្កាត់។
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
© រក្សាសិទ្ធិដោយ thmeythmey.com