ជាតិ
សង្គមជាតិ
ក្រសួងដាក់គម្រោង ASPIRE-AT ដើម្បីជួយកសិករ ក្រោយជោគជ័យ ASPIRE 03, Feb 2023 , 12:16 pm
លោក ឌិត ទីណា រដ្ឋមន្រ្តីកសិកម្ម (ស្ដាំ) និងលោកស្រី Jyotsna Puri អនុប្រធានរងមូលនិធិអភិវឌ្ឍកសិកម្មអន្ដរជាតិ IFAD (ឆ្វេង)។ រូបពី លោក ឌិត ទីណា
× ភ្នំពេញ៖ ក្រោយជោគជ័យលើកម្មវិធី ASPIRE មូលនិធិអភិវឌ្ឍកសិកម្មអន្តរជាតិ (IFAD) បានព្រមព្រៀងបន្តកិច្ចសហការ ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើគម្រោងថ្មីមួយទៀត ដែលហៅថា ASPIRE-AT។ គម្រោងនេះ នឹងជួយបង្កើនប្រាក់ចំណូលដល់ គ្រួសារកសិករ និងពលករតាមជនបទ។
លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម និងលោកស្រី Jyotsna Puri អនុប្រធានរងមូលនិធិអភិវឌ្ឍកសិកម្មអន្ដរជាតិ IFAD កាលពីថ្ងៃទី ២ ខែកុម្ភៈ បានដាក់ឱ្យអនុវត្តគម្រោង ASPIRE-AT ចាប់ពីឆ្នាំ ២០២៣តទៅ។ កម្មវិធីផ្ដល់សេវាកម្មកសិកម្មនេះ អាចជួយជំរុញសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មកសិកម្មប្រកបដោយបរិយាបន្ន ដែលមានគោលបំណងបង្កើនប្រាក់ចំណូលគ្រួសារកសិករ និងពលករនៅជនបទ តាមរយៈកំណើនវិស័យកសិកម្មប្រកបដោយនិរន្ដរភាព និងបរិយាបន្ន និងផ្ដោតលើការនាំចេញ និងទីផ្សារក្នុងស្រុក។
មូលនិធិ IFAD និងក្រសួងកសិកម្ម បានធ្វើការងារជាមួយគ្នាអស់រយៈពេល ៧ឆ្នាំមកហើយ តាមរយៈគម្រោងផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ដែលទើបបានបញ្ចប់នៅចុងឆ្នាំ ២០២២។
ជាការរំពឹងទុក កម្មវិធី ASPIRE-AT នឹងផ្ដល់ផលដល់គ្រួសារកសិករខ្នាតតូចចំនួន ១២៥ ០០០ ដែលមានជីវភាពក្រីក្រ ឬក្បែរក្រីក្រ និងងាយធ្លាក់ក្នុងភាពក្រីក្រ ដោយសារការប្រែប្រួលអាកាសធាតុ ទីផ្សារកសិកម្ម ឬផលវិបាកផ្សេងៗ។ ពលរដ្ឋ ដែលទទួលផលពីកម្មវិធី ASPIRE-AT មានស្ដ្រីប្រមាណ ៥០ភាគរយ យុវជន ២០ភាគរយ និងជនជាតិដើមភាគតិចចំនួន ១,៥ភាគរយ៕
© រក្សាសិទ្ធិដោយ thmeythmey.com