ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
ក្រសួងការបរទេសកម្ពុជា ប្រតិកម្មនឹងអាម៉េរិក ដែលផ្តល់ពានរង្វាន់សិទ្ធិមនុស្សដល់កញ្ញា ឈឹម ស៊ីថរ
03, Feb 2023 , 3:29 pm        
រូបភាព
រូបកញ្ញា ឈឹម ស៊ីថរ ពីបណ្តាញសង្គម
រូបកញ្ញា ឈឹម ស៊ីថរ ពីបណ្តាញសង្គម
ដោយ៖ ទេពញាណ

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីបង្ហាញការយល់ឃើញរបស់ខ្លួន លើការផ្តល់ពានរង្វាន់សិទ្ធិមនុស្សពីសំណាក់មហាអំណាចអាម៉េរិក ទៅឲ្យនារីខ្មែរវ័យក្មេងម្នាក់ 
ដែលកំពុងជាប់ឃុំ គឺកញ្ញា ឈឹម ស៊ីថរ មេសហជីពនៃក្រុមអតីតបុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្កាវើលដ៍។

អ្នកនាំពាក្យការបរទេសកម្ពុជា ប្រតិកម្មដូច្នេះថា៖«ការប្រកាសរបស់ក្រសួងការបរទេសសហរដ្ឋអាម៉េរិក [ក្នុងការផ្តល់ពានរង្វាន់នេះ] មិនតំណាងឲ្យបំណងប្រាថ្នាពិតប្រាកដនៃប្រជាពលរដ្ឋកម្ពុជាភាគច្រើនទេ ព្រោះទង្វើបែបនេះ គឺជាសារជំរុញកម្លាំងដល់ក្រុមជាក់លាក់ ដែលត្រៀមខ្លួនរួចជាស្រេច កេងយកប្រយោជន៍ពីស្ថានការណ៍ ដើម្បីបម្រើរបៀបវារៈលាក់ពុតរបស់ខ្លួន ដែលពួនជ្រកក្រោមស្លាកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ»។
 
កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងការបរទេសអាម៉េរិក បានប្រកាសថា កញ្ញា ឈឹម ស៊ីថរ ស្ថិតក្នុងចំណោមបុគ្គល១០រូប ដែលបានក្លាយជាម្ចាស់ពានរង្វាន់ការពារសិទ្ធិសមនុស្សប្រចាំឆ្នាំ២០២២។ ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា សរសេរលើទំព័រហ្វេសប៊ុកថា ពានរង្វាន់ដ៏មានកិត្យានុភាពនេះ ទទួលស្គាល់បុគ្គលណា ដែលក្លាហាន និងមានភាពជាអ្នកដឹកនាំក្នុងការតស៊ូមតិ ដើម្បី​ការពារសិទ្ធិមនុស្ស។ ស្ថានទូតអាម៉េរិក អះអាងដូច្នេះថា៖«កញ្ញា ឈឹម ស៊ីថរ គឺជាអ្នកទីមួយនៃប្រទេសកម្ពុជា ដែលបានពានរង្វាន់នេះ»។ 
 
លោក ឃុន ថារ៉ូ មន្រ្តីសិទ្ធិមនុស្សនៃអង្គការសង់ត្រាល់ ចាត់ទុកការផ្តល់ពានរង្វាន់នេះ ថាជាការផ្តល់កិត្តិយស និងគុណតម្លៃដល់កញ្ញា ឈឹម ស៊ីថរ ដែលធ្វើសកម្មភាពលើកកម្ពស់សិទ្ធិមនុស្ស និងសិទ្ធិការងារ។ លោក បន្តថា សិទ្ធិទាំងនេះ គឺជាគុណតម្លៃស្នូលរបស់ប្រទេស ដែលប្រកាន់ខ្ជាប់គោលការណ៍សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ 
 
មន្រ្តីសិទ្ធិមនុស្សរូបនេះ ឆ្លើយតបនឹងសារព័ត៌មានថ្មីៗតាមបណ្តាញតេឡេក្រាមដូច្នេះថា៖«[ការផ្តល់] ពានរង្វាន់នេះ ជាការលើកទឹកចិត្តបន្ថែមដល់សកម្មជន និងអ្នកការពារសិទ្ធិមនុស្សដទៃទៀត ក្នុងការចូលរួមសកម្មភាពដើម្បីបុព្វហេតុសិទ្ធិមនុស្ស និងសិទ្ធិការងារនៅកម្ពុជា»។ 
 
តាមរយៈសេចក្តីថ្លែងការណ៍ដដែល អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បញ្ចេញមតិទៀតថា ពានរង្វាន់ខាងលើ មិនមែនជាមធ្យោបាយស្របច្បាប់ សម្រាប់ការពារខ្លួនក្នុងតុលាការនៃប្រទេសណាមួយឡើយ។ អ្នកនាំពាក្យ ផ្តល់យោបល់ថា មធ្យោបាយស្របច្បាប់ គឺការចូលរួមក្នុងដំណើរការកាត់ក្តី និងផ្តល់ទឡ្ហីករណ៍ផ្លូវច្បាប់ជាមួយភស្តុតាងរឹងមាំ ដើម្បីដោះបន្ទុក។ 
 
សូមរម្លឹកថា កញ្ញា ឈឹម ស៊ីថរ ត្រូវចាប់ខ្លួនដល់ទៅ២លើក។ លើកទីមួយ កញ្ញា ត្រូវចាប់ខ្លួន កាលពីដើមឆ្នាំ២០២២ ក្រោមបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម ដោយសារដឹកនាំក្រុមអតីតបុគ្គលិកក្រុមហ៊ុនណាហ្កាវើលដ៍ ដើម្បីតវ៉ានឹងក្រុមហ៊ុននេះ។ ជាប់ពន្ធនាគារបានប្រមាណ២ខែ កញ្ញា ក៏ត្រូវដោះលែងឲ្យនៅក្រៅឃុំ តែនៅជិតដំណាច់ឆ្នាំ២០២២ កញ្ញា ត្រូវចាប់យកទៅឃុំវិញ បន្ទាប់ពីវិលមកពីប្រទេសអូស្ត្រាលី។  
 
តុលាការ បំភ្លឺថា កញ្ញា ចេញទៅក្រៅប្រទេសដោយពុំសុំការអនុញ្ញាតពីតុលាការ។ តុលាការ បំភ្លឺទៀតថា ការចេញទៅក្រៅប្រទេសនេះ គឺបំពាននឹងបម្រាមរបស់តុលាការ ដ្បិតកញ្ញា ត្រូវតុលាការ ដាក់ឲ្យស្ថិតក្រោមការឃ្លាំមើល និងហាមមិនឲ្យចេញក្រៅបរទេសឡើយ បើទោះបីជាកញ្ញា ត្រូវបានដោះលែងក្តី។ បច្ចុប្បន្ន កញ្ញា កំពុងជាប់ឃុំនៅពន្ធនាគារព្រៃស៕ 
 
 

Tag:
 កញ្ញា ឈឹម ស៊ីថរ
© រក្សាសិទ្ធិដោយ thmeythmey.com