អន្តរជាតិ
ហេតុអ្វីរដ្ឋាភិបាលជប៉ុនត្រូវដោះស្រាយអត្រាកំណើតប្រជាជនជាបន្ទាន់?
24, Jan 2023 , 8:29 pm        
រូបភាព
នាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វូមីអូ នៅថ្ងៃទី២៣ ខែមករា បានព្រមានពីការកើតឡើងវិបត្តិសង្គមព្រោះតែអត្រាកំណើតធ្លាក់ចុះ។ មេដឹកនាំរូបនេះក៏បានជំរុញឱ្យរដ្ឋាភិបាលចាត់វិធានការទប់ស្កាត់ការថយចុះអត្រាប្រជាជនជាបន្ទាន់។


ការថយចុះអត្រាកំណើតប្រជាជន នៅតែជាបញ្ហាសម្រាប់ជប៉ុន ទោះជារដ្ឋាភិបាលព្យាយាមលើកទឹកចិត្តប្រជាជនឱ្យមានកូនកាន់តែច្រើន ជាមួយការសន្យាផ្ដល់ប្រាក់ឧបត្ថម្ភ និងផ្ដល់អត្ថប្រយោជន៍ពីការរៀបការនិងមានកូន។ យ៉ាងណាមិញ បញ្ហានេះនៅតែមិនទាន់អាចដោះស្រាយបានព្រោះនៅជប៉ុនដែលជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទី៣ ត្រូវការចំណាយលុយច្រើនដើម្បីចិញ្ចឹមកូន។ ចិន និងកូរ៉េខាងត្បូងជាប្រទេសនាំមុខជប៉ុន។ 
 
នាយករដ្ឋមន្ត្រីជប៉ុនលោក គីស៊ីដា ហ្វូមីអូ នៅថ្ងៃទី២៣ ខែមករា បានសន្យានឹងចាត់វិធានការជាបន្ទាន់ដើម្បីដោះស្រាយការថយចុះអត្រាកំណើតទារកដែលគំរាមកំហែងដល់ការបាត់បង់មុខងារសង្គមនៅជប៉ុនដែលមានប្រជាជនវ័យចំណាស់ច្រើនស្រាប់ហើយ។ 
 
«ប្រទេសរបស់យើងកំពុងស្ថិតនៅលើចំណុចរបត់ ថាតើយើងអាចរក្សាមុខងារសង្គមបានដែរឬទេ»។ លោក គីស៊ីដា និយាយបែបនេះក្នុងសុន្ទរកថាស្ដីពីគោលនយោបាយពេលបើកសម័យប្រជុំសភាឆ្នាំ២០២៣។ លោក​បាន​បន្ថែម​ថា ​គោល​នយោបាយ​ទាក់​ទង​នឹង​ការ​សម្រាលកូន និង​ការ​ចិញ្ចឹម​កូន ជា​បញ្ហា​ដែលត្រូវយកចិត្តទុកដាក់បន្ទាន់ ​ហើយមិន​អាច​រង់​ចាំ​បាន​ទៀត​ទេ។ 
បើតាមនាយករដ្ឋមន្ត្រីរូបនេះ ផែនការបង្កើនថវិកាទ្វេដងសម្រាប់គោលនយោបាយទាក់ទងនឹងកុមារនឹងត្រូវដាក់ចេញនៅខែមិថុនា ហើយទីភ្នាក់ងាររដ្ឋាភិបាលសម្រាប់កុមារ និងគ្រួសារ នឹងត្រូវបង្កើតឡើងនៅក្នុងខែមេសា ដើម្បីត្រួតពិនិត្យបញ្ហានេះ។
 
បើយោងតាមការប៉ាន់ស្មានផ្លូវការរបស់ក្រសួងសុខាភិបាល កាលពីឆ្នាំ២០២២ អត្រាកំណើតទារករបស់ជប៉ុនបានធ្លាក់ចុះដល់កម្រិតទាបបំផុត ដោយមានទារកកើតចំនួន៨០ម៉ឺននាក់ ដែលនេះជាចំនួនទាបបំផុតតាំងពីកំណត់ត្រាចាប់ផ្ដើមឆ្នាំ១៨៩៩។ ការធ្លាក់ចុះនេះកើតឡើងលឿនជាងការរំពឹងទុករបស់រដ្ឋាភិបាលដល់ទៅ៨ឆ្នាំ។
 
ការធ្លាក់ចុះអត្រាប្រជាជនត្រូវបានបណ្តាប្រទេសនានាមើលឃើញជាសញ្ញាគួរឱ្យព្រួយបារម្ភសម្រាប់សេដ្ឋកិច្ចពិភពលោក។ មិនត្រឹមតែជប៉ុនទេដែលធ្លាក់ចុះអត្រាកំណើត ប្រទេស​ផ្សេង​ទៀតដូចជាកូរ៉េខាងត្បូង​ក៏​បានធ្លាក់ចុះអត្រាកំណើតទារកដែរក្នុងឆ្នាំ ២០២២។ កាលពីសប្តាហ៍មុន ចិនបានរាយការណ៍ថាចំនួនប្រជាជនរបស់ខ្លួនបានធ្លាក់ចុះនៅឆ្នាំ២០២២ ជាលើកដំបូងបើគិតតាំងពីឆ្នាំ១៩៦១មក ដោយសារកំណើតទារកតិច បូករួមនិងអត្រាមនុស្សចាស់ជរា និងអត្រាមរណៈកើនឡើងពេលប្រទេសជួបវិបត្តិកូវីដ-១៩៕ 
 
 

Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com