ជាតិ
សម្ដេច ហ៊ុន សែន សម្រេចមិនយកពន្ធ ពីគ្រឹះស្ថានអប់រំឯកជន ៥ឆ្នាំទៀត
02, Feb 2023 , 9:59 pm        
រូបភាព
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងជំនួបជាមួយសមាគម គ្រឹះស្ថានឧត្តមសិក្សា។
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងជំនួបជាមួយសមាគម គ្រឹះស្ថានឧត្តមសិក្សា។
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាសម្រេចមិនយកពន្ធ ពីគ្រឹះស្ថានអប់រំឯកជន ៥ឆ្នាំទៀត ដើម្បីជួយដល់គ្រឹះស្ថានអប់រំទាំងនោះ ក៏ដូចជាលើកកម្ពស់វិស័យអប់រំឲ្យកាន់តែមានប្រសិទ្ធភាព។
 
លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានឲ្យដឹងថា សម្ដេចនាយករដ្ឋមន្ត្រីសម្រេចមិនយកពន្ធក៏ពិតមែន ប៉ុន្តែចំពោះពន្ធ៤មុខទៀត គឺត្រូវបង់។ ពន្ធដែលត្រូវបង់ គឺពន្ធលើប្រាក់បៀវត្សរ៍ ពន្ធកាត់ទុកលើការជួយទីតាំង ពន្ធអចលនទ្រព្យ និងពន្ធប៉ាតង់។ 
 
ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ចាត់ទុកការសម្រេចរបស់សម្ដេច ជាការជួយជំរុញគុណភាពវិស័យអប់រំនៅកម្ពុជា ដល់វិស័យគ្រឹះស្ថានអប់រំឯកជន។ លោក ហេង វ៉ាន់ដា ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាមយ៉ាងដូច្នេះ៖ «ការលើកលែងពន្ធនេះ ជារឿងមួយ សប្បាយចិត្ត។ យើងបានលុយទាំងនេះ ទៅអភិវឌ្ឍនិងពង្រឹងស្ថាប័នគ្រឹះស្ថានអប់រំ ឲ្យមានគុណភាពបន្ថែមទៀត។ បើអត់លុយយើងក៏មិនអាចពង្រឹងគុណភាពដែរ ហើយបើមានលុយពីការអនុគ្រោះពន្ធ យើងក៏ប្រមូលទៅពង្រឹងគុណភាពបន្ថែម»។
 
លោក ហេង វ៉ាន់ដា បានបន្ថែមថា ការសម្រេចរបស់សម្ដេច ហ៊ុន​ សែន ធ្វើឡើងស្របតាមការស្នើសុំរបស់សមាគមគ្រឹះស្ថានឧត្តមសិក្សា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនាព្រឹក ថ្ងៃទី១ កុម្ភៈ។ 
 
ការអនុគ្រោះពន្ធរយៈពេល៥ឆ្នាំនេះ គឺគិតពីឆ្នាំ២០២៤ ដល់២០២៨។ ចំពោះ វិស័យគ្រឹះស្ថានអប់រំឯកជននេះ ត្រូវបានរដ្ឋាភិបាលលើកលែងពន្ធចាប់តាំងពីឆ្នាំ១៩៩៦ គឺពេលដែលវិស័យនេះ ផ្ដើមមានវត្តមានក្នុងវិស័យអប់រំ។ បច្ចុប្បន្ននៅកម្ពុជា មានគ្រឹះស្ថានអប់រំឯកជនចំនួន១២៣ស្ថាប័ន។ នេះបើតាមការបញ្ជាក់របស់ លោក ហេង វ៉ាន់ដា៕ 
 

Tag:
 គ្រឹះស្ថានវិស័យអប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com